ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​វ៉ាក់​សាំង​ជំនួយ​​អង់​គ្លេស​ជាង​៤០​ម៉ឺន​ដូស ប្រើ​ប្រាស់​សម្រាប់​ដូស​ទី៣​ដល់​ក្រុម​ជួរ​មុខ


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ឯកអគ្គរាជទូត​ស្តីទី​ចក្រភព​អង់គ្លេស​​ប្រចាំ​នៅ​កម្ពុជា ចូល​រួម​ក្នុង​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ប្រមាណ​ជាង​៤១​ម៉ឺន​ដូស។ (ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ឯកអគ្គរាជទូត​ស្តីទី​ចក្រភព​អង់គ្លេស​​ប្រចាំ​នៅ​កម្ពុជា ចូល​រួម​ក្នុង​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ប្រមាណ​ជាង​៤១​ម៉ឺន​ដូស។ (ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន)

វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ប្រភេទ​អាស្រ្តា​ហ្សេនីកា​(AstraZeneca) ដែល​ជា​ជំនួយ​របស់​ចក្រភព​អង់គ្លេស ជាង​៤០ម៉ឺន​ដូស ត្រូវ​បានបញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

វ៉ាក់សាំង​ចំនួន​៤១៥.០០០​ដូស​នេះ ជា​ជំនួយតាម​រយៈ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស និង​តាម​យន្តការ​កូវ៉ាក់ (COVAX)។ ជំនួយ​វ៉ាក់សាំង​មក​កម្ពុជា​នេះជា​ផ្នែក​មួយ​នៃ​ជំនួយ​អង់​គ្លេស​ដែល​នឹង​បរិច្ចាគ​វ៉ាក់សាំង​១០០​លាន​ដូស​ដល់​ប្រទេស​នានា​នៅ​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២២ ដែល​៨០%នៃ​ចំនួន​នេះ នឹង​ត្រូវ​បាន​បរិច្ចាគ​តាម​រយៈ​យន្តការ​កូវ៉ាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា។

អ្នកស្រី Tina Redshaw ឯកអគ្គរាជ​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីក​រាយ​ដែល​បាន​ធ្វើ​ជា​ដៃ​គូ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​កម្មវិធី​ចាក់​វ៉ាក់សាំង​និង​ការពារ​ប្រជា​ជន​កម្ពុជា​ពី​ជំងឺ​កូវីដ​១៩​ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ស្តារ​ជីវភាព​រស់​នៅ​ល្អ​ប្រសើរ​ឡើង​វិញ។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​មាន​សុវត្ថិ​ភាព​ទេ រហូត​ដល់​មនុស្ស​គ្រប់​គ្នា​មាន​សុវត្ថិភាព»។

ស្ថានទូត​បន្ថែម​ថា​ការ​បរិច្ចាគ​នេះ​ធ្វើ​តាម​ការ​ប្តេជ្ញា​ដែល​មេដឹកនាំ​ប្រទេស​ G7 ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ចាក់​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក និង​បញ្ចប់​ជំងឺ​រាត​ត្បាត​នៅ​ឆ្នាំ​២០២២។

​ក្នុង​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់សាំង​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិបាល​ចក្រ​ភព​អង់​គ្លេស​ក្នុង​ការផ្តល់​ជំនួយ​នេះ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ផ្តល់​បន្ថែម​ទៀត​ដល់​កម្ពុជា។ លោក​ក៏​ស្នើ​ឲ្យ​ចក្រភព​អង់គ្លេស​ជួយ​សម្រប​សម្រួលការ​បញ្ជា​ទិញ​វ៉ាក់​សាំង​របស់​កម្ពុជា​ផង​ដែរ។

បើ​តាម​លោក ហ៊ុន សែន វ៉ាក់សាំង​នេះ​នឹង​ត្រូវប្រើ​សម្រាប់​ចាក់​ដូស​ទីបី​ឬ​ដូសជំរុញ​ដល់​ប្រជាជន​កម្ពុជា។ ដូស​ទី​៣​នេះ គឺសម្រាប់​ប្រជាជន​ដែល​ចាក់​វ៉ាក់​សាំង​ស៊ីណូ​ហ្វាម​និង​ស៊ីណូវ៉ាក់។ ដូច្នេះ​វ៉ាក់​សាំង​នេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ក្រុម​អាទិភាព​ជួរ​មុខ​ជា​មុន​សិន ដោយ​សារ​មិន​ទាន់​មាន​វ៉ាក់សាំង​គ្រប់គ្រាន់។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​មិន​ត្រូវ​ឲ្យ​ប្រជា​ជន​កម្ពុជា​ណា​ម្នាក់មិន​បាន​ចាក់​វ៉ាក់សាំង​ទេ​នៅ​ពេល​ខាង​មុខ។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន ជប៉ុន អាមេរិក និង​អង់គ្លេស។ បើ​គិត​មក​ដល់​ថ្ងៃ​ទី​៤ ខែ​សីហានេះ កម្ពុជា​ចាក់​វ៉ាក់​សាំង​ដល់​ពលរដ្ឋ​៧លាន​៧​សែន​នាក់។ រដ្ឋាភិបាល​បាន​ដាក់​ផែន​ការ​ចាក់​ដល់​ពលរដ្ឋ​ប្រមាណ​១៣​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​១៦​លាន​នាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG