ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​រដ្ឋ​អាមេរិក​បាន​ដឹក​វ៉ាក់សាំង​​​កូវីដ១៩​​ចំនួន​១១០​លាន​ដូស​ឲ្យ​ប្រទេស​ចំនួន​៦៥


នៅ​ក្នុង​រូបថត​ដែល​គ្មាន​កាលបរិច្ឆេទ​នេះ បង្ហាញ​ពី​តំណាង​រដ្ឋាភិបាលតង់ហ្សានី​ទទួល​អំណោយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ពី​សហរដ្ឋ​អាមេរិក ដែល​មាន​លោក​ឯកអគ្គរដ្ឋទូត Donald Wright ជាតំណាង។
នៅ​ក្នុង​រូបថត​ដែល​គ្មាន​កាលបរិច្ឆេទ​នេះ បង្ហាញ​ពី​តំណាង​រដ្ឋាភិបាលតង់ហ្សានី​ទទួល​អំណោយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ពី​សហរដ្ឋ​អាមេរិក ដែល​មាន​លោក​ឯកអគ្គរដ្ឋទូត Donald Wright ជាតំណាង។

ដោយ​ហៅការ​បរិច្ចាគ​វ៉ាក់សាំង​កូវីដ​១៩​ទៅ​ឲ្យ​ប្រទេស​ដទៃ​ជា​រឿង​ដ៏​សំខាន់​មួយ​ លោក​ប្រធានាធិបតី​ ​Joe Biden​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា​ សហ​រដ្ឋ​អាមេរិក​បាន​ដឹក​ជញ្ជូនវ៉ាក់សំាង​កូវីដ​១៩ជាង​១១០​លាន​ដូស​ទៅ​ឲ្យ​ប្រទេសចំនួន​៦៥​នៅ​លើ​ពិភព​លោក​ ដែល​រងគ្រោះ​ខ្លាំង​ដោយ​សារ​ជំងឺ​កូវីដ១៩​នោះ។ ​

លោក​ប្រធានាធិបតី ​Biden ​បាន​ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ថា៖ ​«ការ​ផ្តល់​វ៉ាក់សាំង​ជំងឺកូវីដរបស់​អាមេរិក​មាន​ចំនួន​ច្រើន​ជាង​ការ​ផ្តល់​របស់​ប្រទេស​ចំនួន​២៤​ ដែលបាន​ផ្តល់​វ៉ាក់សាំង​ទៅ​ឲ្យ​ប្រទេស​នានា​ រួម​ទាំង​ការ​ផ្តល់​ដោយ​ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ផង​ដែរ»។ ​

លោក​ប្រធានាធិបតី​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ទាម​ទារ​អ្វី​ ចំពោះ​ការផ្តល់​វ៉ាក់សាំង​ទៅ​ឲ្យ​ប្រទេស​ទាំង​នោះ​ទេ។​

លោក​និយាយ​ថា៖ «ការផ្តល់​វ៉ាក់សាំងនេះ​មិន​ប្រកាន់​បក្សពួក​ និន្នាការ​អ្វី​ឡើយ​ និង​មិន​មាន​ចំណង​លក្ខខណ្ឌ​អ្វីឡើយ។ យើង​ធ្វើ​ការ​ផ្តល់​នេះ​គឺ​ដើម្បីសង្គ្រោះ​ជីវិត​មនុស្ស​ និង​បញ្ចប់​ជំងឺឆ្លង​រាតត្បាត​មួយនេះ»។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ថា តើ​ប្រទេស​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់​គួរធ្វើ​ដូច​សហ​រដ្ឋ​អាមេរិក​ដែរ​ឬ​យ៉ាង​ណា​នោះ លោក​ប្រធានាធិបតី​ឆ្លើយ​ថា «​ខ្ញុំ​គិត​ថា​ ប្រទេសដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ទាំង​នោះ​ ដែល​អាច​មាន​លទ្ធភាពចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ ហើយ​មាន​លទ្ធភាព​អាច​ជួយផ្តល់​ប្រាក់​ ឬ​វ៉ាក់សាំង​កូវីដ​ដល់​ប្រទេស​ក្រី​ក្រ​ប្រហែល​១០០​ប្រទេស​ដែល​ត្រូវ​ការ​ជំនួយ​នោះ​ គួរ​តែធ្វើ​ដូច​អាមេរិក​ដែរ»។

លោកBidenនិយាយ​ថា ប្រទេស​មួយ​ចំនួន​នៃ​ក្រុម​ប្រទេស​ G7 ​ដែល​មានមាន​ឧស្សាហកម្ម​ជឿន លឿន ​បាន​សន្យា​ធ្វើ​ដូច​នេះ​ នៅ​ក្នុង​ជំនួប​កំពូល​នា​ពេល​ថ្មីៗ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ហើយ​បាន​អនុវត្ត​នូវ​ការ​សន្យា​នោះ»។

លោក​ប្រធានាធិបតីក៏​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​រក្សានូវ​ការបេ្តជ្ញា​ចិត្ត​របស់​យើង ហើយ​យើង​ធ្វើ​នូវ​អ្វី​ដែល​យើង​បាន​និយាយ។ ជំនួយ​របស់​យើង​រហូត​មក​ដល់​ពេល​នេះមាន​ទំហំ​ច្រើន​ជាង​ជំនួយ​ប្រទេស​នានា​បូក​បញ្ចូល​រួម​គ្នា»។​

វ៉ាក់សាំង​ជំនួយ​របស់​អាមេរិក​ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​នានាតាម​រយៈ​កម្មវិធី Covax ​ចាត់ចែង​ដោយអង្គការ​សុខភាព​ពិភព​លោក​ ក៏​ដូច​ជា​តាម​រយៈដៃគូក្នុង​តំបន់​ ដូច​ជាសហភាព​អាហ្វ្រិក​ និង​សហគមន៍​ការ៉ាអ៊ីប​ជា​ដើម៕ ​

XS
SM
MD
LG