ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​កំពុង​ប្រុងប្រៀប​ជំនួយ​យោធា​ថ្មី​សម្រាប់​អ៊ុយក្រែន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ជួប​​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin (ឆ្វេង) និង​នាយ​អគ្គសេនាធិការ​ចម្រុះ​ឧត្តមសេនីយ៍ Mark Milley (ស្តាំ) និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា ឆ្នាំ​២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ជួប​​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin (ឆ្វេង) និង​នាយ​អគ្គសេនាធិការ​ចម្រុះ​ឧត្តមសេនីយ៍ Mark Milley (ស្តាំ) និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មាន​គម្រោង​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន រួមទាំង​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​រដ្ឋាភិបាល​ក្រុង​កៀវ​នៅពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រុងប្រៀប​ជំនួយ​សន្តិសុខ​ជុំថ្មី​មួយ​ទៀត​ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ទឹកប្រាក់​ប្រហែល​៨០០​លាន​ដុល្លារនោះ។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កញ្ចប់​ទឹក​ប្រាក់​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នាកាលពី​សប្តាហ៍​មុន ហើយ​ជំនួយ​ថ្មី​នេះ ត្រូវ​គេ​រំពឹង​នឹង​រួម​បញ្ចូល​ទាំង​កាំភ្លើង​ធំ​និង​គ្រាប់​កាំភ្លើង​ធំ​រាប់​ម៉ឺន​គ្រាប់​ថែម​ទៀត ​ដែល​មាន​សារៈសំខាន់​ដល់​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់ Donbas ខាង​កើត។

នៅ​ដើម​សប្តាហ៍​នេះ លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា លោក​នឹង​បញ្ជូន​កាំភ្លើង​ធំ​កាន់តែ​ច្រើន​ថែម​ទៀត​ទៅ​ឲ្យ​អ៊ុយក្រែន។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​លោក Biden បាន​ប្រាប់​វីអូអេ​ថា៖ «ប្រាក់​ចំនួន​៣,៥​ពាន់លាន​ដុល្លារ​នៃ​ថវិកា​ដែល​សភា​បាន​ផ្តល់​ឲ្យ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ​ឆ្នាំ​នេះ យើង​បាន​ប្រើប្រាស់​ជាង ២,៤​ពាន់លាន​ដុល្លាររួចហើយ ​ដើម្បី​ផ្តល់​ឧបករណ៍​និង​សមត្ថភាព​ខាង​យោធា​ដល់​ប្រទេស​អ៊ុយក្រែន ​ដែល​ពួកគេ​ត្រូវការ​សម្រាប់​ការពារ​ខ្លួន​ឯង។ យើង​កំពុង​បន្ត​ពិនិត្យ​មើល​ជំនួយ​សន្តិសុខ​បន្ថែម​ដែល​យើង​អាច​ផ្តល់​ឲ្យ​អ៊ុយក្រែន​បាន​ ហើយ​មានការអនុញ្ញាត​បន្ថែម​ដែល​យើង​អាច​ដក​ប្រាក់​នោះ​ប្រើប្រាស់ ប្រសិន​បើ​ចាំបាច់»។

ប្រាក់​ចំនួន​៣,៥ពាន់​លាន​ដុល្លារ​ជា​ផ្នែក​មួយ​នៃ​ប្រាក់​១៣,៦ពាន់​លាន​ដុល្លារ​ដែល​ជា​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​កាលពី​ខែ​មីនា​កន្លង​ទៅ។

នៅពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​វាយ​ប្រហារជា​ថ្មី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​លើ​ទីក្រុង​កំពង់ផែ​ Mariupol ​របស់​អ៊ុយក្រែន លោក​ប្រធានាធិបតី Biden បាន​កោះប្រជុំ​មេដឹកនាំ​យោធាអាមេរិក​ដើម្បី​ធ្វើ​ការវាយ​តម្លៃ​ពី​ស្ថានភាព​ចុងក្រោយ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី។

លោក​ប្រធានាធិបតី Bidenបាន​ជួប​ជាមួយ​ក្រុម​មេបញ្ជាការ​យោធា​អាមេរិក​ រួមទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin នាយ​អគ្គសេនាធិការ​ចម្រុះ​ឧត្តមសេនីយ៍ Mark Milley និង​មេដឹកនាំ​យោធា​ជា​ច្រើននាក់​ទៀតនិង​ទីប្រឹក្សាសន្តិសុខ​ជាតិផង​ដែរ។

កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​បុគ្គលនិង​អង្គភាព​ជា​ច្រើន​បន្ថែម​ទៀត​ ដែល​ត្រូវ​បាន​រង​ការចោទប្រកាន់​ពី​ការរំលោភ​ការដាក់​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចំពោះ​ការឈ្លានពាន​ប្រទេស​អ៊ុយក្រែន៕

អ្នក​ស្រី Anita Powel និង​លោក Steve Redisch នៃ​វីអូអេ​ផ្តល់​សេចក្តីរាយការណ៍​នេះ។ ហើយ​ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters ។

XS
SM
MD
LG