សហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនត្រូវតែបង្កើនមហិច្ឆិតារបស់ខ្លួនចំពោះតុល្យភាពកាបូន(Carbon Neutrality) ស្របពេលដែលប្រទេសបញ្ចេញឧស្ម័នកាបូនធំបំផុតទាំងពីរនៅក្នុងពិភពលោកស្វែងរកកិច្ចសហការ ដើម្បីប្រែក្រឡាស់វិញនូវស្ថានភាពមួយ ដែលក្រុមមន្ត្រីជាន់ខ្ពស់ពណ៌នាថាជា «បញ្ហាដ៏សំខាន់តែឯងមួយ» ពោលគឺបញ្ហាប្រែប្រួលអាកាសធាតុ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុ បានសន្ទនាជាមួយសមភាគីរបស់លោក គឺលោក Xie Zhenhua។ ក្រសួងបានបន្ថែមថា កិច្ចសន្ទនារវាងប្រទេសទាំងពីរ នឹងមានបន្តទៀត។ ប្រទេសចិនជាប្រទេសបញ្ចេញឧស្ម័នកាបូនច្រើនបំផុត នៅក្នុងពិភពលោក។
នាពេលថ្មីៗនេះ លោក Xie ត្រូវបានតែងតាំងជាប្រេសិតពិសេសផ្នែកអាកាសធាតុរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ លោក Xie ធ្លាប់ធ្វើជាអ្នកចរចាដ៏កំពូលរបស់ចិន នៅក្នុងកិច្ចប្រជុំស្តីពីអាកាសធាតុសំខាន់ៗនៅក្នុងក្រុងកូប៉ិនហាក (Copenhagen) និងក្រុងប៉ារីស។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA ថា៖ «បញ្ហាប្រឈមផ្នែកអាកាសធាតុមិនត្រូវបានដោះស្រាយដោយជោគជ័យនោះទេ បើមិនមានសកម្មភាពសំខាន់ៗពីប្រទេសចិននោះ។ ប្រទេសចិនបញ្ចេញឧស្ម័នជិត ៣០% នៃការបញ្ចេញឧស្ម័នក្នុងពិភពលោក បូកជាមួយនឹងការវិនិយោគដែលបញ្ចេញឧស្ម័នកាបូនច្រើន នៅក្នុងគម្រោងជាច្រើននៃគម្រោងផ្លូវខ្សែក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន (BRI)»។
អ្នកនាំពាក្យរូបនេះបានថ្លែងបន្តទៀតថា៖ «ប្រទេសចិន និងប្រទេសទាំងអស់ត្រូវតែបង្កើនមហិច្ឆតារបស់ពួកគេ [ក្នុងការបន្ថយការបញ្ចេញឧស្ម័នឱ្យនៅកម្រិតសូន្យ] នៅលើឆាកអន្តរជាតិ»។
កាលពីខែកញ្ញាឆ្នាំមុន លោកប្រធានាធិបតីចិន Xi Jinping បានប្រកាសថា ប្រទេសចិននឹងប្រឹងប្រែងធ្វើឱ្យការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ចាប់ថយចុះវិញនៅមុនឆ្នាំ ២០៣០ និងព្យាយាមសម្រេចឱ្យបាននូវតុល្យភាពកាបូន នៅមុនឆ្នាំ ២០៦០។
សហរដ្ឋអាមេរិករួមចំណែកប្រមាណ ១៥% នៃការបញ្ចេញឧស្ម័នកាបូននៅក្នុងពិភពលោក។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅដ៏មានមហិច្ឆតា រួមមានការធ្វើឱ្យសហរដ្ឋអាមេរិកសម្រេចឱ្យបាននូវសេដ្ឋកិច្ចថាមពលស្អាត ១០០% និងឈានឱ្យដល់គោលដៅបញ្ចេញឧស្ម័ននៅកម្រិតសូន្យឱ្យបានត្រឹមឆ្នាំ ២០៥០។
លោក Kerry បានថ្លែងថា លោកស្គាល់ លោក Xie ច្បាស់ ហើយអ្នកទាំងពីរបានធ្វើការជាមួយគ្នាអស់ជិត ២០ ឆ្នាំ។ លោក Xie បានតំណាងឱ្យចិននៅក្នុងកិច្ចចរចាស្តីពីអាកាសធាតុ នៅក្នុងកិច្ចសន្ទនាប្រចាំឆ្នាំកម្រិតកំពូលរវាងសហរដ្ឋអាមេរិក និងចិនក្នុងពេលកន្លងមក។
នៅក្នុងខែកក្កដា ឆ្នាំ ២០១៣ សហរដ្ឋអាមេរិក និងចិនបានចាប់ផ្តើមកិច្ចប្រជុំពិសេសៗ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចសហការថាមពល នៅក្រោមក្របខណ្ឌនៃកិច្ចសន្ទនាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រសហរដ្ឋអាមេរិក-ចិន នៅពេលនោះ ភ្លាមៗបន្ទាប់ពីក្រុមការងារផ្នែកប្រែប្រួលអាកាសធាតុត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ ២០១៣។
កិច្ចចរចាអាកាសធាតុរវាងសហរដ្ឋអាមេរិក និងចិននៅពេលអនាគត ទំនងនឹងធ្វើឡើងតាមរយៈការរួមបញ្ចូលគ្នានូវកិច្ចចរចាទ្វេភាគី និងពហុភាគី។
កាលពីថ្ងៃទី ០១ ខែមីនា អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា ខណៈដែលសហរដ្ឋអាមេរិក និងចិន «ខ្វែងគំនិតគ្នាខ្លាំង» លើបញ្ហាជាច្រើនដូចជា បញ្ហាសិទ្ធិមនុស្សនោះ ប្រទេសទាំងពីរអាចនឹងសហការគ្នាលើបញ្ហាអាកាសធាតុ។
អ្នកស្រី Thomas-Greenfield បានថ្លែងថា៖ «មានបញ្ហាមួយចំនួននឹងមានពេលខ្លះ យើងសង្ឃឹមនឹងអាចធ្វើការជាមួយនឹងប្រទេសចិនតាមវិធីសហការគ្នាបាន ហើយឧទាហរណ៍មួយដែលខ្ញុំអាចផ្តល់ឱ្យនោះ គឺការធ្វើការជាមួយពួកគេលើបញ្ហាបម្រែបម្រួលអាកាសធាតុ»។
ចិនក៏យល់ថា កិច្ចសហការអាកាសធាតុជាឱកាសមួយ ដើម្បីស្តារទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក ដែលធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលរាប់ទសវត្សរ៍នេះ។
មន្ត្រីគោលនយោបាយបរទេសកំពូលរបស់ចិន លោក Yang Jiechi បានថ្លែងនៅក្នុងសិក្ខាសាលាតាមអ៊ីនធឺណិតមួយ កាលពីខែកុម្ភៈថា៖ «ការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលមានការបញ្ចេញឧស្ម័នកាបូនទាបអាចជាចំណុចនៃកិច្ចសហការដែលផ្តល់ប្រយោជន៍ទាំងសងខាង»។
លោក Yang បានបន្ថែមថា «ឆន្ទៈសម្រាប់ការផ្លាស់ប្តូរទ្វេភាគី និងកិច្ចសហការមិនដែលបាត់បង់នោះទេ។ ការបង្ហាញហេតុផលបែបនេះខុសផ្ទុយស្រឡះពីសំឡេង និងការរំខានពីមន្ត្រីដែលគុំកួននឹងចិន ហើយ[ឆន្ទះ] មានតម្លៃខ្លាំងបំផុតសម្រាប់ការរក្សាស្ថិរភាពជារួម នៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក»។
ប៉ុន្តែអ្នករិះគន់នៅតែមិនជឿជាក់ថា បញ្ហាប្រែប្រួលអាកាសធាតុអាចដើរតួជាកត្តាធ្វើឱ្យមានស្ថិរភាពនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននោះទេ។
លោក Drew Thompson អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yewនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា៖ «គោលដៅបញ្ចេញឧស្ម័ននៅកម្រិតសូន្យក្នុងឆ្នាំ ២០៦០ របស់ចិន នឹងជះឥទ្ធិពលដល់គោលនយោបាយឧស្សាហកម្មរបស់ពួកគេ ដែលជាក់ស្តែងនឹងបង្កើតឱ្យមានការប្រកួតប្រជែង មិនមែនកិច្ចសហការជាមួយនឹងសហរដ្ឋអាមេរិកនោះទេ។ ដូច្នេះ បញ្ហាប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យចិនជំរុញទ្វេដងនូវគោលនយោបាយឧស្សាហកម្មរបស់ខ្លួន ដែលនាំឱ្យមានការប្រកួតប្រជែងមិនស្មើភាព និងក្លាយជាមូលហេតុសម្រាប់គោលនយោបាយគាំពារនិយមនៅក្នុងវិស័យគន្លឹះៗ ដូចជាវិស័យយានយន្តអគ្គិសនី និងថាមពលថ្មី»។
លោក Thompson បានប្រាប់ VOA ថា៖ «សំណួរសំខាន់បំផុតគឺថាតើលោក John Kerry នឹងទទួលស្គាល់កត្តាទាំងនេះ ហើយបន្តទាមទារឱ្យមានកំណែទម្រង់សំខាន់ៗ ឬថាតើលោកនឹងព្យាយាមយកជ័យជម្នះផ្នែកនយោបាយ ដែលមិនមានផលអ្វីនោះទេជាមួយនឹងកិច្ចព្រមព្រៀងនិម្មិតរូប ដែលធ្វើឱ្យគោលនយោបាយប្រឆាំងការប្រកួតប្រជែងរបស់ចិន មានភាពស្របច្បាប់ក្នុងនាមកិច្ចសហការអាកាសធាតុ»៕