ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អាមេរិក៖ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​កាលពី​ឆ្នាំ​មុន​មាន​ការ​វិវត្ត​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់


លោក​ John Allen​ ឧត្តម​សេនីយ៍​កង​ទ័ព​ជើង​ទឹក​ចូល​និវត្តន៍ និង​ជា​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​សម្ព័ន្ធ​ពិភពលោក​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់។
លោក​ John Allen​ ឧត្តម​សេនីយ៍​កង​ទ័ព​ជើង​ទឹក​ចូល​និវត្តន៍ និង​ជា​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​សម្ព័ន្ធ​ពិភពលោក​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់។

លោក​ John Allen​ ​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​សម្ព័ន្ធ​ពិភពលោក​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​​និយាយ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​មាន​ការ​វិវត្ត​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់​កាលពី​ឆ្នាំ​មុន។

លោក​ John Allen​ ឧត្តម​សេនីយ៍​កង​ទ័ព​ជើង​ទឹក​ចូល​និវត្តន៍ និង​ជា​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​សម្ព័ន្ធ​ពិភពលោក​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាមនិយាយ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​មាន​ការ​វិវត្ត​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់​កាលពី​ឆ្នាំ​មុន។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ​លោក ​Allen​ និយាយ​ថា ​មាន​តែ​ដំណោះស្រាយ​ផ្នែក​នយោបាយប៉ុណ្ណោះ​ដែល​នៅទី​បញ្ចប់​ អាច​បញ្ចប់​ជម្លោះ​នៅ​ស៊ីរី​ដែល​មាន​រយៈពេល​ជិត​៥ឆ្នាំ​មក​ហើយ​ វិបត្តិ​ជនភៀស​ខ្លួន​ និង​វិបត្តិ​មនុស្សធម៌​នេះ​បាន ហើយ​វា​មិន​មែន​ដោយសារ​ដំណោះស្រាយ​ផ្នែក​យោធា​នោះ​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ABC's This Week» ​លោក Allen និយាយ​ថា នៅ​ពេល​ដែល​លោក​បាន​កាន់​តំណែង​កាលពី​ឆ្នាំ​មុន​ លោក​មិន​ប្រាកដ​ទេ​ថា ​អ៊ីរ៉ាក់​អាច​ទប់ទល់​នឹង​ភាព​ជោគជ័យ​ដំបូង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ​ISIS ឬ Daesh​ ឬ​យ៉ាង​ណា​ទេ។

លោក​និយាយ​ថា៖ «នៅ​ក្នុង​រយៈពេល​អន្តរាគមន៍​អស់​ប៉ុន្មាន​ខែ​នោះ​ យើង​បាន​ឃើញ​មាន​ការ​វិវត្ត​ទៅ​មុខ​នៅ​ក្នុង​ផ្នែក​ជាច្រើន។ យើង​ឃើញ​មាន​ការ​លេច​ឡើង​នៃ​លោក​នាយក​រដ្ឋ​មន្រ្តី Haider al-Abadi ដែល​ជា​មេដឹកនាំ ​និង​ដៃគូ​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ក្រុង​បាកដាដ (Baghdad)។ ជាមួយ​កម្មវិធី​ថ្នាក់​ជាតិ​របស់​លោក ការ​ផ្សព្វផ្សាយ​ដល់​ក្រុម​ជនជាតិ​ភាគ​តិច​ឥស្លាម​ប្រកាន់​និកាយ Sunnis ផែនការ​របស់​លោក​សម្រាប់​ខេត្ត ​al-Anbar ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​លោក Grand Ayatollah Ali al-Sistani ដែល​ជា​មេដឹកនាំ​សាសនា ទាំង​អស់​នេះ​យើង​យល់​ថា​ លោក​ Haider al-Abadi ជា​ក្តី​សង្ឃឹម​នៃ​អនាគត​នយោបាយប្រទេស​អ៊ីរ៉ាក់ ដែល​យើង​មិន​ដែល​ឃើញ​មាន​ទេ​នៅ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ដទៃ ហើយ​យើង​ក៏​មិន​ដែល​ឃើញ​ក្តី​សង្ឃឹម​ដូច្នេះ​ពី​មុន​មក​ដែរ។ បើ​សិន​ជា​គ្មាន​វេទិកា​នយោបាយ ហើយ​គ្មាន​ដំណោះស្រាយ​នយោបាយ​ចំពោះ​ជម្លោះ​នេះ​ទេ​ កុំថា​ឡើយ​យើង​ប្រើ​កម្លាំង​យោធា​ប៉ុណ្ណា​នោះ​ទេ ​យើង​នៅ​តែ​មិន​អាច​ដោះស្រាយ​វិបត្តិ​ទាំង​អស់​នោះ​បាន​ឡើយ»។

លោក​ Allen ​និយាយ​ថា ​កាលពី​ឆ្នាំ​មុន​ សម្ព័ន្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ស្កាត់​ការ​ហូរ​ចូលនៃ​យុទ្ធជន​បរទេស​ទៅ​ក្នុង​ក្រុម​រដ្ឋ​ឥស្លាម​ ធ្វើ​ឲ្យ​រាំង​ស្ទះ​ហិរញ្ញវត្ថុ​របស់​ក្រុម​នេះ​ និង​ប្រកួត​ជាមួយ​អ្វី​ដែល​លោក​ហៅ​ថា​ សារ​នៃ​ភាព​ស្អប់​ខ្ពើម​របស់​រដ្ឋ​ឥស្លាម​ ក៏​ដូចជា​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ផងដែរ។

លោក​ Robert Ford ​ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ដាម៉ាស (ប្រទេស​ស៊ីរី) ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​នៃ​កម្មវិធី​ទូរទស្សន៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ «NBC's Meet the Press» ថា​ វិបត្តិ​មនុស្សធម៌​មិន​កើត​ចេញ​ពី​ទឹក​ដី​ដែល​ក្រុម​រដ្ឋ​ឥស្លាម​ត្រួតត្រានៅ​ស៊ីរី​នោះ​ទេ ប៉ុន្តែ​វា​កើត​ឡើង​ពី​ការ​ប្រើប្រាស់​អាវុធ​គីមី និង​ការ​ប្រើប្រាស់​គ្រាប់បែក​ធុង​ក្នុង​របប​ប្រធានាធិបតី Bashar al-Assad ដែល​អាវុធ​ទាំងនេះ​បាន​បំផ្លាញ​ទីក្រុង​ទាំង​មូល។

លោក​បាន​និយាយ​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ ពលរដ្ឋ​ស៊ីរី​ពាក់​កណ្តាល​ត្រូវ​គេ​ជម្លៀស​ចេញ។ ពលរដ្ឋ​ស៊ីរី​ពាក់​កណ្តាល​មិន​បាន​រស់នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ទៀត​នោះ​ទេ»។

លោក​ Ford ​និយាយ​ថា ​ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋបាល​លោក​អូបាម៉ា​ គឺ​សំដៅ​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម​ មិន​មែន​ទៅ​លើ​រដ្ឋាភិបាល​ Assad ដែល​ជា​អ្នក​បង្ក​វិបត្តិ​ពិត​ប្រាកដ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «ភាព​ឃោរឃៅ​នៃ​របប​លោក Assad ​បាន​ជំរុញ​ឲ្យ​មាន​ការ​ជ្រើសរើស​ទាហាន​កាន់​តែ​ច្រើនឡើង​នៅ​ក្នុង​ក្រុម​រដ្ឋ​ឥស្លាម។ យើង​ទើប​តែ​ទទួល​បាន​របាយការណ៍​ពី​ក្រុម​ស៊ើបអង្កេត​របស់​អាមេរិក​ថា​ រដ្ឋ​ឥស្លាម​កំពុង​ដាក់​បន្ថែម​យុទ្ធជន​ថ្មី​ជំនួស​យុទ្ធជន​របស់​ពួកគេ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ទម្លាប់​គ្រាប់​បែក​របស់​យើង។ ហេតុអ្វី​បាន​ជា​វា​ដូច្នេះ? គឺ​មក​ពី​ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការជ្រើសរើស​បុរស​ស៊ីរី​ក្មេងៗ​ឲ្យ​ធ្វើ​ជា​ទាហាន ដែល​បុរស​ទាំង​នោះ​មាន​កំហឹង​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក​របស់​របប​លោក ​Assad​ ដែល​បានកម្ទេច​សង្កាត់​ជាច្រើន​ក្នុង​ក្រុង​នានា​នៃ​ប្រទេស​ស៊ីរី»។

កាលពី​ដើម​ខែ​កញ្ញា លោក Josh Earnest ​អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា រដ្ឋ​ឥស្លាម​បាន​បាត់បង់​ទឹក​ដី​៣០​ភាគ​រយ​នៃ​ទឹក​ដី​ដែល​ខ្លួន​បាន​ត្រួតត្រា​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​មុន។ លោក​និយាយ​ថា ក្រុម​នោះ​បាន​បាត់បង់​ទឹកដី​១៧.០០០គ.ម. ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ និង​ដក​ថយ​ចេញ​ពី​ព្រំប្រទល់​ស៊ីរី​ និង​តួកគី​ជា​ច្រើន​កន្លែង។

លោក Allen ​និយាយ​ថា ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​មិន​អាច​ដោះស្រាយ​បាន​តាម​រយៈ​យោធា​នោះ​ទេ តែ​អាច​ដោះស្រាយ​បាន​តាម​ផ្លូវ​នយោបាយ​តែ​មួយ​គត់។

លោក​និយាយ​ថា៖ «ស៊ីរី​ត្រូវ​តែ​ប្តូរ​របត់​នយោបាយ​ចេញ​ពី​លោក​ប្រធានាធិបតី​ Bashar al-Assad។ គាត់​មិន​អាច​ជា​ផ្នែក​នៃ​ដំណោះស្រាយ​នោះ​ទេ។ ដូច្នេះ យើង​ត្រូវ​តែ​មាន​ការ​សន្ទនា​ជា​ប្រចាំ​ជាមួយដៃគូ​អន្តរជាតិ​របស់​យើង​ ហើយនៅ​ទីបំផុត​ សន្ទនា​ជាមួយ​នឹង​ភាគី​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លើ​របត់​ថ្មី​នេះ​ ពីព្រោះ​ថា​ ការ​ពង្រីក​ ឬ​ការ​គាំទ្រ​ការ​ប្រយុទ្ធ​នៅ​សមរភូមិបាន​ត្រឹម​តែ​ធ្វើ​ឲ្យ​អំពើ​ហិង្សា​កើន​ឡើង​ ហើយ​វា​នឹង​បង្កើន​ជម្លោះ​កាន់​តែ​ធំ ​បន្ទាប់​មក​ វា​នឹង​ធ្វើ​ឲ្យ​វិបត្តិ​ជន​ភៀស​ខ្លួន និង​វិបត្តិ​មនុស្សធម៌​ដែល​យើង​កំពុង​ប្រឈម​មុខ ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ»។

លោក​ Allen និយាយ​ថា ​នេះ​ហើយ​ជា​មូលហេតុ​ក្នុង​ការ​ធ្វើ​ឲ្យ​កម្លាំង​ប្រឆាំង​ទាំង​នោះ​មាន​ភាព​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​ស៊ីរី ទាំង​ផ្លូវ​នយោបាយ ​និង​ផ្លូវ​យោធា ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​វាយ​ដណ្តើម​យក​ទឹក​ដី​មក​វិញ និង​មាន​សំឡេង​សម្រាប់​ដំណោះស្រាយ​នយោបាយ​នា​ពេល​អនាគត។

លោក​ Allen បាន​និយាយ​ថា លោក​រំពឹង​ថា​នឹង​មាន​ស្ថិរភាព​នយោបាយ​ខ្លាំង​ជាង​នេះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មួយ​ឆ្នាំ​ក្រោយ​រាប់​ចាប់​ពី​ពេល​នេះ​ទៅ​ នៅ​ខណៈ​ដែល​លោក​ក៏​រំពឹង​ដែរថា​ កងកម្លាំង​សន្តិសុខ​នឹង​វាយ​យក​ទឹក​ដី​កាន់​តែ​ច្រើន​ពី​ការ​ត្រួតត្រា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ដែលការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​អ៊ីរ៉ាក់​ដែល​រសាត់​គ្មាន​ទីជម្រកអាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ៕

ប្រែ​សម្រួល​ដោយ​ ប៊ុន​ ប៉េងហ៊ុយ

XS
SM
MD
LG