លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមន្រ្តីជាន់ខ្ពស់និងស្ថាប័នពាក់ព័ន្ធទាំងអស់ បញ្ឈប់ការស្នើសុំវ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនីកា(AstraZeneca)មកចាក់បង្ការដល់អ្នកដែលបានចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកាពីរដូសរួចហើយ។
ការអំពាវនាវរបស់នាយករដ្ឋមន្រ្តីក្នុងសារសំឡេងមួយដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោក ដោយសារតែលោកអះអាងថាមានការស្នើសុំវ៉ាក់សាំងអាស្រ្តាហ្សេនីកាសម្រាប់ចាក់ជាដូសទី៣ដល់មន្រ្តីជាន់ខ្ពស់ជាបន្តបន្ទាប់។ នាយករដ្ឋមន្រ្តីបញ្ជាក់ថាដូសទី៣ប្រភេទអាស្រ្តាហ្សេនីកានេះ ប្រើប្រាស់សម្រាប់តែក្រុមជួរមុខ និងអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម(Sinopharm) ឬស៊ីណូវ៉ាក់(Sinovac)តែប៉ុណ្ណោះ មិនមែនសម្រាប់អ្នកចាក់អាស្រ្តាហ្សេនីកាឡើយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «សង្ឃឹមថាឯកឧត្តម លោកជំទាវ លោកឧកញ៉ាអស់លោកលោកស្រីដែលបានចាក់អាស្រ្តាហ្សេនីកាពីរដូសរួចមកហើយ សូមរង់ចាំឲ្យមានការសិក្សា និងសូមរង់ចាំឲ្យអាស្រ្តាហ្សេនីកាបានមកដល់លើកក្រោយ»។
នៅពេលកម្ពុជាទទួលបានវ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនីកា តាមយន្តការកូវ៉ាក់(Covax) ជាង៣២ម៉ឺនដូស កាលពីដើមខែមីនា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់វ៉ាក់សាំងប្រភេទនេះចាក់ដល់អ្នកមានអាយុ៦០ឆ្នាំឡើង ដែលអាចចាក់បានជាង១៦ម៉ឺននាក់ ក្នុងនោះមានមន្រ្តីរដ្ឋាភិបាល និងស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា ដែលមានអាយុជាង៦០ឆ្នាំ។
លោក ហ៊ុន សែន បានបញ្ជាក់ថាវ៉ាក់សាំងអាស្រ្តាហ្សេនីកាដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងអង់គ្លេសផ្តល់មកកម្ពុជា កាលពីកន្លងទៅ ក៏មិនទាន់មានចំនួនគ្រប់គ្រាន់សម្រាប់ចាក់ឲ្យបានគ្រប់គ្នានោះទេ ដូច្នេះក្រុមជួរមុខ និងតំបន់ដែលប្រឈមនឹងវីរុសបំប្លែងថ្មីដែលតា(Delta)ជាក្រុមអាទិភាព៕