សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបន្តដឹកនាំការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះប្រឆាំងនឹងទីដៅក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី ដោយមិនអើពើសំណើរបស់រុស្ស៊ីសុំឲ្យយន្តហោះសហរដ្ឋអាមេរិកបញ្ចៀសដែនអាកាសស៊ីរីនៅពេលដែលរុស្ស៊ី បានចាប់ផ្តើមធ្វើការវាយប្រហារទម្លាក់គ្រាប់បែកនៅទីនោះកាលពីថ្ងៃពុធនៅដើម្បីគាំទ្ររដ្ឋាភិបាលស៊ីរី។
លោក Joh Kirby អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា មន្រ្តីរុស្ស៊ីម្នាក់នៅក្នុងទីក្រុងបាដាក បានផ្តល់លិខិតជូនដំណឹងដ៏ខ្លីមួយដល់បុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃពុធអំពីផែនការវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងទីដៅនានារបស់រដ្ឋឥស្លាម។
លោក Kirby បានមានប្រសាសន៍ទៀតថា ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងបន្តបេសកម្មហោះហើរលើប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីដូចទៅតាមផែនការហើយនឹងគាំទ្របេសកម្មអន្តរជាតិដើម្បីកម្ទេចក្រុមរដ្ឋឥស្លាម។ ប្រភពពីមន្ទីរបញ្ចកោណដែលមិនប្រាប់ឈ្មោះបានប្រាប់ឲ្យដឹងថា ក្រុមចម្រុះបានវាយប្រហារនៅទីក្រុង Aleppo ភាគខាងជើងកាលពីថ្ងៃពុធ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់ឲ្យដឹងថា លោក Ashton Carter រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក បានបញ្ជាឲ្យបុគ្គលិកមន្ទីរបញ្ចកោណធ្វើការទាក់ទងជាមួយរុស្ស៊ីអំពីសកម្មភាពក្រុមចម្រុះនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ចៀសការប្រឈមដាក់គ្នារវាងក្រុមចម្រុះនិងកងទ័ពរុស្ស៊ីនៅទីនោះ។
ក្នុងខណៈនោះដែរ ពួកមន្រ្តីមន្ទីរបញ្ជកោណនិងប្រទេសលោកខាងលិច បានចោទសួរថាតើការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដែលបានប្រទះឃើញនៅទីក្រុង Homsភាគខាងលិចប្រទេសស៊ីរី មានគោលបំណងសំដៅក្រុមរដ្ឋឥស្លាមឬទេ៕