មួយឆ្នាំបន្ទាប់ពីចេញសេចក្តីអំពាវនាវដល់មេដឹកនាំពិភពលោកឲ្យចាត់វិធានការជាសុក្រិត្យដើម្បីផ្តួលក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមមក លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានវិលត្រឡប់មកកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារវិញ ដោយមានរបាយការណ៍ជឿនលឿនហើយនិងខ្លឹមសារថា ការប្រយុទ្ធមិនមែនជាការងាយស្រួលឬមានរយៈពេលខ្លីនោះទេ។
ដោយធ្វើជាអធិបតីភាពនៃសន្និសិទកំពូលស្តីពីការប្រឆាំងក្រុមរដ្ឋឥស្លាមនិងលទ្ធិជ្រុលនិយមហិង្សានៅខាងក្រៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ លោកអូបាម៉ា បានមានប្រសាសន៍ថា ប្រទេសនិងស្ថាប័នជាង១០០ បានឆ្លើយតបនឹងការអំពាវនាវរបស់លោក ដែលជាផ្នែកមួយនៃចលនាសាកលលោកដើម្បីរួបរួមគ្នានៅពីក្រោយបេសកម្មដើម្បីកម្ទេចក្រុមជ្រុលនិយម។
លោកប្រធានាធិបតីអូបាម៉ា បានប្រកាសថា ប្រទេសនីហ្សេរីយ៉ា ទុយណេស៊ី និងម៉ាឡេស៊ី បានចូលរួមជាមួយក្រុមចម្រុះដែលមានសមាជិក៦០ប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី នៅក្នុងអ្វីដែលលោកប្រធានាធិបតី បានហៅថា «យុទ្ធនាការរយៈពេលយូរ»ដែលនឹងពាក់ព័ន្ធទាំងការជោគជ័យនិងការដើរថយក្រោយ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា៖ «ខ្ញុំនិយាយឡើងវិញថា វិធីដោះស្រាយរបស់យើងនឹងត្រូវចំណាយពេល ការណ៍នេះមិនមែនជាភារៈកិច្ចងាយស្រួលទេ។ យើងមានក្រុមរដ្ឋឥស្លាមដែលចាក់ឫសនៅក្នុងតំបន់នានាដែលកំពុងរងផលប៉ះពាល់រួចទៅហើយពីអភិបាលកិច្ចមិនបានជោគជ័យ នៅក្នុងករណីខ្លះ ដោយសារសង្គ្រាមស៊ីវិលឬសង្គ្រាមសាសនា។
លោកប្រធានាធិបតី បានមានប្រសាសន៍ទៀតថា ក្រុមរដ្ឋឥស្លាម អាចចាក់ឫសនៅក្នុងតំបន់នានាដែលនៅទីនោះ ចន្លោះប្រហោងខាងសន្តិសុខកើតមានឡើង ហើយនិងការយល់ដឹងពីប្រសិទ្ធិភាពរបស់ក្រុមនោះនៅក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គមដើម្បីជ្រើសរើសសមាជិកថ្មី។
នៅក្នុងសន្និសិទកំពូល លោកប្រធានាធិបតី អូបាម៉ា បាននិយាយថា ក្រុមរដ្ឋឥស្លាម បានបន្តកាន់កាប់ទីក្រុង Fallujah ក្រុង Mosulនិងទីក្រុង Ramadi ក៏ប៉ុន្តែ បានបាត់បង់ទឹកដីទី៣ដែលពួកគេបានកាន់កាប់កាលពីពេលមុន។
លោកប្រធានាធិបតី បានអំពាវនាវមិនត្រឹមតែមានចំណាត់ការខាងយោធាទេ ក៏ប៉ុន្តែ ត្រូវមានឆន្ទៈខាងនយោបាយផងដែរនៅក្នុងការផ្តួលរំលំក្រុមនោះ ដោយលោកប្រធានាធិបតី បានកោតសរសើរនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ចំពោះការចាត់វិធានការដើម្បីស្ថាបនារដ្ឋាភិបាលមួយដែលរួមមានគ្រប់និន្នាការនយោបាយទាំងអស់និងការទទួលខុសត្រូវកាន់តែខ្លាំងឡើងចំពោះបញ្ហានេះ៕