អ្នកនិពន្ធប្រលោមលោកអាមេរិកាំងម្នាក់ បាននិពន្ធសៀវភៅប្រលោមលោកមួយក្បាល ដែលរៀបរាប់អំពីដំណើរសេ្នហារបស់ក្មេងស្រីម្នាក់ ដែលមានម្តាយជាជនភៀសខ្លួនខ្មែរនៅសហរដ្ឋអាមេរិកដែលមានជំងឺបាក់ស្បាតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ប្រលោមលោកនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមមកលើការប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស ជាពិសេសគឺជនភៀសខ្លួនពីសង្គ្រាមដែលបានមករស់នៅសហរដ្ឋអាមេរិក។
ប្រលោមលោកដែលមានចំណងជើងថា “Either the Beginning or the End of the World” ឬជាភាសាខ្មែរថា «ជាការចាប់ផ្តើម ឬជាទីបញ្ចប់នៃពិភពលោក» ដែលត្រូវបាននិពន្ធឡើងដោយលោកស្រី Terry Farish រៀបរាប់អំពីភាពពាក់ព័ន្ធគ្នាដ៏ស្មុគស្មាញរវាងផលប៉ះពាល់នៃសង្គ្រាម វប្បធម៌ សេចក្តីស្រឡាញ់ និងខ្សែជីវិតនៃជនភៀសខ្លួននៅសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA លោកស្រី Terry Farish បានឲ្យដឹងថា ប្រលោមលោកនេះអាចយកទៅប្រើប្រាស់នៅក្នុងកម្មវិធីសិក្សាតាមសាលារៀនបាន ពីព្រោះវាពាក់ព័ន្ធនឹង«ការសិក្សាអំពីសង្គ្រាម និងបទពិសោធន៍របស់ជនភៀសខ្លួន»។
លោកស្រីបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា នៅពេលដែលអ្នកអានបានអានប្រលោមលោកនេះហើយ ពួកគេនឹងយល់ពីភាពស្មុគស្មាញនៃសេចក្តីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នានៃសង្គ្រាម និងក្តីស្រឡាញ់»។
អ្នកនិពន្ធប្រលោមលោកវ័យ៧០ឆ្នាំរូបនេះ បានបន្ថែមទៀតថា នៅឆ្នាំ១៩៧០ លោកស្រីបានស្ម័គ្រចិត្តបម្រើការងារឲ្យទីភ្នាក់ងារកាកបាទក្រហមរបស់សហរដ្ឋអាមេរិកនៅប្រទេសវៀតណាម ក្នុងអំឡុងពេលសង្គ្រាមត្រជាក់។
បទពិសោធន៍រស់នៅប្រទេសវៀតណាមក្នុងពេលសង្គ្រាម និងរស់នៅជាមួយសហគមន៍ជនភៀសខ្លួនខ្មែរនៅទីក្រុងឡូវែល រដ្ឋ Massachusetts បានធ្វើឲ្យលោកស្រី Farish ចាប់អារម្មណ៍ស្វែងយល់កាន់តែខ្លាំងអំពីផលប៉ះពាល់នៃសង្គ្រាម វប្បធម៌ និងដំណើរជីវិតរបស់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក។
(វីដេអូខ្លីអំពីប្រលោមលោក Either the Beginning or the End of the World)
លោកស្រី Farish បានហៅជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកថា «ពលរដ្ឋអាមេរិកាំងថ្មី» ពីព្រោះលោកស្រីយល់ថា អ្នកទាំងនេះបានចាត់ទុកសហរដ្ឋអាមេរិកជាផ្ទះរបស់ពួកគេ ហើយបានចាប់ផ្តើមបញ្ជ្រាបវប្បធម៌របស់ពួកគេនៅក្នុងសង្គមអាមេរិក ហើយក៏បានចាប់យកតម្លៃសំខាន់ៗនៅក្នុងជីវភាពរស់នៅជាពលរដ្ឋអាមេរិកាំង ដូចពលរដ្ឋអាមេរិកាំងដទៃទៀតដែរ។
លោកស្រីបានឲ្យដឹងថា៖ «ពួកគេទាំងនេះបានក្លាយជាអ្នកជិតខាងរបស់យើង ហើយកូនៗរបស់ពួកគេក៏បានក្លាយជាមិត្តភក្តិរបស់កូនយើង»។
ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់លោកស្រី ក្នុងការជួយអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចដែលបានកើតឡើងនៅប្រទេសកម្ពុជា ទៅកាន់យុវជនអាមេរិកាំងតាមរយៈប្រលោមលោករបស់លោកស្រី។
លោកស្រី Farish បានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ក្មេងៗ និងយុវជនអាមេរិកាំងជាច្រើន មិនទាន់ដឹងពីអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជាទេ។ ដូច្នេះ ចំណុចទី១ដែលខ្ញុំបានរៀបរាប់នៅក្នុងប្រលោមលោកមួយនេះគឺអំពើប្រល័យពូជសាសន៍ទៅកាន់អ្នកអានវ័យក្មេងជាច្រើននាក់»។
តួអង្គសំខាន់នៅក្នុងប្រលោមលោកនេះ គឺជាក្មេងស្រីជំទង់ម្នាក់ ដែលមានស្នេហាជាលើកដំបូង។ នាងមានឈ្មោះថា Sofie ដែលមានម្តាយជាជនជាតិខ្មែរដែលបានរត់ភៀសខ្លួនពីអំពើប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា។ ម្តាយរបស់ Sofie ដែលពេលនោះមានអាយុ១៦ឆ្នាំ បានរៀបការជាមួយនឹងបុរសជនជាតិអាមេរិកាំងដើមកំណើតស្កុតលែន នៅរដ្ឋ New Hampshire។
នៅពេលដែល Sofie មានអាយុ១៦ឆ្នាំដែរ នាងក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Luke ដែលជាគ្រូពេទ្យយោធា។ Luke បានចុះបេសកកម្មយោធានៅអាហ្វហ្គានីស្ថាន។ លោកស្រី Farish បានឲ្យដឹងថា ស្នេហារវាង Sofie និង Luke ហាក់ដូចជាត្រូវបានទាក់ទាញឡើងដោយសារតែ«កំហឹង» និង«ការឈឺចាប់» ដែលអ្នកទាំងពីរបានឆ្លងកាត់រៀងៗខ្លួន។
Luke ត្រូវប្រឈមនឹងការឈឺចាប់ជាច្រើន ដោយសារតែហេតុការណ៍ដែលលោកបានឆ្លងកាត់នៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ហើយចំណែកឯ Sofie វិញ នាងត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្ត ដោយសារតែនាងមិនព្រមទទួលស្គាល់ម្តាយរបស់នាង ដែលមានជំងឺបាក់ស្បាត ហើយដែលបានចាកចោលរូបនាងតាំងពីពេលនាងនៅតូច។ បន្ថែមលើនេះ Sofie មិនដែលគិតថា នាងមានអត្តសញ្ញាណជាខ្មែរនោះទេ។ នាងបាននិយាយនៅក្នុងប្រលោមលោកនេះថា៖ «ខ្ញុំគឺជាអាមេរិកាំង។ ខ្ញុំមិនមែនខ្មែរទេ។ ខ្ញុំកើតចេញពីបាតដៃទទេជារៀងរាល់ថ្ងៃ»។
បញ្ហាទាំងនេះដែលពាក់ព័ន្ធនឹងផលប៉ះពាល់នៃសង្គ្រាមមកលើទំនាក់ទំនងរបស់មនុស្ស ដែលត្រូវបានយកមកពិភាក្សានៅក្នុងប្រលោមលោកនេះ គឺជាតថភាពជាក់ស្តែងក្នុងសង្គម។ ជាក់ស្តែង បើទោះបីជាជាងបីទសវត្សរ៍បានកន្លងផុតទៅក្តី ក៏អ្នករស់នៅមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមជាច្រើននាក់ រួមទាំងកូនៗរបស់ពួកគេផង កំពុងប្រឈមនឹងជំងឺបាក់ស្បាត និងភាពតានតឹងផ្លូវចិត្ត។ នេះបើយោងតាមអ្នកជំនាញខាងចិត្តសាស្ត្រដែលវីអូអេបានសម្ភាសន៍នាពេលកន្លងមក។
ទោះជាយ៉ាងណាក្តី លោកស្រីអ្នកនិពន្ធ Farish បានយកក្តីស្រឡាញ់មកធ្វើជាឱសថព្យាបាលបញ្ហាផ្លូវចិត្តរបស់តួអង្គទាំងពីរនៅក្នុងប្រលោមលោកមួយនេះ។ លោកស្រីបានឲ្យដឹងថា ការណ៍ដែល Sofie បានចាប់ផ្តើមមានស្នេហាជាមួយ Luke បានជំរុញឲ្យនាងចាប់ផ្តើមស្វែងយល់ពីម្តាយរបស់នាង និងអត្តសញ្ញាណរបស់នាង ដែលមានម្តាយជាពលរដ្ឋខ្មែរ និងឪពុកជាពលរដ្ឋអាមេរិកាំងដើមកំណើតស្កុតលែន។
លោកស្រីបានលើកឡើងថា៖ «សេចក្តីស្រឡាញ់ដែលនាងមានមកលើទាហាននោះបានជួយឲ្យនាងចាប់ផ្តើមបើកចិត្ត និងមានសេចក្តីស្រណោះស្រណោកចំពោះម្តាយរបស់នាងដែលបានប្រឈមនឹងជំងឺបាក់ស្បាត»។
បន្ថែមលើនេះ បើទោះបីជាអ្នកអានប្រលោមលោកនេះខ្លះយល់ថា ប្រលោមលោកនេះនិយាយពីសេ្នហាវ័យក្មេងរវាង Sofie និង Luke ក្តី ក៏ប៉ុន្តែសម្រាប់លោកស្រីអ្នកនិពន្ធរូបនេះ អ្វីដែលសំខាន់នោះ គឺ«ការពិតខាងផ្លូវចិត្ត»រវាងម្តាយ និងកូនស្រី និងសារៈសំខាន់មួយដែល Sofie គួរតែស្វែងយល់ពីម្តាយរបស់នាង ដើម្បីឲ្យស្គាល់ខ្លួនឯងកាន់តែច្បាស់។
លោកស្រី Farish ថា៖ «បើគ្មានវត្តមានម្តាយរបស់នាងទេ នោះខ្ញុំគិតថា នាងនឹងវិលវល់នៅក្នុងពិភពលោកនេះ។ វិធីដែលនាងអាចស្គាល់ពីខ្លួនឯង និងអត្តសញ្ញាណរបស់នាង គឺថា នាងត្រូវតែងាកទៅរកម្តាយរបស់នាង ហើយស្វែងយល់ពីម្តាយរបស់នាង»។
ប្រលោមលោកដែលមានចំណងជើងថា “Either the Beginning or the End of the World” ឬជាភាសាខ្មែរថា «ជាការចាប់ផ្តើម ឬជាទីបញ្ចប់នៃពិភពលោក»នេះ ត្រូវបានបោះពុម្ពផ្សាយជាសាធារណៈកាលពីចុងឆ្នាំ២០១៥។ សព្វថ្ងៃនេះ អ្នកនិពន្ធ Farish កំពុងតែគ្រប់គ្រងគម្រោងអក្ខរកម្មនៅក្រុមប្រឹក្សាមនុស្សជាតិ New Hampshire នៅរដ្ឋ Connecticut។
អ្នកអានប្រលោមលោករបស់លោកស្រី Farish ជាច្រើននាក់ បានកោតសរសើរលោកស្រីអំពីការតែងនិពន្ធសាច់រឿងដែលរៀបរាប់ពីដំណើរជីវិតរបស់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនពីសង្គ្រាម ដែលបញ្ហាទាំងនេះកំពុងតែត្រូវបានយកមកពិភាក្សាក្នុងគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកជារៀងរាល់ថ្ងៃ។
ប្រលោមលោកថ្មីៗពីរដែលជាស្នាដៃរបស់លោកស្រី Farish រួមមាន “Luis Paints the World” ដែលរៀបរាប់ពីការបែកបាក់គ្រួសារដោយសារតែការចូលបម្រើទ័ពដើម្បីការពារជាតិ និងប្រលោមលោកមួយទៀតមានចំណងជើងថា “the Good Braider” ដែលរៀបរាប់ពីដំណើរជីវិតរបស់យុវតីជនជាតិសូដាន់ម្នាក់ ដែលបានរត់គេចពីសង្គ្រាមភៀសខ្លួនមកទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក។
ប្រលោមលោកមួយនេះបានឈ្នះពានរង្វាន់ប្រលោមលោកល្អបំផុតសម្រាប់អ្នកអានវ័យក្មេង ពីសមាគមបណ្ណាល័យអាមេរិកាំង YALSA (Young Adults Library Services Association)៕