ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀស​ខ្លួន​ពី​កោះ​ណូរូ​ម្នាក់​ទៀត​មក​ដល់​កម្ពុជា​កាល​ពី​សប្តាហ៍​ស្ងាត់ៗ​


រូប​ឯកសារ៖ ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។
រូប​ឯកសារ៖ ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។

ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួន​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជន​ភៀស​ខ្លួន​​បញ្ជូន​ពី​កោះ​ណូរូ​មក​កាន់​ប្រទេស​កម្ពុជា​​កើន​ដល់​៥​នាក់។​

មន្ត្រី​នៃ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ (International Organization for Migration)​ ថ្លែង​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​ ជន​ភៀស​ខ្លួន​មួយ​រូប​ទៀត​មក​ពី​កោះ​ណូរូ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​សប្តាហ៍​មុន​ ក្នុង​សភាពស្ងៀម​ស្ងាត់ ​ដោយសារ​គោលការណ៍​នៃ​ការ​រក្សា​ការ​សម្ងាត់​របស់​ជន​ភៀស​ខ្លួន។

ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួនក្នុង​បរិយាកាស​ស្ងាត់​ស្ងៀម​នេះ​ត្រូវ​បាន​សកម្ម​ជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​យល់ថា ជា​ដំណើរ​ថយក្រោយ​មួយរបស់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និងអូស្រ្តាលី​ ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បញ្ជូន​និង​ទទួល​យក​ជន​ភៀស​ខ្លួន​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​នា​ទាំង​ពីរ​កាលពី​ឆ្នាំ​២០១៤​ ដើម្បី​បញ្ជូន​ជន​ភៀស​ខ្លួន​ពីកោះណូរូ​ (Nauru) ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។​ កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជា​ថ្នូរនឹង​អ្វី​ដែល​គេ​ពណ៌នា​ថា​ ​ជា​កម្មវិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​៤០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​ប្រទេស​អូស្រ្តាលី។​

នៅ​ក្នុង​ការ​ឆ្លើប​តប​សំណួរ​របស់​ VOA តាមរយៈ​សារ​អេឡិចត្រូនិក ​(Email) ទាក់​ទិន​នឹងការ​មក​ដល់​របស់​ជន​ភៀសខ្លួននេះ​ លោក Joe Lowry ​អ្នក​នាំពាក្យ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ បញ្ជាក់​ថា​ ជន​ភៀស​ខ្លួន​នេះ​បាន​មក​ដល់​កម្ពុជា​ ហើយ​កំពុង​ទទួល​ការ​ណែនាំ​ឲ្យ​ស្គាល់​ពី​ទំនៀម​ទម្លាប់​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ ជន​ភៀស​ខ្លួន​នេះ​ ចេញ​មក​ពី​ប្រទេស​ណានោះ​ឡើយ។

លោក​បាន​សរសេរ​នៅក្នុង​សារ​នោះ​ថា៖​

«ជន​ភៀស​ខ្លួន​មួយ​រូប​បាន​មក​ដល់​កាល​ពី​សប្តាហ៍​មុន​ និង​កំពុង​ទទួល​ការ​តម្រង់​ទិស​ផ្នែក​វប្បធម៌​ពី​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ ដូចអ្វី​ដែល​ជន​ភៀស​ខ្លួន​បួន​រូប​ទទួល​បាន​កាល​ពី​ពេល​មុន»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​មាន​ការ​អធិប្បាយ​បន្ថែម​ ​ដោយ​គ្រាន់តែបញ្ជាក់​ពីការ​មក​ដល់​របស់​ជន​ភៀស​ខ្លួន​រូបនេះ​តែ​ប៉ុណ្ណោះ។

VOA បានព្យាយាម​ទាក់ទង​លោក​ កែម សារិន​ អ្នក​នាំពាក្យ​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​ តែ​នៅ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ យ៉ាង​ណា​ក៏​ដោយ​ លោក​ត្រូវ​បាន​សារព័ត៌​មាន​ The Phnom Penh Post​ ដកស្រង់​សម្តីថា​ ជន​ភៀស​ខ្លួន​ដែល​ទើប​មក​ដល់​សប្តាហ៍​មុន​នេះ គឺ​ជា​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ (Rohingya)​នៃ​ប្រទេស​ភូមា។​

ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួន​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជន​ភៀស​ខ្លួនបញ្ជូន​ពី​កោះ​ណូរូ​មក​កាន់​ប្រទេស​កម្ពុជាកើន​ដល់​៥​នាក់។​ ជន​ភៀស​ខ្លួន៤​រូប​ដំបូង​គេ​បង្អស់ត្រូវ​បាន​បញ្ជូន​ពី​កោះ​ណូរូ​ដោយ​រដ្ឋា​ភិបាលប្រទេស​អូស្ត្រាលី​ ​បន្ទាប់​ពី​ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។​ ជនភៀស​ខ្លួន​ទាំង​បួន​នាក់​នោះ រួម​មាន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ​(Rohingya)​ម្នាក់ ​និង​ជនជាតិ​អ៊ីរ៉ង់​៣​នាក់។​

ប៉ុន្តែជន​ភៀស​ខ្លួន​មួយ​រូប​ ក្នុង​ចំណោម​៤នាក់ ​ដែល​ជា​ជនជាតិ​ភាគ​តិច​ ​រ៉ូហ៊ីងយ៉ា​ ​និង​បានរត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​អាជ្ញាធរ​ភូមា​នោះ​ ​បាន​ស្នើ​សុំ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ​បន្ទាប់​ពី​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​បី​ខែ​មក។​ មន្ត្រី​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៃ​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ពេល​កន្លង​មក​ថា​ ជន​ភៀស​ខ្លួន​ដែល​ចង់​ត្រឡប់​ទៅ​វិញ​នេះ​មាន​បំណង​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​តាម​ការ​ស្ម័គ្រចិត្ត។​

លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ថ្លែង​ប្រាប់​ VOA ​ថា​ ការ​លាក់​លៀម​នៃ​ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួននេះ​ គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​អូស្រ្តាលី​ ដែល​មិន​ចង់​ឲ្យ​សាធារណៈ​ជនខ្មែរដឹង​ឮ​ថា​ ជន​ភៀសខ្លួនមិន​ចង់​មក​កម្ពុជា​នោះ​ឡើយ​ ពីព្រោះ​ការ​មកដល់​នៃ​ជនភៀស​ខ្លួន​គឺ​មាន​ចំនួន​តិច​តូច​នៅ​ឡើយ។​

«វា​ទាំង​ពីរ​រវាង​កម្ពុជា​និង​អូស្រ្តាលី​ហ្នឹង​ ពីព្រោះ​យើង​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ ពីព្រោះ​យើង​ដឹង​ហើយ​ថា​ ការ​ទទួល​ជន​ភៀស​ខ្លួន​ទាល់​តែ​ពួក​គាត់​ស្ម័គ្រ​ចិត្ត​ មិន​អាច​ចាប់​បង្ខំ​បាន​ទេ។​ ការ​ចាប់​បង្ខំ​គឺ​មិនមែន​ជា​ការ​ទទួល​យក​ឋានៈ​នៃ​ជន​ភៀស​ខ្លួន​ទេ​ អញ្ចឹង​ហើយ​បាន​ជាការ​ដែល​មក​តែ​ម្នាក់​ អញ្ចឹង​ទៅ​ គេ​មិន​ហ៊ាន​មាន​ការ​ផ្សព្វ​ផ្សាយ​ ពី​ព្រោះ​កាលណា​ផ្សព្វ​ផ្សាយ​ទៅ​ មើលឃើញ​ថា​ ជន​ភៀស​ខ្លួន​ទាំង​អស់​ហ្នឹង​ហាក់​ដូច​ជា​គ្មាន​បំណង​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ»។​

កិច្ច​ព្រមព្រៀង​ដែល​រដ្ឋាភិបាល​កម្ពុជា​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​នោះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ ដែល​អះអាង​ថា​ កិច្ច​ព្រមព្រៀង​នេះ​បាន​រំលោភ​អនុ​សញ្ញា​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ។​ ក្រុម​អ្នក​រិះគន់​និយាយ​ថា ​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​មួយ​នេះ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ដូចជា​អំពើ​ពុករលួយ​ ភាព​ក្រីក្រ​ ស្ថាប័ន​តុលាការ​នៅ​មិន​ទាន់​ឯករាជ្យ ​អំពើ​និទណ្ឌភាព ​និង​មាន​ទំនាស់​ដីធ្លី​ដ៏​ច្រើន។ ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​បាន​រក​ឃើញ​ថា​ យុត្តិធម៌​សង្គម​ក្នុង​ប្រទេស​កម្ពុជា​អន់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក៕

XS
SM
MD
LG