កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកគ្រោងដឹកវ៉ាក់សាំង Pfizer ចំនួន៣៥.១០០ដូសទៅឲ្យប្រទេសកូសូវ៉ូតាមកម្មវិធី COVAX ដែលជាយន្តការចែកវ៉ាក់សាំងរបស់អង្គការសហប្រជាជាតិ។ នេះបើតាមមន្ត្រីសេតវិមានបានប្រាប់វីអូអេ។
វ៉ាក់សាំងទាំងនេះជាផ្នែកមួយនៃការទិញវ៉ាក់សាំង Pfizer ចំនួន៥រយលានដូសដោយរដ្ឋបាលលោកប្រធានាធិបតី Joe Biden នៅដើមឆ្នាំនេះ។
ប្រទេសកូសូវ៉ូកំពុងប្រឈមកំណើនយ៉ាងខ្លាំងនូវការឆ្លងម្តងទៀត ដែលភាគច្រើនបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទដែលតា(delta)។ មានការបញ្ជាក់ការឆ្លងជំងឺកូវីដ១៩ចំនួន១២០.៨៦២ករណី ដោយមានមនុស្សស្លាប់២.២៩៥នាក់។ នេះតាមសាកលវិទ្យាល័យ Johns Hopkins។ វ៉ាក់សាំងមិនដល់៥៥០.០០០ដូសទេត្រូវបានចាក់នៅក្នុងប្រទេសនោះ។
បន្ថែមពីប្រាក់ចំនួន២ពាន់លានដុល្លារបរិច្ចាគឲ្យកម្មវិធី COVAX រដ្ឋបាលរបស់លោក Biden បានសន្យាទិញវ៉ាក់សាំង Pfizer ចំនួន៥រយលានដូស ហើយចែកចាយវ៉ាក់សាំងទាំងនោះនៅឆ្នាំនេះ ទៅឲ្យប្រទេសចំនួន៩២ដែលមានប្រាក់ចំណូលទាប ដែលជាសមាជិករបស់ COVAX និងសហភាពអាហ្វ្រិក។ នេះជាតួលេខទិញ និងបរិច្ចាគវ៉ាក់សាំងច្រើនបំផុតរបស់ប្រទេសតែមួយ។
រហូតមកទល់ពេលនេះ ពលរដ្ឋចំនួន១,៣% នៅក្នុងបណ្តាប្រទេសក្រីក្រ បានចាក់វ៉ាក់សាំងកូវីដ១៩មួយដូស យ៉ាងតិច។
លោកប្រធានាធិបតី Biden បានច្រានចោលការរិះគន់ដែលថា សហរដ្ឋអាមេរិកកំពុងធ្វើមិនដឹងមិនឮ ដែលប្រទេសជាច្រើននៅជុំវិញពិភពលោកមិនទាន់បានចាក់ថ្នាំបង្ការ សូម្បីមួយដូស៕