ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​អាមេរិក​ចេញ​​​​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ឆ្នាំ​២០២១​


រូបឯកសារ៖ លោក Ned Price អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ឯ​ក្រសួ​ងការបរទេស​ក្នុ​ងរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ (REUTERS)
រូបឯកសារ៖ លោក Ned Price អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ឯ​ក្រសួ​ងការបរទេស​ក្នុ​ងរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ (REUTERS)

របាយ​ការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងការ​បរទេស​សហរដ្ឋអាមេរិក​បាន​គូស​បញ្ជាក់​អំពីក្តី​បារម្ភទៅ​លើ​ការ​រំលោភ​បំពានសិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ចិន​ អ៊ីរ៉ង់​ វ៉េណេស៊ុយអេឡា​ អេហ្ស៊ីប​ និង​ប្រទេសផ្តាច់ការ​មួយ​ចំនួន​ទៀត​ ក៏​ដូច​ជា​ផល​ប៉ះពាល់ពីការ​រាតត្បាតនៃ​ជំងឺកូវីដ១៩​ផងដែរ ទៅ​លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភព​លោក។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​នេះ​ក៏​បានគូស​បញ្ជាក់ផង​ដែរ​ពីករណី​ព្រួយ​បារម្ភ​មួយ​ចំនួន​ស្តី​ពី​ការ​គាប​សង្កត់ឆ្លង​ប្រទេស​ ដែលរដ្ឋាភិបាល​បានធ្វើ​សកម្មភាព​ហួសព្រំដែន​របស់​ខ្លួន​ ដើម្បីធ្វើ​បាប​ បំភិត​បំភ័យ​ ឬ​សម្លាប់​អ្នក​ប្រឆាំង​ជា​ដើម។​ ​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​ទី១២ មេសា បាន​ចេញ​ផ្សាយ​នូវរបាយ​ការណ៍​សិទ្ធិ​មនុស្ស​ ជា​មួយ​នឹង​ការ​ប្រមើ​មើល​ដ៏​ស្រអាប់​មួយ។​

និយាយ​អំពី​សង្គ្រាម​រុស្ស៊ី​នៅអ៊ុយក្រែន​ លោក​ថ្លែង​ថា​ «ជា​អកុសល​ការ​គោរព​សិទ្ធិ​មនុស្សដើរ​ថយ​ក្រោយ»។ ​ ​

«យើង​ឃើញ​ថា ​អ្វី​ដែលបាន​បន្សល់​ទុក​នោះ​គឺសាក​សព​ ដែលខ្លះ​ជាប់​ចំណង​ដៃ​ នៅតាម​ដង​ផ្លូវ​ តាម​រោង​មហោស្រព​ និង​ស្ថានីយ​រថភ្លើង​ អគារ​លំនៅដ្ឋាន​ ដែល​បាក់បែក​មាន​ជន​ស៊ីវិល​នៅក្នុង​នោះ»។

​លោក​លើក​ឡើងដូច្នេះ ​ ខណៈ​កងទ័ព​រុស្ស៊ី​បន្ត​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដ៏​ខ្លាំង ​និង​ជា​ប្រព័ន្ធនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

ពាក់ព័ន្ធ​នឹងប្រទេស​រុស្ស៊ី របាយ​ការណ៍សិទ្ធិ​មនុស្ស​ឆ្នាំ​២០២១​ របស់ក្រសួង​ការ​បរទេស​អាមេរិក​ បានបញ្ជាក់ពី​អំពើ​ហិង្សា និង​ការ​ដាក់​ពន្ធនាគារអ្នក​រិះគន់​វិមាន​ក្រឹមឡាំង។ គ្រាន់តែ​ក្នុង​សប្តាហ៍ដើមខែមេសា​ទៅ​នេះ​ អ្នក​រិះគន់សំខាន់​ម្នាក់ប្រឆាំង​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​និងជា​អ្នករិះគន់ការសម្រេច​ចិត្តរបស់​លោក​ Putin ​ឈ្លានពានប្រទេសអ៊ុយក្រែន​ គឺលោក Vladimir Kara-Murza​ ត្រូវ​បាន​ចាប់ខ្លួននិង​ជាប់ឃុំ​នៅ​ក្នុង​ទីក្រុង​មូស្គូ។ ​

អ្នកផ្សេងទៀត​ ដែល​រួម​មាន​លោក Alexei Navalny ​ដែល​ត្រូវ​បាន​បំពុល​ និងជាប់​ពន្ធនាគារនោះ​ ​គឺជា​ឧទាហរណ៍​នៃ​ការ​ប៉ុន​ប៉ង​យក​ជីវិត​ និង​ការ​សងសឹក​ផ្នែក​នយោបាយ​ប្រឆាំង​អ្នក​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស។

លោក​ Blinken ​បាន​ថ្លែង​ថា​ «រដ្ឋាភិបាល​នានា​បាន​ចាប់​ឃុំ​អ្នក​រិះគន់​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស។​ បច្ចុប្បន្ន​នេះ ​អ្នក​ទោស​នយោបាយជាង​១​លាននាក់​កំពុង​ជាប់​ឃុំ​ក្នុង​ប្រទេស​ចំនួន​៦៥យ៉ាង​តិច​នៅ​ជុំវិញ​ពិភព​លោក»។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ លោក ​Ned Price ​បាន​ប្រាប់សន្និសីទ​ព័ត៌មានកាល​ពី​ថ្ងៃ​អង្គារ​ថា​ «យើង​ជំរុញ​ឲ្យ​រុស្ស៊ី​បញ្ឈប់ការ​រំលោភ​ច្បាប់​គាបសង្កត់ពលរដ្ឋ​របស់​ខ្លួន​ ​បាតុករ​អហិង្សា​និង​សន្តិភាព​ និង​បុគ្គល​ ដែល​គ្រាន់តែ​តស៊ូមតិ​ការពារ​សិទ្ធិ​របស់​គេ»។​

សូម្បី​មុន​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើអ៊ុយក្រែន​ ​ ​ក្រសួង​ការ​បរទេសអាមេរិក​បាន​និយាយ​ថា ការចូល​គ្រប់គ្រងរបស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាល​ពី​ឆ្នាំ​២០១៤​នៅ​តំបន់គ្រីមមៀ​របស់​អ៊ុយក្រែនបាន​ជះ​ឥទ្ធិពល​អវិជ្ជមានដ៏​ធំ​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​រួច​ទៅ​ហើយ។​

«រដ្ឋាភិបាលរុស្ស៊ី​បាន​បន្តបំពាក់អាវុធ​បណ្តុះ​បណ្តាល​ និង​ចូល​រួម​ប្រយុទ្ធ​ជា​មួយកម្លាំង​បំបែក​ខ្លួន​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។​ អាជ្ញាធរ​រុស្ស៊ី​ក៏​បាន​ធ្វើ​ការចាប់​ ឃុំខ្លួន​និង​កាត់​ទោស​ពលរដ្ឋ​អ៊ុយក្រែន​នៅក្នុង​ប្រទេស​រុស្ស៊ី​ ​ដោយសារ​នយោបាយ​ ដែល​ពួក​គេ​ភាគ​ច្រើន​បាន​អះអាង​ថា​ ត្រូវ​ទទួល​ទារុណ្ឌកម្ម​ផង​ដែរ»។ នេះ​បើយោង​ទៅ​លើ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ប្រចាំឆ្នាំនេះ។​ ​

ចំណែក​ប្រទេសចិន​វិញ​ ក្រសួង​ការ​បរទេស​អាមេរិកបាន​និយាយ​ថា​ ​អំពើ​ប្រល័យ​ពូជ​សាសន៍​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ទៅ​លើ​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគតិច​មូស្លីម​អ៊ុយហ្គ័រ ​និង​ក្រុម​ជន​ជាតិ​ភាគតិច ​និងអ្នកកាន់​សាសនាភាគតិច​ដទៃ​ទៀត​ នៅ​ក្នុងតំបន់ Xinjiang នោះ​ កំពុង​បន្ត​ដោយ​មាន​ការ​ចាប់​ឃុំ​ឃាំង​ជនជាតិអ៊ុយហ្គ័រក្នុង​ទ្រង់​ទ្រាយ​ធំ​ ប្រមាណ​ជាង​១​លាន​នាក់​ និង​ជនជាតិ​មូស្លីម​ដទៃទៀត​ផង​ដែរ​ ​នៅ​ក្នុង​ជំរំ​ឃុំ​ឃាំង​ដ៏​ណែន​ចង្អៀតខុសច្បាប់​ ហើយ​មនុស្ស​២លាន​នាក់ទៀត​ត្រូវអប់រំ​ឡើង​វិញនៅ​ពេល​ថ្ងៃ។​

កាល​ពី​ខែ​មករា​ឆ្នាំ​២០២១​ សហ​រដ្ឋអាមេរិក​បាន​ចាត់ទុកជា​ផ្លូវ​ការ​ថា ​ នយោបាយ​របស់​ចិនទៅ​លើ​ជន​ជាតិ​អ៊ុយហ្គ័រ​ជាអំពើប្រល័យ​ពូជសាសន៍​និងឧក្រិដកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ ​

​របាយ​ការណ៍​នេះ​បាន​បន្ត​ទៀត​ថា​ «មន្ត្រី​រដ្ឋាភិបាលចិន​ និងទីភ្នាក់ងារ​សន្តិសុខ​ចិន​ ជា​រឿយៗ​ បាន​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្សដោយ​គ្មាន​ការ​ផ្តន្ទា​ទោស។​ ការ​រំលោភ​បំពាន​ទៅសិទ្ធិមនុស្ស​ដ៏​សំខាន់​ រួមមាន​របាយ​ការណ៍​ដែលអាច​ជឿង​ទុក​ចិត្ត​បានស្តីពីការ​សម្លាប់​តាមអំពើ​ចិត្ត​ និង​ខុស​ច្បាប់​ ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ ការ​ធ្វើ​ទារុណ​កម្ម​ដោយ​រដ្ឋាភិបាល​ចិន ​កន្លែង​ឃុំ​ឃាំង ពន្ធនាគារ​ដែល​គំរាម​កំហែង​អាយុជីវិត»។​ ​

ចំពោះ​ប្រទេស​អ៊ីរ៉ង់វិញ​ ​របាយ​ការណ៍​នេះ​បានបង្ហាញ​រូបភាព​ផ្តាច់ការនៃការ​រំលោភ​សិទ្ធិ​មនុស្ស​ ​ដែល​ក្នុង​នោះ​ក៏​មាន​របាយ​ការណ៍​មួយ​ចំនួន​ ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន ស្តី​ពី​ការប្រហារ​ជីវិត​ដោយ​សារ​បទ​ឧក្រិដ្ឋ​ ដែល​មិន​សមស្រប​តាម​បទដ្ឋាន​ផ្លូវ​ច្បាប់​អន្តរជាតិ​ ការ​សម្លាប់​តាម​អំពើចិត្ត​ដោយ​រដ្ឋាភិបាល និង​ទីភ្នាក់ងារ ​ការបាត់​ខ្លួន​ដោយ​បង្ខំដែល​ធ្វើ​ឡើងដោយ​រដ្ឋាភិបាល និង​ភ្នាក់ងារ​ ការ​ធ្វើ​ទារុណ្ឌកម្ម​ដ៏​ព្រៃផ្សៃ​និង​អ​មនុស្សធម៌​ ការ​ធ្វើបាប​ដ៏​ព្រៃផ្សៃដោយ​រដ្ឋាភិបាល​ និងភ្នាក់​ងារ​ និង​ការ​ចាប់ ​ឬ​ការ​ឃុំ​ឃាំង​តាម​ទំនើង​ចិត្ត​ជា​ដើម។​

​លោកស្រី​ Lisa Peterson ​ឧបការី​ស្តីទីក្រសួង​ការ​បរ​ទេស​អាមេរិក​ ទទួល​បន្ទុក​កិច្ចការប្រជា​ធិបតេយ្យ​ សិទិ្ធ​មនុស្ស ​និង​ការងារ​ បាន​និយាយថា៖​

«យើង​បន្តរក​វិធីទាំងជា​សាធារណៈ ​និង​លាក់​កំបាំង​ ដើម្បីជួយ​ដល់​បុគ្គល​ទាំង​ឡាយ​ ដែលព្យាយាមលើក​កម្ពស់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ យើងក៏​ដាក់​ទណ្ឌកម្ម​ផ្សេង​ផង​ដែរ»។

របាយ​ការណ៍​នេះ​ក៏​បាន​កត់​សំគាល់​ផង​ដែរ​នូវ​សកម្មភាព​របស់រដ្ឋាភិបាល​អេហ្ស៊ីប​ទៅ​លើ​អ្នក​ប្រឆាំងនយោបាយ ​ការ​បន្ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយរបស់​មេដឹកនាំ​ប្រទេសវ៉េណេស៊ុយអេឡា លោក Nicolas Maduro​ និង​ជំនួយការ​ជាន់ខ្ពស់​របស់​លោក ​ក៏​ដូច​ជាការ​រឹតបន្តឹងលើ​សុន្ទរកថានយោបាយដោយ​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​ ដូច​ជាប្រទេស​គុយបា ​អេត្យូពី​ ស៊ូដង់​ និងបេឡារុស​ជា​ដើម។​

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួនស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​ អស់​រយៈ​ពេល​ជិត​៥០ឆ្នាំ​កន្លង​ទៅ​ហើយ។ ​របាយ​ការណ៍​សិទ្ធិ​មនុស្សក្នុង​ឆ្នាំ​២០២១​នេះ​ បាន​និយាយ​អំពី​ប្រទេស​ និង​ដែនដី​ចំនួន​១៩៨​នៅ​ជុំវិញ​ពិភពលោក៕​

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG