ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានគម្រោងនឹងត្រួតក្បួនព្យុហយាត្រានៅថ្ងៃចន្ទនេះនៅក្នុងទីក្រុងមូស្គូ ហើយនឹងថ្លែងសុន្ទរកថាដែលនឹងត្រូវពិនិត្យមើលយ៉ាងដិតដល់អំពីការបន្តឈ្លានពានរបស់យោធារបស់លោកនៅក្នុងប្រទេសអ៊ុយក្រែននោះ។
ព្រឹត្តិការណ៍នៅថ្ងៃចន្ទនេះ គឺរំឭកដល់ការបរាជ័យរបស់កងទ័ពណាហ្ស៊ីអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី២។ លោក Putin បានចាត់ទុកការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនថាជាកិច្ចប្រតិបត្តិការពិសេសមួយដើម្បី «កម្ចាត់» របបណាហ្ស៊ី ខណៈដែលអ៊ុយក្រែននិងសម្ពន្ធមិត្តលោកខាងលិចនិយាយថា លោក Putin បានផ្តើមសង្គ្រាមមិនត្រឹមត្រូវនិងគ្មានសមហេតុផល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានប្រាប់កម្មវិធី« State of the Union»នៃទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា រុស្ស៊ីមិនមានអ្វីដែលត្រូវ«ប្រារព្ធ» អំពីការឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននោះទេហើយរុស្ស៊ី«បានទទួលជោគជ័យតែប៉ុណ្ណោះនៅក្នុងការធ្វើឱ្យខ្លួនឯងនៅឯកោពីសហគមន៍អន្តរជាតិ»។
នៅពេលដែលរុស្ស៊ីផ្តោតលើការវាយប្រហារលើតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន រុស្ស៊ីបានទម្លាក់គ្រាប់បែកលើសាលារៀននៅក្នុងខេត្ត Luhansk។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃអាទិត្យថា «លទ្ធផលនៃការវាយប្រហារលើទីក្រុង Bilohorivka ក្នុងតំបន់ Luhansk បានសម្លាប់មនុស្សប្រហែល៦០នាក់ជាជនស៊ីវិល ដែលបានលាក់ខ្លួននៅឯសាលារៀនដើម្បីគេចចេញពីការបាញ់ផ្លោងរបស់រុស្ស៊ីនោះ»។
អភិបាលតំបន់ Luhansk លោកSerhiy Haidai បានសរសេរនៅលើ Telegram ថា មនុស្ស៣០នាក់បានត្រូវសង្គ្រោះចេញពីទីកន្លែងនោះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Financial Times ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប គួរតែពិចារណាការរឹបអូសប្រាក់បម្រុងបរទេសរបស់រុស្ស៊ី ដែលបង្កកដើម្បីជួយកិច្ចខំប្រឹងប្រែងដើម្បីស្ថាបនាប្រទេសអ៊ុយក្រែនក្រោយសង្គ្រាមឡើងវិញ។
លោកប្រធានាធិបតី Zelenskyy បានជួបតាមអនឡាញកាលពីថ្ងៃអាទិត្យជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ហើយនិងមេដឹកនាំក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនជាងគេបំផុតដែលហៅថា G-7 ដែលមានចក្រភពអង់គ្លេស កាណាដា បារាំង អ៊ីតាលី ជប៉ុននិងអាល្លឺម៉ង់។ ក្រុមប្រទេសទាំងនេះបានសន្យាផ្តល់ប្រាក់រាប់ពាន់លានដុល្លារជាជំនួយយោធាដល់ប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។