រុស្ស៊ីបានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំជាងគេរបស់ចិនសម្រាប់ឆ្នាំ ២០២៣ ដោយបានយកឈ្នះប្រទេសអារ៉ាប់ប៊ីសាអូឌីត នេះបើតាមតួលេខដែលបានបញ្ចេញកាលពីថ្ងៃសៅរ៍កន្លងទៅ។ ចិនដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេនៅលើពិភពលោក គេចចេញពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដោយបានទិញប្រងដែលលក់បញ្ចុះតម្លៃក្នុងបរិមាណដ៏ច្រើនសម្រាប់យកទៅចម្រាញ់នៅរោងចក្ររបស់ខ្លួន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
បើតាមទិន្នន័យគយរបស់ចិន ប្រទេសរុស្ស៊ីបានដឹកប្រេងឆៅតាមនាវាក្នុងបរិមាណដ៏ច្រើនបំផុតមួយរហូតដល់ទៅ ១០៧.០២ លានតោនទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន ឬស្មើនឹង ២.១៤ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះជាបរិមាណនាំចេញច្រើនជាងប្រទេសនាំចេញប្រេងធំៗដូចជាប្រទេសអារ៉ាប់ប៊ីសាអូឌីត និងអ៊ីរ៉ាក់។
ការនាំចូលប្រេងឆៅពីប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលធ្លាប់ជាប្រទេសផ្គត់ផ្គង់ប្រេងធំជាងគេរបស់ចិន បានធ្លាក់ចុះ ១.៨ ភាគរយ ស្មើនឹង ៨៥.៩៦ លានតោន ស្របពេលដែលប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេងធំជាងគេនៅមជ្ឈិមបូព៌ា បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនដោយសារតែប្រេងឆៅរបស់រុស្ស៊ីមានតម្លៃទាប។
ខណៈដែលប្រទេសជាវប្រេងជាច្រើននៅលើពិភពលោកបានចៀសវាងការទិញប្រេងពីរុស្ស៊ីដោយសារតែទណ្ឌកម្មរបស់លោកខាងលិចរឿងវាយប្រហាររបស់វិមានក្រឹមឡាំងទៅលើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ប្រេងឆៅរបស់រុស្ស៊ីត្រូវបានជួញដូរដោយបញ្ចុះតម្លៃដ៏ច្រើនធៀបនឹងតម្លៃគោលអន្តរជាតិ កាលពីឆ្នាំមុន ស្របពេលដែលមានការកំណត់តម្លៃមួយដោយប្រទេសលោកខាងលិច។
តម្រូវការប្រេងឆៅកាន់តែច្រើនដែលលក់បញ្ចុះតម្លៃពីសំណាក់ក្រុមហ៊ុនចម្រាញ់ប្រេងចិន និង ឥណ្ឌា ក៏បានធ្វើឲ្យតម្លៃប្រេងនៅក្រុមហ៊ុន ESPO របស់រុស្ស៊ីកើនឡើងនៅឆ្នាំ២០២៣ ដោយបានឡើងលើសពី ៦០ ដុល្លារក្នុងមួយបារ៉ែលដែលកំណត់ដោយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន៧ ឬ G7 កាលពីខែធ្នូ ឆ្នាំ២០២២។ តម្លៃនេះ ត្រូវបានកំណត់ដោយសារតែមានការកើនឡើងនៃជម្រើសនិងមានការធានាផ្សេងទៀតដែលរួចផុតពីទណ្ឌកម្ម។
ប្រភពព័ត៌មានពាណិជ្ជកម្មនានាបានបង្ហាញថា ការដឹកជញ្ជូនប្រេងរបស់ក្រុមហ៊ុន ESPO នៅក្នុងខែធ្នូ ធ្វើឡើងក្នុងតម្លៃមួយដែលត្រូវបានបញ្ចុះពីប្រហែល ៥០ ទៅ ២០ សេនក្នុងមួយបារ៉ែល ធៀបទៅនឹងតម្លៃកំណត់ដោយ ICE Brent ខុសពីការដឹកជញ្ជូនទំនិញដែលបញ្ចុះតម្លៃ ១ ដុល្លារកាលពីខែតុលា និងការបញ្ចុះតម្លៃរហូតដល់ទៅ ៨.៥០ ដុល្លារសម្រាប់ការដឹកជញ្ជូនកាលពីខែមីនា។
ស្របពេលជាមួយគ្នានេះ ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានដំឡើងថ្លៃប្រេង Arab Light ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន កាលពីខែកក្កដា ដែលបង្ខំឲ្យក្រុមហ៊ុនចម្រាញ់ប្រេងខ្លះត្រូវស្វែងរកទំនិញដែលមានតម្លៃទាបជាង។
ដើម្បីគាំទ្រដល់តម្លៃប្រេងរបស់ខ្លួន អារ៉ាប់ប៊ីសាអូឌីតនិងរុស្ស៊ី ដែលជាប្រទេសពីរក្នុងចំណោមប្រទេសផលិតប្រេងធំទាំងបីរបស់ពិភពលោក បានប្រកាសកាត់បន្ថយការផលិត និង ការនាំចេញកាលពីឆ្នាំមុន។ អារ៉ាប់ប៊ីសាអូឌីតកំពុងកាត់បន្ថយផលិតផលប្រេងប្រមាណ ១ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសនេះ ខណៈដែលរុស្ស៊ី និយាយថា ខ្លួននឹងបន្តកាត់បន្ថយការនាំចេញនៅក្នុងឆ្នាំនេះ ដោយបន្ថែមការកាត់បន្ថយពី ៣០ម៉ឺនបារ៉ែល រហូតដល់ ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
ក្រុមហ៊ុនចម្រាញ់ប្រេងចិន ប្រើប្រាស់ឈ្មួញកណ្ដាលឲ្យចាត់ចែងការដឹកជញ្ជូន និង ការធានារ៉ាប់រងទៅលើប្រេងឆៅរបស់រុស្ស៊ីដើម្បីចៀសវាងការបំពានទៅលើទណ្ឌកម្មរបស់លោកខាងលិច។
ក្រុមអ្នកបញ្ជាទិញក៏ប្រើប្រាស់ដែនទឹកម៉ាឡេស៊ីធ្វើជាទីតាំងដឹកជញ្ជូនឆ្លងកាត់សម្រាប់ទំនិញជាប់ទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់ និង វ៉េណេស៊ុយអេឡា។ ការនាំចេញដែលកំណត់ថាមានប្រភពពីប្រទេសម៉ាឡេស៊ី បានហក់ឡើង ៥៣.៧ ភាគរយកាលពីឆ្នាំមុន។
ប្រទេសចិនបានរាយការណ៍ថា ពួកគេមិនមានការដឹកជញ្ជូនប្រេងឆៅពីប្រទេសវ៉េណេស៊ុយអេឡាទេ កាលពីខែធ្នូ ទោះបីជាសហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួនទៅលើទីក្រុងការ៉ាកាស កាលពីខែតុលា បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយរវាងរដ្ឋបាលប្រធានាធិបតី Nicolas Maduro និង គណបក្សនយោបាយប្រឆាំង។
ការដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន បានហក់ឡើង ៨១.១ ភាគរយកាលពីឆ្នាំមុន ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ ខណៈដែលផលិតកម្មប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើង។
ការនាំចូលប្រេងឆៅសរុបរបស់ចិនសម្រាប់ឆ្នាំ២០២៣ បានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតចំនួន ៥៦៣.៩៩ លានតោន ដែលស្មើនឹង១១.២៨ លានបារ៉ែលក្នុងមួយថ្ងៃ៕
វេទិកាបញ្ចេញមតិ