សហរដ្ឋអាមេរិកបានព្រមានប្រទេសចិនកាលពីថ្ងៃពុធមិនឱ្យជួយប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងបានបញ្ជាក់ថាអាមេរិក «កំពុងត្រៀមខ្លួនចាត់វិធានការបន្ថែមប្រសិនបើចាំបាច់» ស្របពេលបណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 កំពុងជួបប្រជុំគ្នានៅក្នុងប្រទេសអ៊ីតាលីដើម្បីបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិកលោក Vedant Patel បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «យើងជឿថា ប្រទេសចិនកំពុងគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីតាមរយៈការជួយបង្កើនផលិតកម្មយុទ្ធោបករណ៍របស់រុស្ស៊ី»។
លោកបានបន្ថែមថា៖ «ការជួយគាំទ្ររបស់ចិននឹងធ្វើឱ្យរុស្ស៊ីមានលទ្ធភានកាន់តែខ្លាំងក្នុងការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ហើយវាក៏បង្កនូវការគំរាមកំហែងដ៏ចម្បងមួយដល់សន្តិសុខរបស់ទ្វីបអ៊ឺរ៉ុបផងដែរ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនពាក់ព័ន្ធមួយចំនួននៅក្នុងប្រទេសចិន និងកំពុងត្រៀមលក្ខណៈដើម្បីចាត់វិធានការបន្ថែមប្រសិនបើចាំបាច់»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងជួបប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 និងតំណាងមកពីសហភាពអឺរ៉ុបនៅក្នុងសប្តាហ៍នេះនៅកោះ Capri នៃប្រទេសអ៊ីតាលី។ ប្រធានបទនៃការពិភាក្សានេះមានដូចជាការគាំទ្រលើប្រទេសអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា អស្ថិរភាពក្នុងប្រទេសហៃទី និងភាពជាដៃគូសាកលជាដើម។
លោក Blinken នឹងធ្វើទស្សនកិច្ចទៅប្រទេសចិននៅថ្ងៃទី ២៣ ខែមេសាខាងមុខ ដែលនៅទីនោះ គេរំពឹងថាលោកនឹងលើកឡើងពីក្តីបារម្ភរបស់សហរដ្ឋអាមេរិកអំពីការគាំទ្ររបស់ចិនលើមូលដ្ឋានឧស្សាហកម្មផ្នែកការពាររបស់រុស្ស៊ី៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ