ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋអាមេរិក​សម្រេច​និរទ្ទេស​ពល​រដ្ឋ​កម្ពុជា​ចំនួន​ ៧០​នាក់


រូបឯកសារ៖ ជន​ភៀស​ខ្លួន​កម្ពុជា​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ ដោយ​ទាមទារ​ឲ្យ​សិទ្ធិ​ស្មើគ្នា​ដូច​ពលរដ្ឋ​ដ៏ទៃ​ទៀត និង​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ រួមមាន​សេវា​ទទួល​បាន​ការ​បក​ប្រែ​ភាសា​ផង​ដែរ នៅ​ភាគ​ខាង​ពាយព្យ​នៃ​សង្កាត់ Bronx។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ឈុំ ឆៃយ៉ា)។
រូបឯកសារ៖ ជន​ភៀស​ខ្លួន​កម្ពុជា​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ ដោយ​ទាមទារ​ឲ្យ​សិទ្ធិ​ស្មើគ្នា​ដូច​ពលរដ្ឋ​ដ៏ទៃ​ទៀត និង​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ រួមមាន​សេវា​ទទួល​បាន​ការ​បក​ប្រែ​ភាសា​ផង​ដែរ នៅ​ភាគ​ខាង​ពាយព្យ​នៃ​សង្កាត់ Bronx។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ឈុំ ឆៃយ៉ា)។

អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​​កម្ពុជា​បាន​បញ្ជាក់​ថា​​ ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៧០​ នាក់​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ នឹង​ត្រូវ​បញ្ចូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ខែ​ធ្នូនេះ។​

មជ្ឍមណ្ឌល​សកម្មភាព​ និង​ធន​ធាន​សម្រាប់​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ SEARAC​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ថា​ ចំណាត់​ការ​នេះ​អាច​បែង​ចែក​ជា​២ក្រុម​ ហើយ​ក្រុម​ទី​មួយ​នឹង​ត្រូវ​បញ្ចូន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ មុន​ពេល​បុណ្យ​ណូអែល។

លោក​ស្រី​ Quyen Dinh​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ SEARAC​ បាន​ថ្លែង​ថា៖ «យើង​ថ្កោល​ទោសចំពោះ​ការ​បញ្ចូន​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វិញ​ ហើយ​និង​ការ​បំបែក​ក្រុម​គ្រួសារ​របស់​ពួក​គេ។ សកម្មភាព​ដែល​គ្មានមេត្តា​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និង​ រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​បំភិតបំភ័យ​មនុស្ស​មុន​ថ្ងៃ​បុណ្យណូអែល​នេះ​ គឺ​ជា​សកម្មភាព​គួរ​ឲ្យ​សោក​ស្តាយ​ណាស់»។​

ដូច​ដែល​វីអូអេ​បាន​រាយ​ការណ៍​ពី​មុន​មក​ថា​ ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ដែល​បានរស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ នៅ​តែ​រង​គ្រោះ​ពី​ជម្ងឺ​បាក់​ស្បាត។​ ការណ៍​នេះ​បាន​បង្ក​បញ្ហា​ស្មុគ្រ​ស្មាញ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​នឹង​រួម​រស់​នៅ​ក្នុង​សង្គម​អាមេរិក។

លោក​ ជុំ​ ប៊ុន​រ៉ុង​ ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​ថា៖ «សង្គ្រាម​ និង​ការ​ប្រល័យ​ពូជ​សាសន៍​បាន​បង្ក​ការ​ខូច​ខាត​ជា​ច្រើន​ដល់​ក្រុម​គ្រួសារ​កម្ពុជា។ ពួក​គេ​នៅ​តែ​ជួប​ប្រទះ​ការ​លំបាក​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ហើយ​អ្នក​ដែល​កំពុង​តែ​មាន​វិបត្តិ​អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម»។

មន្ត្រី​អន្តោប្រវេសន៍​ គយ​ និង​ការ​ពង្រឹង​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ ហៅ​កាត់​ថា​ ICE​ បាន​ប្រាប់​វីអូអេ​ថា​ ទី​ភ្នាក់​ងារ​ ICE​ មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ប្រតិបត្តិការ​ដែល​គ្រោង​ទុក​ទាំង​នេះ​ទេ​ ដែល​ទាក់​ទិន​នឹង​គោល​នយោបាយ​ និង​ សន្តិសុខ​រហូត​ដល់​ប្រតិបត្តិ​ការ​ទាំង​នោះ​បាន​បញ្ចប់។

អង្គការ​ SEARAC​ បាន​រាយការណ៍​ថា​ យ៉ាង​ហោច​ណាស់​ មាន​ពលរដ្ឋ​កម្ពុជា​ជាង​ ២០០​ នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​បញ្ចូន​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​ ២០១៨។

សេច​ក្តី​រាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​៖ «ក្រុម​ដែល​មាន​ពលរដ្ឋ​ ២០០​ នាក់​នេះ​ នឹង​ក្លាយ​ជា​ក្រុម​ធំ​បំផុត​ដែល​ត្រូវ​បាន​គេ​បញ្ចូន​ទៅ​កាន់​ប្រទេស​វិញ​ក្នុង​មួយ​ឆ្នាំ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ និង​ ​កម្ពុជា»។

ទី​ភ្នាក់​ងារ​ ICE​ បាន​ប្រាប់​វីអូអេ​ឲ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​កម្ពុជា​ជាង​ ១៩០០​ នាក់​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ ជា​ក្រុម​ចុង​ក្រោយ​ដែល​នឹង​ត្រូវ​បញ្ចូន​ត្រឡប់​មក​កម្ពុជា​វិញ​ ដែល​ក្នុង​នោះ​ ពលរដ្ឋ​ចំនួន​ ១៤១២​ នាក់​មាន​ទោស​ឧក្រិដ្ឋកម្ម។

កិច្ច​ព្រម​ព្រៀងមាតុភូមិនិវត្តន៍

កាល​ពី​ដើម​ខែ​ធ្នូ​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​បាន​ថ្លែង​នៅ​ក្នុង​សន្ទរកថា​មួយ​នៅ​រាជធានី​ភ្នំពេញថា​ លោក​ស្វាគមន៍​ «បងប្អូន​ប្រុស​ ស្រី​ » ត្រឡប់​មក​មាតុភូមិ​វិញ។​ នេះ​បើ​យោង​តាម​កាសែត​ ភ្នំពេញ​ប៉ុស្តិ៍។

លោក​ ហ៊ុន​ សែន​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​សហរដ្ឋ​អាមេរិក​ ហើយ​យើង​ត្រូវ​តែ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ សម្រាប់​យើង​ យើង​គិត​គូរ​អំពី​បញ្ហា​ទាក់​ទង​ជាមួយ​នឹង​មនុស្ស​ធម៌​ ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ យើង​ក៏​មិន​ទាន់​មាន​ការ​កែ​ប្រែ​ណាមួយ​ពី​ការ​មិន​ព្រម​អនុវត្ត​នូវ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ»។ កាសែត​ ភ្នំពេញ​ប៉ុស្តិ៍​រាយការណ៍​ថា​ ​សម្តី​នេះ «​ខុស​ពីអត្ថាធិប្បាយ​មុន​របស់​លោក​ដែល​ទាក់​ទិន​នឹង​កម្មវិធី​បញ្ចូន​មនុស្ស​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ​នេះ»។​

បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​បាន​ចចារ​គ្នា​ពី​កិច្ចព្រម​ព្រៀងបញ្ចូន​មនុស្ស​ទៅ​កាន់​ប្រទេស​វិញ​នៅ​ឆ្នាំ​ ២០០២​ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​មាន​ប្រវត្តិមិន​ទទួល​យក​ពល​រដ្ឋ​ខ្លួន​ត្រឡប់​មក​វិញ​ ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ «ប្រទេស​មាន​ភាព​រឹង​រូស​» ដែល​ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំឃាំង​ជា​ច្រើន​នាក់​មាន​ការ​លំបាក​ខាង​ផ្លូវ​ច្បាប់​ ដោយ​សារ​ពួក​គេ​មិន​ដឹង​ថាតើ​ពួក​គេ​នឹង​ត្រូវ​បញ្ចូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដែរ​ឬ​ទេ។ ចាប់​តាំង​ពី​ឆ្នាំ​២០០២​ មក​ ពល​រដ្ឋ​កម្ពុជា​ប្រហែល​ ៥០០​ នាក់​ត្រូវ​បាន​បញ្ចូន​មក​ប្រទេស​កម្ពុជា​វិញ។

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​កាល​ពី​ដើម​ខែ​កញ្ញា​ថា​ ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា ជា​ពិសេស​ គឺ​មិន​ផ្តល់​ទិដ្ឋកាល​ដល់​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្នុង​ពិធីបួងសួងសុំ​សន្តិភាពនិង​ស្ថិរភាព​នៅ​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្នុង​ពិធីបួងសួងសុំ​សន្តិភាពនិង​ស្ថិរភាព​នៅ​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ ឆ្នាំ​២០១៧។


កាល​ពី​ខែ​តុលា​ ក្រសួង​ការ​បរទេសកម្ពុជា​បាន​ស្នើ​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ​ឲ្យ​ផ្អាក​កិច្ច​ព្រម​ព្រៀង​បញ្ចូន​មនុស្ស​ត្រឡប់​ទៅ​កាន់​ប្រទេស​ឆ្នាំ​ ២០០២​ នេះ​ ​ក្នុង​គោល​បំណង​ធ្វើ​វិសោធនកម្ម។

ខណៈ​ដែល​មិន​ឆ្លើយ​តប​នឹង​សំណួរ​ចំៗ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ក្នុង​ការបញ្ចូន​ពល​រដ្ឋ​កម្ពុជា​នេះ។ មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា​ សហរដ្ឋអាមេរិក​ «ជឿជាក់​ថា​ប្រទេស​និមួយ​ៗ​មាន​កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ​ ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​ខ្លួន​ដែល​មិន​មាន​សិទ្ធិ​ស្រប​ច្បាប់​រស់​នៅ​សហរដ្ឋ​អាមេរិក​ ឬ​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ត្រឡប់​មក​ប្រទេស​កំណើត​ខ្លួន​វិញ»។

ករណី​តុលាការ

កាល​ពី​ដើម​ខែ​វិច្ឆិកា​ អង្គ​ការ​ Asian Americans Advancing Justice - Asian Law Caucusនិង​ អង្គ​ការ​ Asian Americans Advancing Justice​ បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទាក់​ទិន​នឹង​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន។​ ពួក​គេ​បាន​លើក​ឡើងថា​ ពលរដ្ឋ​ដែល​ជាប់​ឃុំឃាំង​ទាំង​នេះ​ បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ជា​ជន​ភៀស​ខ្លួន​តាំង​ពី​កុមារ​ភាព​ ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​របប​ខ្មែរ​ក្រហម​ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​មិន​ដែល​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទេ។ មន្ត្រី​នៃ​ទី​ភ្នាក់​ងារ​ ICE​ ឆ្លើយ​តប​វិញ​ថា​ «ចំណុច​សំខាន់​ អ្នក​ទាំង​នោះ​មិន​អាច​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់​ទៀត​ទេ»។

លោក​ Brendan Raedy ​ អ្នក​នាំ​ពាក្យ​ទី​ភ្នាក់​ងារ​ ICE​ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «ច្បាប់​អន្តរជាតិ​តម្រូវ​ឲ្យ​ប្រទេស​និមួយ​ៗ​ទទួល​យក​ពលរដ្ឋ​ខ្លួន​ណា ​ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​បញ្ចូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ»។

លោក​ Raedy ​ បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​ ដូច​ប្រទេស​ភាគ​ច្រើន​ដែរ​ គឺ​ជាធម្មតា​ សហការ​ជា​មួយ​រដ្ឋា​ភិបាល​បរទេស​ក្នុង​ការ​ធ្វើ​ឯក​សារ​ និង​ការ​ទទួល​យក​ពលរដ្ឋ​ខ្លួន​វិញ​តាម​សំណើរ​របស់​រដ្ឋា​ភិបាល​បរទេស»។

វិទ្យុ​សាធារណៈជាតិ​ NPR ​ បាន​រាយការណ៍​ថា​ ក្រុម​អង្គការ​គាំទ្រ​ជន​អន្តោប្រវេសន៍​និយាយ​ថា​ ការ​ប្រមូល​ផ្តុំ​ និង​ការ​បញ្ចូន​មនុស្ស​ត្រឡប់​ទៅ​ប្រទេស​វិញ​ គឺ​ជា​ផ្នែក​មួយ​នៃ​ «ជម្លោះ​ការទូត​» រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា។

លោក​ស្រី​ Jenny Zhao​ មេធាវី​នៃ​អង្គការ​ Asian Americans Advancing Justice - Asian Law Caucus​ បាន​ថ្លែង​ថា៖ «យើង​គិត​ថា​ ការ​ចាប់​ខ្លួន​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​បន្ថែម​សម្ពាធ​ទៅ​លើ​ប្រទេស​នានា​ឲ្យ​ទទួល​យក​ពលរដ្ឋ​ខ្លួនវិញ​ ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ជាប់​ឃុំឃាំង​គឺ​ជា​ប្រធាន​បទ​ដែល​គេ​យក​មក​ចចារ»៕​

ប្រែសម្រួលដោយ លឹម ហ្គេចហៀង

អត្ថបទ​ទាក់ទង

XS
SM
MD
LG