ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បតិ្តបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក OFAC បានប្រកាសឈ្មោះស្ថាប័ននិងបុគ្គលរុស្ស៊ីមួយចំនួនដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ទៅលើការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដែលក្នុងនោះរួមមានសមាជិកនៃគណៈអភិបាលនៃធនាគារដ៏សំខាន់ពីររបស់រុស្ស៊ី ធនាគារមួយដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីនិងសាខា១០ទៀតរបស់ធនាគារនេះ រោងចក្រផលិតអាវុធមួយដែលគាំទ្រដោយរុស្ស៊ីនិងស្ថានីយទូរទស្សន៍រដ្ឋចំនួន៣ដែលរកលុយឱ្យរដ្ឋរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក។
ការិយាល័យ OFAC ក៏កំពុងចាត់វិធានការផងដែរដើម្បីកាត់ផ្តាច់សេវាកម្មដែលប្រើប្រាស់ដោយសហព័ន្ធរុស្ស៊ីនិងឥស្សរជនរុស្ស៊ីមួយចំនួនដែលព្យាយាមគេចវេសពីការដាក់ទណ្ឌកម្មនោះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet L. Yellen បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ថ្ងៃនេះ យើងបានដាក់ដាក់ទណ្ឌកម្មបន្ថែមទៀតលើសេដ្ឋកិច្ចនិងការប្រើប្រាស់សេវាកម្មនិងបច្ចេកវិទ្យាដែលរុស្ស៊ីត្រូវការប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានដែលគ្មានហេតុផលនៅក្នុងប្រទេសអ៊ុយក្រែន»។
សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា៖ «ការរារាំងរុស្ស៊ីមិនឱ្យប្រើប្រាស់សេវាកម្មរបស់សហរដ្ឋអាមេរិកនឹងបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលវិមានក្រឹមឡាំងនិងកាត់ផ្តាច់លទ្ធភាពរបស់រុស្ស៊ីក្នុងការគេចវេសការដាក់ទណ្ឌកម្មដែលបានធ្វើឡើងដោយសហរដ្ឋអាមេរិកនិងដៃគូរបស់យើង។ យើងក៏កំណត់គោលដៅលើលទ្ធភាពរបស់លោក Putin ក្នុងការប្រមូលប្រាក់ចំណូលដែលជួយដល់ការធ្វើសង្គ្រាមឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាស្ថានប័ននិងបុគ្គលដឹកនាំមួយចំនួនរបស់ស្ថាប័នទាំងនោះ ដែលបានជួយឧបត្ថម្ភដល់សកម្មភាពបំផ្លិចបំផ្លាញរបស់លោក Putin នៅក្នុងប្រទេសអ៊ុយក្រែន»។
សហរដ្ឋអាមេរិកក៏បានរឹតបន្តឹងលើការផ្តល់ទិដ្ឋាការប្រមាណ២.៦០០ករណីលើមន្ត្រីរុស្ស៊ីនិងបេឡា រុសនិងបានដាក់ចេញគោលការណ៍រឹតបន្តឹងទិដ្ឋាការថ្មីមួយដែលអនុវត្តទៅលើមន្ត្រីយោធានិងអាជ្ញា ធររុស្ស៊ីដែលត្រូវបានសង្ស័យថាបានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយ៕