អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនកំពុងរៀបចំដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិកដល់ប្រជាពលរដ្ឋជនជាតិភាគតិច បន្ថែមលើវ៉ាក់សាំងដែលមានស្រាប់។ នេះបើយោងតាមមន្រ្តីពាក់ព័ន្ធ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ដែលផ្តល់ដោយអាមេរិកតាមយន្តការកូវ៉ាក់ ចាក់ដល់ប្រជាពលរដ្ឋជនជាតិភាគតិច ដោយសារតែវ៉ាក់សាំងប្រភេទនេះ គឺតម្រូវឲ្យចាក់តែមួយដូស ដូច្នេះវាអាចជាការសម្រួលដល់មន្រ្តីសុខាភិបាលនិងពលរដ្ឋជនជាតិភាគតិច។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំចង់ឲ្យបងប្អូនជនជាតិនៅតំបន់ជនជាតិភាគតិច នៅស្ទឹងត្រែង នៅរតនគិរី នៅព្រះវិហារ នៅតំបន់ជនជាតិភាគតិចដទៃទៀតបានទទួលអា Johnson & Johnson នេះ ព្រោះវាងាយស្រួលចាក់។ អា Johnson & Johnson ចាក់តែមួយដូសទេ។ អញ្ចឹងកុំឲ្យពេទ្យយើងទៅយូរ។ សម្រួលឲ្យពេទ្យយើងបានម្ខាង សម្រួលឲ្យប្រជាពលរដ្ឋជនជាតិភាគតិចនោះបានម្ខាង»។
លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ប្រាប់VOAនៅថ្ងៃពុធនេះថាយុទ្ធនាការចាក់វ៉ាក់សាំងJohnson & Johnson នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយសារពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំផែនការ។ លោកបន្តថាយុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងផ្តោតទៅលើស្រុកចំនួន៣ដូចជាអណ្តូងមាស អូរយ៉ាដាវ វើនសៃ ដែលលោកថាមានពលរដ្ឋជនជាតិភាគតិចយ៉ាងតិច៥ម៉ឺននាក់។
លោកបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលបានកំណត់គោលដៅរួចជាស្រេច ហើយយើងនឹងចាប់រៀបចាក់គាត់នៅពេលខាងមុខឆាប់ៗនេះហើយ។ គឺចាក់តែមួយដូសទេ គឺយើងចាប់ផ្តើមដំបូងបំផុតនៅស្រុកអណ្តូងមាស បន្ទាប់មកយើងចេញមកស្រុកអូរយ៉ាដាវ ព្រោះយើងចាក់តែមួយដូសទេ យើងចាក់ឲ្យលឿនបំផុត ហើយបន្ទាប់មក គឺស្រុកអូរយ៉ាដាវ និងវើនសៃ ដូចនេះយើងមានគោលដៅរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាលគេដាក់រួចហើយ»។
លោកបន្ថែមថាយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងខេត្តរតនគិរី បានចាប់ផ្តើម តាំងពីថ្ងៃទី១៣ ខែមិថុនា ដែលក្នុងនោះមានជនជាតិដើមភាគតិចមួយចំនួនក៏ទទួលបានវ៉ាក់សាំងរួចហើយ ដែលភាគច្រើនប្រើប្រាស់វ៉ាក់សាំងរបស់ចិន។
ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីឲ្យដឹងទៀតថាមកទល់ពេលនេះ ចំនួនពលរដ្ឋក្នុងខេត្តដែលទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស មានជាង៦ម៉ឺននាក់។ លោកបញ្ជាក់ថាខេត្តរតនគិរីមានពលរដ្ឋអាយុ១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំងសរុបប្រមាណ១២ម៉ឺននាក់ ដែលក្នុងនោះជាង៨០%ជាជនជាតិដើមភាគតិច។
ចំណែកលោក ម៉ែន គង់ អ្នកនាំពាក្យមួយរូបរបស់សាលាខេត្តស្ទឹងត្រែង ប្រាប់VOAថានាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងត្រៀមផ្តល់វ៉ាក់សាំង Johnson & Johnson ដល់ពលរដ្ឋជនជាតិភាគតិចជាបន្តបន្ទាប់ ស្របជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងខេត្តដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមិថុនា។
លោកបញ្ជាក់ថា៖ «ត្រៀមចាក់ហើយ បងប្អូនជនជាតិភាគតិចយើង។ គាត់បានមកចាក់ហើយ។ អញ្ចឹងទៅJohnson & Johnson ដែលដឹកមកខេត្តស្ទឹងត្រែងហ្នឹង គឺអាចមានសម្រាប់ការចាក់វ៉ាក់សាំងជូនបងប្អូនជនជាតិដើមភាគតិចក៏ចាក់ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកងាយរងគ្រោះហ្នឹងក៏ចាក់ បងប្អូនប្រជាពលរដ្ឋទូទៅក៏ចាក់ដែរ តែយើងធ្វើផែនការទៅតាមភូមិបាទ»។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣ ខែសីហា អាជ្ញាធរសុខាភិបាលបានចាក់វ៉ាក់សាំងប្រភេទ Johnson & Johnson ដល់ប្រជាពលរដ្ឋប្រមាណ៣ម៉ឺននាក់។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងជាអ្នកនាំពាក្យរបស់សាលាខេត្ត បានប្រាប់ VOA ថាមកទល់ពេលនេះ ខេត្តមណ្ឌលគិរីបានផ្តល់វ៉ាក់សាំងយ៉ាងតិចមួយដូសជូនពលរដ្ឋបានជាង៣ម៉ឺននាក់ សម្រាប់វ៉ាក់សាំង Sinovac និងវ៉ាក់សាំង AstraZeneca។
លោកមិនទាន់មានព័ត៌មានអំពីផែនការចាក់វ៉ាក់សាំង Johnson & Johnson ដល់ជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីនៅឡើយទេ។ លោកបង្វែរសំណួរមកកាន់មន្ទីរសុខាភិបាលខេត្តជំនួសវិញ។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីបាននៅឡើយទេ។
VOA ក៏មិនអាចសុំការឆ្លើយតបពីអ្នកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេនៅថ្ងៃពុធនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍនិងសន្តិភាព បានប្រាប់ VOA ថាត្រូវមានការយល់ដឹងពីជនជាតិដើមភាគតិចពាក់ព័ន្ធនឹងទំនៀមទម្លាប់របស់ពួកគេ និងការផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យពួកគេអាចចូលរួមបានពេញលេញក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។
«វាជាដំណោះស្រាយល្អហើយ ដែលរដ្ឋាភិបាលគិតគូរដល់ជនជាតិដើមភាគតិចដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះបាទ។ វាជាផែនការមួយដ៏ល្អ ប៉ុន្តែជាមួយគ្នានេះដែរ គឺត្រូវធ្វើដូចម្តេចឲ្យគាត់បានយល់ដឹងពីបញ្ហាហ្នឹង។ ហើយនឹងផ្តល់ព័ត៌មានដល់ពួកគាត់ឲ្យបានគ្រប់ជ្រុងជ្រោយ»។
លោកបន្តថា ការផ្តល់ព័ត៌មានមិនពេញលេញអាចនាំឲ្យពលរដ្ឋជនជាតិដើមភាគតិចសម្រេចចិត្តមិនទៅចាក់វ៉ាក់សាំងដែលអាចបង្កជាហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជាបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងតិចមួយដូសដល់ពលរដ្ឋជាង៧លាន៦ម៉ឺននាក់។ រដ្ឋាភិបាលបានដាក់ផែនការចាក់ដល់ពលរដ្ឋប្រមាណ១៣លាននាក់ក្នុងចំណោមពលរដ្ឋសរុប១៦លាននាក់៕