សហរដ្ឋអាមេរិកនិងប្រទេសកាណាដា បានឯកភាពគ្នា«ពង្រឹង»កិច្ចប្រឹងប្រែងនានា«ដើម្បីសម្រេចឲ្យបាននូវតុល្យភាពនៃការបញ្ចេញឧស្ម័នកាបូននៅត្រឹមឆ្នាំ ២០៥០»។ នេះបើតាមការប្រកាសកាលពីថ្ងៃអង្គារម្សិលមិញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បន្ទាប់ពីលោកបានជួបប្រជុំទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីកាណាដាមក។
ដោយសារតែមានការប្រុងប្រយ័ត្នជាមុនក្នុងការបង្ការជំងឺកូវីដ១៩ កិច្ចពិភាក្សារបស់លោក Biden ជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ត្រូវបានធ្វើឡើងតាមអនឡាញ។
លោក Trudeau បាននិយាយថា «ភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក ត្រូវបានខកខានខ្លាំងក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ» ជាពិសេសទាក់ទិននឹងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ការលើកឡើងរបស់លោក Trudeau នេះ គឺចង់សំដៅរិះគន់លើការដឹកនាំរយ:ពេល ៤ ឆ្នាំរបស់លោកអតីតប្រធានាធិបតី Donald Trump ដែលផ្ដល់ «អាទិភាពដល់សហរដ្ឋអាមេរិកជាមុន» ដោយធ្វើព្រងើយកន្ដើយជាមួយនឹងសម្ព័ន្ធមិត្ត និងទំនាក់ទំនងពហុភាគី។
លោក Biden បានប្រាប់លោក Trudeau ថា៖ «សហរដ្ឋអាមេរិកមិនមានមិត្តជិតស្និទ្ធណាជាងប្រទេសកាណាដានោះទេ។ នេះជាមូលហេតុដែលខ្ញុំពិភាក្សាជាមួយអ្នក និងប្រជុំទ្វេភាគីជាមួយអ្នកមុនគេក្នុងនាមខ្ញុំជាប្រធានាធិបតី។ ...យើងបម្រើ [ពលរដ្ឋ] បានល្អបំផុត នៅពេលដែលសហរដ្ឋអាមេរិកនិងប្រទេសកាណាដា ធ្វើការនិងដឹកនាំជាមួយគ្នា ដោយមានការសម្របសម្រួលជិតស្និទ្ធលើរាល់បញ្ហាទំាងអស់»៕