លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានព្រមានសកម្មភាពរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរីថា អាចប្រឈមមុខដាក់គ្នាជាមួយក្រុមចម្រុះដែលប្រឆាំងក្រុមរដ្ឋឥស្លាម ខណៈដែលសមភាគីរុស្ស៊ីរបស់លោកបានអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងទទួលស្គាល់គោលជំហររបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅក្នុងជម្លោះនោះ។
កាសែត La Stampa របស់ប្រទេសអ៊ីតាលីបានដកស្រង់សម្តីលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry កាលពីថ្ងៃពុធមកចុះផ្សាយថា លោកបានប្រាប់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov ពីការក្តីកង្វល់របស់សហរដ្ឋអាមេរិកអំពីការគាំទ្រខាងយោធារបស់រុស្ស៊ីដល់រដ្ឋាភិបាល Bashar al-Assad នៃប្រទេសស៊ីរី។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានប្រាប់កាសែតនោះថា «សកម្មភាពទាំងនោះអាចធ្វើឲ្យមានការរាលដាលជម្លោះកាន់តែធំឡើង ហើយនាំឲ្យមានការបាត់បង់អាយុជីវិតជនស្លូតត្រង់ស៊ីវិលកាន់តែច្រើនឡើង បង្កើនលំហូរជនភៀសខ្លួនហើយនិងធ្វើឲ្យមានការប្រឈមមុខដាក់គ្នាជាមួយក្រុមចម្រុះដែលកំពុងប្រយុទ្ធក្រុមរដ្ឋឥស្លាមដែលកំពុងប្រតិបត្តិការក្នុងប្រទេសស៊ីរី»។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បាននិយាយនៅក្នុងកំណត់សម្គាល់កាលពីថ្ងៃពុធក្នុងទីក្រុងមូស្គូថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសមានចិត្តកាន់តែខ្លាំងឡើងដល់គោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូដែលគាំទ្ររដ្ឋាភិបាល Bashar al-Assad ប្រឆាំងនឹងក្រុមឧទ្ទាមដែលស្វះស្វែងដកលើរដ្ឋាភិបាលនោះចេញពីតំណែង៕