ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅសល់តិចជាងពីរខែទៀតប៉ុណ្ណោះ ប៉ុន្តែអ្នកស្រី ខ្វាត់ សារឿន មិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ។
អ្នកស្រីមានអាយុ៦៦ឆ្នាំ ហើយចង់បោះឆ្នោត ប៉ុន្តែអ្នកស្រីបារម្ភថា ដោយសារចំណេះដឹងភាសាអង់គ្លេសរបស់អ្នកស្រីមិនល្អ ទើបអ្នកស្រីមិនអាចយល់ច្បាស់ពីដំណើរការបោះឆ្នោតនៅឆ្នាំនេះ។
អ្នកស្រី ខ្វាត់ សារឿន ដែលបានមករស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំ ថ្លែងប្រាប់ VOA ថា៖
«បើមានគេពន្យល់ឲ្យច្បាស់លាស់ អាហ្នឹងប្រហែលជាទៅបោះ។ ពីព្រោះអត់ទាន់ដឹងថា ឈ្មោះអីឈ្មោះអី ហើយអត់មានអ្នកពន្យល់ថារបៀបម៉េចអីរបៀបម៉េច»។
អ្នកស្រី ខ្វាត់ សារឿន ថ្លែងថា អ្នកស្រីធ្លាប់បានចូលរួមការបោះឆ្នោតប្រធានាធិបតីម្តងកាលពីឆ្នាំ២០០៨ នៅពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិទី១។ អ្នកស្រីយល់ពីសារៈសំខាន់នៃការបោះឆ្នោត ប៉ុន្តែអ្នកស្រីត្រូវការអ្នកជួយឲ្យអ្នកស្រីបានចុះឈ្មោះបោះឆ្នោត។
អ្នកស្រីថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយ VOA នាពេលថ្មីៗនេះថា៖
«កាលពីខ្ញុំបោះឆ្នោតឲ្យ[អូបាម៉ា]លើកទី១នោះ មានអ្នកពន្យល់ប្រាប់ថា មានរឿងអញ្ចេះមួយអញ្ចុះមួយ កាលនោះបានខ្ញុំទៅបោះ។ លើកនេះអត់មានអ្នកពន្យល់ឲ្យច្បាស់លាស់»។
អ្នកស្រី ខ្វាត់ សារឿន ជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរម្នាក់នៅតំបន់ទីក្រុងអូកឡិនដ៍ (Oakland) ក្បែរទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California) ដែលជារដ្ឋមានជនជាតិខ្មែររស់នៅច្រើន។
មានជនជាតិខ្មែររហូតដល់ប្រមាណជិត១០.០០០នាក់ រស់នៅរាយប៉ាយនៅទូទាំងតំបន់ប្រជុំក្រុង Oakland-San Francisco នេះ ប៉ុន្តែពួកគេមិនមានអង្គការឬសមាគមដែលរឹងមាំ ហើយដែលអាចផ្តល់ជំនួយខាងកិច្ចការនានាដូចជាការជួយពលរដ្ឋខ្មែរអាមេរិកាំងចុះឈ្មោះបោះឆ្នោតនោះទេ។
កាលពីមុនសហគមន៍ខ្មែរនៅទីនេះមានអង្គការនិងមណ្ឌលសហគមន៍រឹងមាំ ដោយរួមមានសមាគមអភិវឌ្ឍសហគមន៍ខ្មែរ (Cambodian Community Development, Inc.) និងវត្តខ្មែរអូកឡិនដ៍ (Oakland Cambodian Buddhist Temple) ដែលអ្នកស្រុកនិយមហៅថា«វត្តចាស់»។
ប៉ុន្តែសមាគមអភិវឌ្ឍសហគមន៍ខ្មែរបានបិទនៅឆ្នាំ២០១១ មួយផ្នែកដោយសារតែខ្វះថវិកា ហើយវត្តចាស់ត្រូវបានបំផ្លាញដោយអគ្គីភ័យកាលពីខែកុម្ភៈ ដើមឆ្នាំនេះ។
មេដឹកនាំសហគមន៍កំពុងព្យាយាមសាងសង់វត្តចាស់ឡើង នៅទីតាំងថ្មីមួយក្នុងក្រុង Oakland ខណៈដែលវត្តទី២ថ្មីមួយ ដែលអ្នកស្រី ខ្វាត់ សារឿន ឧស្សាហ៍អញ្ជើញទៅសុំសីលនោះ កំពុងកសាងព្រះវិហារនិងអគារផ្សេងៗមិនទាន់ចប់សព្វគ្រប់នៅឡើយ។
ក្នុងអំឡុងពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនៗ និងការបោះឆ្នោតក្នុងក្រុងផ្សេងទៀត អង្គការសហគមន៍ទាំងនេះបានដើរតួនាទីជាមធ្យោបាយនិងទីតាំងងាយស្រួលសម្រាប់ស្វែងរកនិងជួបអ្នកបោះឆ្នោតអាមេរិកាំងដើមកំណើតខ្មែរ។
ថ្វីបើគេមិនទាន់ប្រាកដថា តើការបាត់បង់អង្គការសហគមន៍ទាំងនេះ បាននាំឲ្យចំនួននៃការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋខ្មែរអាមេរិកាំងមានការថយចុះឬយ៉ាងណានោះ អវត្តមាននៃអង្គការទាំងនេះបានធ្វើឲ្យអ្នកធ្វើការខាងកិច្ចការបោះឆ្នោតមានការលំបាកក្នុងការទាក់ទងពលរដ្ឋខ្មែរ។
បើតាមតួលេខដែល VOA ទទួលបានពីការិយាល័យបោះឆ្នោតរបស់ស្រុក Alameda (Alameda County) ដែលរួមបញ្ចូលក្រុង Oakland ផងនោះ នៅទូទាំងស្រុក Alameda រដ្ឋ California មានពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ៩៥០នាក់ បានចុះឈ្មោះបោះឆ្នោតគិតមកត្រឹមដើមខែកញ្ញានេះ។
អ្នកស្រី ហូ ម៉ាឡែនី មន្ត្រីបណ្តុះបណ្តាលអ្នកបោះឆ្នោតខ្មែរនិយាយពីរភាសានៃការិយាល័យបោះឆ្នោតស្រុក Alameda ថ្លែងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតអាចខ្ពស់ជាងនេះប្រសិនបើមានសមាគមខ្មែរដែលជួយសម្រួលដល់កិច្ចការទាក់ទងអ្នកបោះឆ្នោត។
មន្ត្រីបណ្តុះបណ្តាលការបោះឆ្នោតជាជនជាតិខ្មែរអាយុ២៦ឆ្នាំរូបនេះពន្យល់ប្រាប់ VOA យ៉ាងដូច្នេះថា៖
«បើសិនជាមានសមាគមខ្មែរ ឬមួយអង្គការមួយដើម្បីជួយប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកនេះ រឹតតែប្រសើរ ព្រោះអី ធម្មតាប្រសិនបើមានសមាគមមួយ ប្រជាជនខ្មែរនឹងមកប្រមូលផ្តុះនៅសមាគមហ្នឹង ហើយ ពួកខ្ញុំអាចទៅជួយពន្យល់គាត់។ហើយខាងសមាគមក៏អាចជួយពួកខ្ញុំដែរដើម្បីផ្សព្វផ្សាយ។»
អ្នកស្រី ហូ ម៉ាឡែនី ថ្លែងថា កិច្ចការរបស់អ្នកនាងមានប្រសិទ្ធភាពជាងនេះពេលធ្វើការជាមួយនឹងបណ្តាសហគមន៍ជនជាតិផ្សេងទៀតដែលមានសមាគមរឹងមាំ ដូចជាសហគមន៍ជនជាតិចិន ជនជាតិវៀតណាម ជនជាតិហ្វីលីពីន និងសហគមន៍ Latino ដែលនិយាយភាសាអេស្ប៉ាញ។
«លឿនជាង។ ធម្មតាពួកខ្ញុំទៅទាក់ទងទាល់តែទៅទាក់ទងនឹងប្រធានសមាគម។ បើសិនជាអត់មានសមាគមអញ្ចឹង ពួកខ្ញុំមិនដឹងថាទាក់ទងអ្នកណាទេ។ បើសិនជាមានសមាគមអញ្ចឹង ពួកខ្ញុំដឹងថាមានកម្មវិធីអ្វីមួយដែលប្រជាជនមកច្រើន ពួកខ្ញុំអាចទៅជួយបាន»។
មេដឹកនាំសហគមន៍ខ្មែរនៅក្រុង Oakland យល់ស្របថា អង្គការសហគមន៍មានតួនាទីសំខាន់ក្នុងការជួយជំរុញឲ្យពលរដ្ឋខ្មែរអាមេរិកាំងច្រើនជាងមុនបានចូលរួមក្នុងការបោះឆ្នោតមូលដ្ឋាននិងបោះឆ្នោតប្រធានាធិបតី។
លោក អ៊ិន សួន អ្នកជំនាញខាងជំងឺផ្លូវចិត្តនិងជាប្រធានគណៈកម្មការវត្តខ្មែរអូកឡិនដ៍ឬហៅវត្តចាស់ដែលត្រូវបានបំផ្លាញដោយអគ្គីភ័យនោះ បានថ្លែងប្រាប់ VOA ថា៖
«បើយើងប្រៀបធៀបទៅនឹងចិនទៅវៀតណាម គឺចិននិងវៀតណាមគេមានសមាគមគេច្រើន ហើយគេតែងបង្កើតកម្មវិធីជួបជុំគ្នា បងប្អូន ចិនគេដោយឡែក វៀតណាមគេដោយឡែក។ដូច្នេះគេបានជួយពង្រឹងកម្មវិធីផ្សេងៗច្រើន គេមានមូលដ្ឋាន គេមានទីកន្លែង»។
ប្រធានគណៈកម្មការវត្តរូបនេះ ដែលធ្លាប់ជួយពលរដ្ឋខ្មែរចុះឈ្មោះបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១២ ថ្លែងបន្តដោយក្រៀមក្រំថា៖
«សម្រាប់ខ្មែរ ជាពិសេសខ្លួនខ្ញុំផ្ទាល់ គឺកាលពីដើមយើងយក វត្តហ្នឹងជាសង្គមការងារ ជួយដល់ប្រជាពលរដ្ឋខ្មែរដែរ ពេលដែលខ្មែរមកវត្តទៅ មានទីប្រឹក្សាក្រុង (Oakland) ទៅវត្តយើង ពន្យល់យើងអំពីសិទ្ធិ។ សព្វថ្ងៃហ្នឹងយើងនៅខ្វះទីកន្លែងនៅឡើយ»។
ចំពោះសមាគមអភិវឌ្ឍសហគមន៍ខ្មែរវិញ នៅមុនការបិទទ្វាររបស់ខ្លួននៅឆ្នាំ២០១១ សមាគមនេះធ្លាប់មានកម្មវិធីផ្តល់ព័ត៌មានអំពីការចូលសញ្ជាតិនិងសិទ្ធិបោះឆ្នោតដល់ជនជាតិខ្មែរ។ នេះបើតាមប្រសាសន៍របស់អ្នកស្រី លី សំបូរ ស្ថាបនិកសមាគមដែលបានបិទទ្វារនេះ។
មេដឹកនាំសហគមន៍រូបនេះ ថ្លែងប្រាប់ VOA ថា អ្នកស្រីជឿថា នៅពេលនេះមានពលរដ្ឋអាមេរិកដើមកំណើតខ្មែរតិចជាងមុន ដែលបានចុះឈ្មោះបោះឆ្នោត ដោយសារពួកគេទទួលបានព័ត៌មានតិចជាងមុនទាក់ទងដំណើរការនៃការបោះឆ្នោត ក្រោយពេលសមាគមរបស់អ្នកនាងត្រូវបង្ខំចិត្តបិទទ្វារកាលពីឆ្នាំ២០១១។
«ក្រោយពីសមាគមខ្មែរយើងបិទទ្វារទៅ អត់មានអ្នកណាជួយគាត់ក្នុងរឿងរៀនដើម្បីទៅប្រឡងយក citizen (សញ្ជាតិ) ឬចុះឈ្មោះដើម្បីធ្វើការបោះឆ្នោត ដូច្នេះយើងខ្វះខាតខ្លាំងណាស់»។
អ្នកស្រី លី សំបូរ ពន្យល់បន្ថែមទៀតថា ជនអន្តោប្រវេសន៍ខ្មែរជាច្រើនដែលរស់នៅសហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ នៅតែមានការរារែកក្នុងការដាក់ពាក្យចូលសញ្ជាតិ ដោយសារបញ្ហាភាសានិងការភ័យខ្លាចអំពីកាតព្វកិច្ចផ្លូវច្បាប់នៅប្រទេសថ្មីនេះ ដូចជាកាតព្វកិច្ចចូលធ្វើជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការ ឬហៅថា jury duty ជាដើម។
អង្គការសហគមន៍ដើរតួនាទីសំខាន់ ជាពិសេសដើម្បីជួយជនអន្តោប្រវេសន៍ខ្មែរអាចសុំចូលសញ្ជាតិអាមេរិក និងស្វែងយល់អំពីសិទ្ធិនិងការទទួលខុសត្រូវរបស់ពួកគេក្នុងនាមជាពលរដ្ឋអាមេរិកាំង ដោយរួមមានសិទ្ធិបោះឆ្នោតជាដើម។
ស្របគ្នាជាមួយនឹងមេដឹកនាំសហគមន៍ផ្សេងទៀតដែរ លោក អ៊ិន សួន និងអ្នកស្រី លី សំបូរ ថ្លែងថា ពួកគាត់នឹងព្យាយាមបន្តជួយជនជាតិខ្មែរចុះឈ្មោះបោះឆ្នោតតាមលទ្ធភាពផ្ទាល់ខ្លួនរបស់ពួកគាត់។
ខណៈដែលសហគមន៍ខ្មែរនៅក្រុង Oakland មិនមានអង្គការសហគមន៍រឹងមាំនោះ មានអង្គការតូចដែលផ្តល់សេវាសុខភាពផ្លូវចិត្តដល់ជនជាតិខ្មែរ បានជួយបំពេញតួនាទីជាស្ថាប័នជំរុញពលរដ្ឋខ្មែរឲ្យបោះឆ្នោតនៅតំបន់ក្រុង Oakland។
ជាផ្នែកមួយនៃបេសកកម្មសុខភាពរបស់ខ្លួន មជ្ឈមណ្ឌលលើកកម្ពស់ស្ថានភាពជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ឬហៅកាត់ថា CERI (Center for Empowering Refugees & Immigrants) ជួយផ្តល់ព័ត៌មានអំពីការបោះឆ្នោតនៅអាមេរិកដល់ជនជាតិខ្មែរដែលជាអតីតជនរងគ្រោះពីរបបខ្មែរក្រហមចំនួន២០០នាក់ ដែលរស់នៅតំបន់ក្រុង Oakland។
មជ្ឈមណ្ឌល CERI នេះ ក៏ធ្លាប់បានជួយអ្នកស្រី ខ្វាត់ សារឿន ឲ្យចូលរួមបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០៨ផងដែរ។
ពលរដ្ឋខ្មែរអាមេរិកាំងមួយរូបដែលកំពុងទទួលជំនួយខាងការបោះឆ្នោតពីអង្គការ CERI គឺលោក ឈីវ ឈី។
លោកជាអតីតជនរងគ្រោះពីសម័យខ្មែរក្រហមមួយរូបដែលបានរស់នៅទីក្រុង Oakland តាំងពីឆ្នាំ១៩៨២ ហើយលោក ឈីវ ឈី ប្តេជ្ញាថានឹងចូលរួមការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខ។
លោកថា ការបោះឆ្នោតជាករណីយកិច្ចពលរដ្ឋដែលលោកបានសន្យាថា នឹងបំពេញនៅពេលលោកស្បថចូលជាសញ្ជាតិអាមេរិកាំង។
«ពេលដែលយើងនិយាយជាមួយក្រសួងអន្តោប្រវេសន៍ច្បាស់ណាស់យើងបានស្បថសច្ចាប្រណិធានជាមួយគេ យើងលើកដៃស្តាំ មុននឹងឲ្យអង្គុយ ត្រូវឈរស្បថសិន អ្វីៗដែលជាការពិតសឹមនិយាយ អ្វីដែលមិនការពិតមិនអាចនិយាយបានទេ។»
អ្នកស្រី Mona Afary នាយកប្រតិបត្តិនៃអង្គការ CERI នេះ ថ្លែងប្រាប់ VOA ថា ដូចលោក ឈីវ ឈី ដែរ អ្នកទទួលសេវាពីអង្គការរបស់អ្នកស្រីផ្សេងទៀត មិនត្រឹមតែចូលរួមសកម្មក្នុងការបោះឆ្នោតប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមនៅក្នុងការបោះឆ្នោតមូលដ្ឋានរបស់ក្រុងផងដែរ។
អ្នកស្រីពន្យល់អំពីការប្រែប្រួលនៃប្រធានបទកិច្ចពិភាក្សានៃអ្នកចូលទទួលសេវាអង្គការ CERI ក្នុងអំឡុងពេលជិតបោះឆ្នោតថា៖
«យើងនិយាយពី(ករណីយកិច្ចពលរដ្ឋ)នៅក្នុងការពិភាក្សាជាក្រុមរបស់ពួកយើង។ យើងមានការពិភាក្សាជាក្រុមនេះជារៀងរាល់សប្តាហ៍ ហើយការពិភាក្សាទាំងនេះមិនត្រឹមផ្តោតតែលើបញ្ហាផ្លូវចិត្តប៉ុណ្ណោះទេ។ ក្នុងពេលបច្ចុប្បន្ននេះ [ជិតពេលបោះឆ្នោត] យើងផ្តោតទៅលើការបោះឆ្នោតមួយរយៈសិន»។
ប៉ុន្តែអ្នកស្រី Mona Afary ថ្លែងថា អង្គការ CERI របស់អ្នកស្រីគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះសម្រាប់ជួយជំរុញឲ្យពលរដ្ឋខ្មែរនៅក្រុង Oakland បានចូលរួមការបោះឆ្នោតនៅអាមេរិក។ អ្នកស្រីសង្ឃឹមថា នឹងមានការបង្កើតអង្គការសហគមន៍ខ្មែរដែលមានទ្រង់ទ្រាយធំជាងនេះដើម្បីអាចជួយដល់កិច្ចការបោះឆ្នោតឲ្យបានទូលំទូលាយជាងនេះ។
សម្រាប់អ្នកស្រី ខ្វាត់ សារឿន ការរង់ចាំដំណោះស្រាយយូរអង្វែងបែបនេះគឺយូរពេកហើយ។
ដោយអ្នកស្រីទទួលបានការលើកទឹកចិត្តនិងជំនួយខាងភាសានិងបច្ចេកទេសពីអ្នកស្រី លី សំបូរ និងអ្នកស្រី ហូ ម៉ាឡែនី ផងនោះ អ្នកស្រី ខ្វាត់ សារឿន និងពលរដ្ឋខ្មែរអាមេរិកាំងវ័យចំណាស់មួយចំនួនទៀតបានចុះឈ្មោះបោះឆ្នោត នៅប៉ុន្មានថ្ងៃបន្ទាប់ពីនោះ៕