បេសកជនសហរដ្ឋអាមេរិកលោក Keith Kellogg បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានីកៀវកាលពីថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែ មិនមានព័ត៌មានភ្លាមៗថាតើពួកអស់លោកបានធ្វើឱ្យធូរស្រាលនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនដែរឬទេបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky មានពាក្យសម្តីសៀតស៊កគ្នានៅសប្តាហ៍នេះអំពីសង្គ្រាមរយៈពេល៣ឆ្នាំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោក Kellogg បាននិយាយបន្ទាប់ពីបានទៅដល់រដ្ឋធានីអ៊ុយក្រែនថាលោកបានស្ថិតនៅទីនោះដើម្បីស្តាប់ទស្សនៈរបស់លោកប្រធានាធិបតី Zelenskyy បន្ទាប់ពីពួកមន្ត្រីនៅក្នុងរដ្ឋធានីកៀវបានសម្តែងនូវកំហឹងរបស់ពួកគេចំពោះការផាត់ពួកគេចេញនៅសប្តាហ៍នេះនៅពេលដែលពួកអ្នកការទូតកំពូលសហរដ្ឋអាមេរិកនិងរុស្ស៊ីបានជួបគ្នានៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចរចាបញ្ចប់ការប្រយុទ្ធគ្នា។
បន្ទាប់ពីលោក Kellogg បានជួបជាមួយលោកប្រធានាធិបតី Zelenskyy ឥស្សរជនទាំងពីរត្រូវគេរំពឹងថានឹងធ្វើសន្និសីទកាសែត ក៏ប៉ុន្តែ ភាគីអ៊ុយក្រែននិយាយថាភាគីអាមេរិ កាំងបានស្នើឱ្យលុបចោលសន្និសីទនោះ។
លោកប្រធានាធិបតី Trump និងលោក Zelenskyy បានវាយប្រហារគ្នាជាពាក្យសំដីទៅវិញទៅមកនៅសប្តាហ៍នេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបន្ទរដល់ការវាយប្រហាររបស់រុស្ស៊ីដោយបានហៅលោក Zelenskyy ថាជា«ជនផ្តាច់ការដោយគ្មានការបោះឆ្នោត» ខណៈដែលលោក Zelenskyy បានចោទប្រកាន់លោក Trump ថាកំពុងរស់នៅក្នុង«ទីកន្លែងព័ត៌មានក្លែងក្លាយ»នៃឥទ្ធិពលរុស្ស៊ីនៅពេលដែលមេដឹកនាំសហរដ្ឋអាមេរិកនិយាយថាអ៊ុយក្រែនបានចាប់ផ្តើមសង្គ្រាមនេះ។ តាមពិតរដ្ឋាភិបាលក្រុងមូស្គូដែលបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពី៣ឆ្នាំមុននៅសប្តាហ៍ក្រោយនេះ។
អ៊ុយក្រែនភ័យខ្លាចថាលោក Trump កំពុងចាត់វិធានការដោះស្រាយសង្គ្រាមលើលក្ខ ខណ្ឌមួយដែលលម្អៀងទៅរដ្ឋាភិបាលរុស្ស៊ី។ រុស្ស៊ីនៅពេលបច្ចុប្បន្ននេះត្រួតត្រាប្រហែល១ភាគ៥នៃទឹកដីរបស់អ៊ុយក្រែនដែលទទួលស្គាល់ដោយអន្តរជាតិ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បានប្រាប់ជំនួបរបស់សកម្មជនអភិរក្សនិយមនៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ថាលោកប្រធានា
ធិបតី Trump «ចង់ឱ្យបញ្ឈប់ការសម្លាប់រង្គាល»នៅក្នុងប្រទេសអ៊ុយក្រែនហើយថា«សន្តិភាពជាផលប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិកាំង»៕