សមាជិករដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃអង្គារម្សិលមិញបានបោះឆ្នោតអនុម័តកញ្ចប់ថវិកាដែលមានទឹកប្រាក់ប្រមាណ៤០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានថា ប្រទេសរុស្ស៊ីទំនងជានឹងបន្តសង្គ្រាមដ៏វែងរបស់ខ្លួននៅក្នុងប្រទេសជិតខាងរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
កញ្ចប់ជំនួយថវិកាសម្រាប់វិស័យការពារជាតិ សេដ្ឋកិច្ចនិងមនុស្សធម៌សម្រាប់ប្រទេសអ៊ុយក្រែនត្រូវបានសភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ៣៦៨ទល់នឹង៥៧សំឡេង ដោយមេដឹកនាំនៃគណបក្សទាំងពីរនៅក្នុងរដ្ឋសភាអាមេរិកបានព្រមព្រៀងគ្នារួចជាស្រេចហើយនៅក្នុងកញ្ចប់សំណើថវិកានេះ។ កញ្ចប់ជំនួយថវិកានេះ ទំនងជាអាចទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះឬក៏សប្តាហ៍ក្រោយ។
ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi បានប្រាប់សមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យរបស់លោកស្រីមុនពេលបោះឆ្នោតអនុម័តថា៖ «ដោយមានកញ្ចប់ថវិកាជំនួយនេះ សហរដ្ឋអាមេរិកបានផ្ញើសារដ៏ខ្លាំងមួយទៅកាន់ពិភពលោកអំពីការប្តេជ្ញាចិត្តមិនងាករេរបស់ខ្លួនដើម្បីឈរជាមួយពលរដ្ឋអ៊ុយក្រែនដ៏ក្លាហានរហូតដល់ទទួលបានជ័យជម្នះ»។
មេដឹកនាំសភាអាមេរិកបានសម្រេចនូវកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទដើម្បីអនុម័តកញ្ចប់ថវិកាដែលមានចំនួនប្រមាណ៦,៨ពាន់លានដុល្លារលើសពីចំនួន៣៣ពាន់លានដុលា្លរដែលបានស្នើក្នុងពេលកន្លងទៅដោយសេតវិមានដើម្បីជួយដល់ប្រទេសអ៊ុយក្រែនដែលស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងកើតក្នុងការទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រសិនបើកញ្ចប់ជំនួយថវិកានេះត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័តយល់ព្រមដូចតាមការរំពឹងមែននោះ ការផ្តល់ជំនួយរបស់អាមេរិកដើម្បីជួយវិស័យការពារជាតិរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីនោះ ក៏ដូចជាការដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះនឹងមានចំនួនសរុបទាំងអស់ប្រមាណ៥៤ពាន់លានដុល្លារ។
សេតវិមានបានស្វាគមន៍ការបោះឆ្នោតគាំទ្ររបស់រដ្ឋសភាអាមេរិកកាលពីថ្ងៃអង្គារហើយបានហៅថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការជួយប្រទេសអ៊ុយក្រែននៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕