សកម្មជនបរិស្ថានដែលបានព្រមានជាយូរមកហើយអំពីគ្រោះថ្នាក់ទ្វេដងបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងគម្រោងអភិវឌ្ឍន៍ដែលមិនមានចិរភាពនៅតាមជួរភ្នំហិមាល័យនិយាយថា គ្រោះទឹកជំនន់ដោយមិនរំពឹងទុកនាពេលថ្មីៗនេះ នៅក្នុងភាគខាងជើងនៃប្រទេសឥណ្ឌា គួរតែជាការដាស់តឿនដល់អាជ្ញាធរឱ្យបន្តការពារបរិស្ថាន ទោះបីជាមានគម្រោងផ្លូវថ្នល់និងគម្រោងវារីអគ្គិសនីក្តី។
អ្នកជំនាញដែលស៊ើបអង្កេតគ្រោះមហន្តរាយនេះនិយាយថា វាទំនងបង្កឡើងដោយផ្ទាំងដុំថ្មដែលធ្លាក់ចុះយ៉ាងលឿនតាមជ្រលងភ្នំនៅក្នុងរដ្ឋ Uttarakhand។ យ៉ាងហោចណាស់មនុស្ស៣៦នាក់បានស្លាប់ និងមនុស្សប្រមាណ២០០នាក់ នៅកំពុងបាត់ខ្លួននៅឡើយ។
លោក Kalachand Sain នាយកវិទ្យាសា្ថនភូគព្ភវិទ្យា Wadia Himalayan និយាយក្នុងន័យដើមថា «វាហាក់ដូចជាថា ផ្ទាំងថ្មធំៗចាប់ផ្តើមបែកដោយសារតែអាកាសធាតុចុះត្រជាក់និងដំណើររលាយទឹកកក ដោយសារតែបាតុភូតបម្រែបម្រួលអាកាសធាតុ ហើយវាធ្លាក់ចុះមកក្រោយជាមួយនឹងទឹកកកដែលនៅជាប់នឹងផ្ទាំងថ្មទាំងនោះ។ ក្រោយមកវាបង្កើតឱ្យមានទំនប់សិប្បនិម្មិតមួយដែលបានបាក់ និងបង្កឱ្យមានការជន់លិច»។
ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមមកពីវិទ្យាស្ថាននេះ កំពុងធ្វើការស្ទង់មតិលម្អិតមួយដើម្បីដឹងឱ្យបានច្បាស់ពីមូលហេតុនៃគ្រោះមហន្តរាយនេះ។
លំហូរទឹក ភក់និងកម្ទេចកម្ទីដ៏ខ្លាំងដែលហូរចុះតាមជើងភ្នំ បានធ្វើឱ្យខូចខាចដល់ផ្លូវថ្នល់និងស្ពាន ធ្វើឱ្យបាក់ទំនប់ទឹកមួយនៅតាមផ្លូវដែលទឹកហូរកាត់ និងបំផ្លាញគម្រោងវារីអគ្គិសនីមួយទៀតដែលកំពុងស្ថិតក្នុងការសាងសង់។ មនុស្សដែលបាត់ខ្លួនភាគច្រើន គឺជាកម្មករសំណង់។ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រុមជួយសង្គ្រោះ បានផ្តោតការរុករករបស់ពួកគេទៅលើផ្លូវក្រោមដីមួយ ទីកន្លែងដែលមនុស្សទាំងនោះបានជាប់គាំង ទោះបីជាក្តីសង្ឃឹមក្នុងការរកពួកគេឃើញដោយនៅមានជីវិតមានកាន់តែតិចទៅៗក្តី។ ភូមិចំនួន១៣ ត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។
លោក Ravi Chopra នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសម្រាប់ពលរដ្ឋបាននិយាយថា «នេះជាគ្រោះមហន្តរាយដែលត្រៀមតែនឹងកើតឡើង»។ លោក Ravi Chopra ក៏ជាសមាជិកនៃគណៈកម្មាធិការមួយដែលបង្កើតឡើងដោយតុលាការកំពូលឥណ្ឌាដើម្បីសិក្សាលើផលប៉ះពាល់នៃគម្រោងវារីអគ្គិសនីនៅលើភ្នំនៅក្នុងរដ្ឋនេះ។
លោកបាននិយាយក្នុងន័យដើមថា «ការសាងសង់គម្រោងវារីអគ្គិសនីមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងទៅលើបរិស្ថាន និងធ្វើឱ្យមានផលប៉ះពាល់ពីទឹកជំនន់កាន់តែខ្លាំងនៅក្នុងតំបន់ហិមាល័យដែលអាចបង្កឡើយដោយបម្រែបម្រួលអាកាសធាតុ»។
ការសិក្សាស្រាវជ្រាវ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការជន់លិចនៅក្នុងឆ្នាំ២០១៣ ដែលបានសម្លាប់មនុស្សប្រមាណ៦.០០០នាក់នៅក្នុងប្រទេសឥណ្ឌា។ គណៈកម្មាធិការនេះបានផ្តល់យោបល់ថា គម្រោងវារីអគ្គិសនីមិនគួរត្រូវបានសាងសង់ក្នុងកម្ពស់ខ្ពស់ជាង២.០០០ម៉ែត្រនោះទេ ដោយសារតែនោះជា «តំបន់ផ្ទាំងទឹកកកមិនទៀងទាត់» ដែលងាយប្រឈមនឹងការជន់លិច។ ទំនប់ទាំងពីរដែលត្រូវបំផ្លាញដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ មានកម្ពស់ខ្ពស់ជាងកម្ពស់ដែលត្រូវបានណែនាំនេះ។
សកម្មជនបរិស្ថានបានលើកឡើងជាយូរមកហើយថា ផ្ទាំងទឹកកកដែលស្រកទៅវិញជាការគំរាមកំហែងដ៏ធំចំពោះមនុស្សរាប់លាននាក់នៅក្នុងតំបន់ហិមាល័យ។ ទឹកកកដែលរលាយបង្កើតបានជាបឹងទឹកកក និងទំនប់ធម្មជាតិ ដែលអាចបាក់ និងធ្វើឱ្យមានទឹកជន់លិចនៅខាងក្រោមជ្រលងភ្នំ។ នៅក្នុងករណីមានគ្រោះទឹកជំនន់ ផ្ទាំងដី ថ្ម និងកម្ទេចកម្ទីដែលបន្សល់ទុកពីផ្ទាំងទឹកកកដែលស្រកទៅវិញបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរនៅក្នុងជ្រលងភ្នំដែលមានមនុស្សរស់នៅដែលពួកគេងាយរងគ្រោះដោយសារតែការបំផ្ទុះជើងភ្នំ និងការកាប់ព្រៃដើម្បីធ្វើផ្លូវ និងគម្រោងវារីអគ្គិសនីរួចទៅហើយ។
របាយការណ៍មួយចេញផ្សាយដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍភ្នំប្រកបដោយសមាហរណកម្មបានឱ្យដឹងថា សីតុណ្ហភាពដែលកើនឡើងអាចធ្វើឱ្យរលាយផ្ទាំងទឹកកកនៅតំបន់ភ្នំហិមាល័យចំនួន១/៣ នៅត្រឹមចុងសតវត្សរ៍នេះ។ ការសិក្សាស្រាវជ្រាវផ្សេងទៀតលើកឡើងថា ការខាតបង់នឹងមានកាន់តែខ្លាំង ប្រសិនបើការបញ្ចេញឧស្ម័នកាបូន មិនត្រូវបានកាត់បន្ថយទេនោះ។
មិនមែនមានតែអ្នកជំនាញទេដែលបារម្ភពីតំបន់ហិមាល័យនោះ។ ប្រជាជននៅក្នុងភូមិ Raini ដែលជាភូមិមួយក្នុងចំណោមភូមិដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការបាក់ផ្ទាំងទឹកកក បានដាក់ញត្តិទៅតុលាការកំពូលក្នុងរដ្ឋ Uttarakhand នៅក្នុងឆ្នាំ២០១៩ ដើម្បីធ្វើការស៊ើបអង្កេតពីការអនុវត្តដែលប៉ះពាល់ដល់បរិស្ថាននៅរោងចក្រថាមពលនៅក្បែរនោះ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។
ជម្រកតូចៗរបស់គ្រួសារចំនួនប្រមាណ១៥០គ្រួសារ មិនមែនជារឿងចម្លែកនៅក្នុងសកម្មភាពការពារបរិស្ថាននោះទេ។ វាជាផ្នែកមួយនៃចលនាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីការពារការកាប់ព្រៃឈើ។ ឥឡូវនេះ អ្នកភូមិកំពុងទាមទារថា ពួកគេត្រូវផ្លាស់ប្តូរទៅកន្លែងដែលមានសុវត្ថិភាពជាងនេះ ដោយសារតែពួកគេបារម្ភថា នឹងមានការជន់លិចម្តងទៀត បន្ទាប់ពីអាជ្ញាធរបាននិយាយថា គេអាចនឹងបង្កើតបឹងមួយនៅក្បែរភូមិនោះ បន្ទាប់ពីមានគ្រោះទឹកជំនន់នោះមក។
ក្តីបារម្ភ ក៏ត្រូវបានគេលើកឡើងអំពីគម្រោងពង្រីកផ្លូវប្រវែងប្រមាណ៩០០គ.ម.ដែលរត់កាត់ជួរភ្នំហិមាល័យទៅកាន់កន្លែងសក្ការបូជាហិណ្ឌូចំនួន៤។ ផែនការពីដំបូងសម្រាប់ផ្លូវដែលមានទទឹង១០ម៉ែត្រនេះ ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ៥,៥ម៉ែត្រ ដោយដីការបស់តុលាការកំពូល។
រដ្ឋាភិបាលបាននិយាយថា ផ្លូវទាំងនេះ នឹងនាំយកប្រយោជន៍សេដ្ឋកិច្ចមកឱ្យតំបន់នេះ និងតម្រូវការសម្រាប់ការដាក់ពង្រាយយោធានៅព្រំដែនជាប់នឹងប្រទេសចិន។
សមាជិកមួយចំនួននៃគណៈកម្មាធិការនេះដែលតែងតាំងដោយតុលាការដើម្បីពិនិត្យមើលលើផលប៉ះពាល់បរិស្ថាននៃគម្រោងមហាវិថីនេះបាននិយាយថា គម្រោងនេះអាចបង្ក «ការខូចខាតដែលមិនអាចស្តារឡើងវិញបាន» ទៅដល់ភ្នំហិមាល័យ។
លោក Chandra Bhushan ប្រធានអង្គការវេទិកាអន្តរជាតិសម្រាប់បរិស្ថាន ចិរភាព និងបច្ចេកវិទ្យានៅក្នុងក្រុងញូវដេលី បាននិយាយក្នុងន័យដើមថា «ជួរភ្នំហិមាល័យជាជួរភ្នំងាយរងគ្រោះ និងមិនមានភាពរឹងមាំនោះទេ។ វាជាការប្រមូលផ្តុំគ្នាទៅដោយដីភក់ និងថ្ម»។
លោកបានបន្ថែមថា «នៅពេលអ្នកបំផ្ទុះជើងភ្នំ និងកាប់ដើមឈើដើម្បីសាងសង់ផ្លូវដ៏ទូលាយ និងអភិវឌ្ឍគម្រោងថាមពលអគ្គិសនី យើងធ្វើឱ្យតំបន់នោះកាន់តែប្រឈមនឹងគ្រោះថ្នាក់»។
បន្ទាប់ពីមានសោកនាដកម្មចុងក្រោយបង្អស់នេះ លោក Trivendra Singh Rawat អភិបាលរដ្ឋ Uttarakhand បានព្រមានប្រឆាំងនឹងការយកគ្រោះទឹកជំនន់ជា «មូលហេតុដើម្បីប្រឆាំងនឹងការអភិវឌ្ឍ»។
លោកបានសរសេរនៅលើបណ្តាញ Twitter ថា «ខ្ញុំសូមបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ភ្នំនៅក្នុងរដ្ឋ Uttarakhand ប្រកបដោយចិរភាព ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅនេះ»។
អ្នកជំនាញនិយាយថា ពួកគេទទួលស្គាល់ពីតម្រូវការសម្រាប់គម្រោងអភិវឌ្ឍនៅក្នុងតំបន់ដែលមានភាពក្រីក្រ និងទទួលបានធនធានតិចតួចដូចជា ទឹក សេវាអនាម័យ និងសេវាសុខាភិបាល។
លោក Anjal Prakash អ្នកនិពន្ធនាំមុខនៅក្នុងរបាយការណ៍វាយតម្លៃលើកទី៦ ដែលចេញផ្សាយដោយក្រុមការងារអន្តររដ្ឋាភិបាលលើបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយក្នុងន័យដើមថា «ខ្ញុំបានឃើញពីទុក្ខសោករបស់ស្ត្រីៗដែលត្រូវដើររាប់សិបគីឡូម៉ែត្រដើម្បីទៅដងទឹក ដោយសារតែប្រឡាយទឹករីងហួត ដោយសារតែបម្រែបម្រួលអាកាសធាតុ»។
ទោះជាយ៉ាងនេះក្តី លោកបាននិយាយថា គេត្រូវប្តូរការផ្តោតអារម្មណ៍ទៅលើគម្រោងដែលកាន់តែមានចិរភាពដូចជា គម្រោងវារីអគ្គិសនីខ្នាតតូច គម្រោងថាមពលពន្លឺព្រះអាទិត្យ និងគម្រោងថាមពលខ្យល់។
លោកបាននិយាយក្នុងន័យដើមថា «យើងត្រូវតែយល់ពីអេកូឡូស៊ីក្នុងមូលដ្ឋាន និងពិចារណាលើបញ្ហាបរិស្ថាន។ បើមិនដូច្នោះទេ ហានិភ័យនៃគ្រោះមហន្តរាយនឹងមានកាន់តែច្រើននៅពេលអនាគត ទាំងក្នុងទ្រង់ទ្រាយធំនិងកាន់តែញឹកញាប់»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន