ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា ជប៉ុន​ចង់ជួយ​ផ្សះផ្សា​ការ​បែកបាក់គ្នា​លើ​សកលលោក​ដោយ​«វិធី​សាមញ្ញ»


រូបឯកសារ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងនៅក្នុង​កិច្ចប្រជុំកំពូលរវាងអាស៊ាននិងជប៉ុន នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ (Pool via REUTERS)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងនៅក្នុង​កិច្ចប្រជុំកំពូលរវាងអាស៊ាននិងជប៉ុន នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ (Pool via REUTERS)

ខណៈ​គោលជំហរដ៏​គឃ្លើន​របស់​ចិន​នៅ​អាស៊ី​កែប្រែ​មុខមាត់ភូមិសាស្ត្រ​នយោបាយ​ក្នុងតំបន់ ជប៉ុន​អាច​ដើរ​តួនាទី​ធំ​ជាង​នេះ​ជា​អ្នក​ជះ​ឥទ្ធិពល​និង​ជាអ្នក​រក្សា​តុល្យភាព។ នេះបើ​យោងតាមការ​បញ្ជាក់​របស់អ្នកជំនាញនានា។

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Fumio Kishida អាច​បន្ត​គោលដៅ​របស់​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែងមុន​លោកគឺលោក Shinzo Abe ដែល​មើលឃើញ​ជប៉ុន​ថា​ជា «អ្នកការពារ​សណ្តាប់ធ្នាប់អន្តរជាតិ​សេរី»។ នេះបើតាមការ​ថ្លែងថា​លោក Yuichi Hosoya សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Keio ក្នុងទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ទោះជាយ៉ាងនេះក្តី លោក Hosoya បានថ្លែងថា ការ​បញ្ជាក់​ពី​និយមន័យ​នៃ​ពាក្យ​នោះ​នឹង​មាន​សារៈសំខាន់​ក្នុងការ​បង្កើត​ក្រុមចម្រុះ​នៅ​ក្នុង​តំបន់ប៉ែកខាងត្បូង​ពិភពលោកដូចជា តំបន់​អាស៊ី​អាគ្នេយ៍ តំបន់​អាមេរិក​ឡាទីន និង​តំបន់​អាហ្រ្វិក​ ដែល​កំពុង​ពង្រីកឥទ្ធិពល​សេដ្ឋកិច្ច ប៉ុន្តែ​មិនមាន​សមាមាត្រ​នោះទេ​បើនិយាយ​ពី​បណ្តា​ប្រទេសដែល​ធ្វើទៅតាម​បទដ្ឋាន​ប្រជាធិបតេយ្យ។

លោកបាន​ថ្លែង​ក្នុងអំឡុង​ការពិភាក្សា​តាម​អនឡាញ​មួយ​នៅមជ្ឈមណ្ឌល Stimson កាល​ថ្ងៃទី១៤ ខែកុម្ភៈ​ ក្រោម​ប្រធានបទ «ជប៉ុន​ក្នុងនាម​ជា​អ្នកការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​សេរី» ថា «អ្វីដែលយើង​គួរធ្វើ​នៅ​ជប៉ុន​អាច​នឹងការពារ​គុណតម្លៃ​ស្នូល​មួយចំនួន​ដែល​អាច​ទាក់ទាញ​មនុស្សច្រើនជាងមុន​នៅ​ប្រទេសកាន់តែច្រើន»។

លោកបានថ្លែងក្នុងសម្តី​ដើមថា៖ «បើគុណតម្លៃស្នូល​ទាំងនេះ​មិន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​គ្រប់គ្រាន់ទេ តម្លៃទាំងនេះ​មិនអាច​ទាក់ទាញ​ប្រទេសបាន​ច្រើនទេ។ ដូច្នេះ​យើងត្រូវ​ស្វែករក​តម្លៃ​ណាដែល​អាច​ទាក់ទាញ​ប្រទេសភាគច្រើន​ក្នុងសហគមន៍​អន្តរជាតិ»។

លោក Kishida បាន​រៀបរាប់​ពី​គុណតម្លៃ​ទាំងនេះ​ក្នុង​អំឡុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង New Delhi កាលពីខែមីនា ឆ្នាំ២០២៣ ដែល​នៅ​ទីនោះ​លោក​ពណ៌នា​ពី​ផែនការ​របស់​ជប៉ុន​សម្រាប់ «តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​ដែល​សេរី​និង​បើកចំហ»។ គុណតម្លៃ​ទាំងនោះ​រួម​មាន​ការការពារ​សេរីភាព​និង​វិធាននៃច្បាប់ សេរីភាព​ពីការបង្ខំ និង​ការ​គោរព​ដល់​ភាព​ចម្រុះគ្នា​និង​បរិយាបន្ន។

ប៉ុន្តែ​អ្វីដែល​ជាស្នូលនៃ​សណ្តាប់ធ្នាប់​ពិភពលោកនេះគឺ «ភាព​ថ្លៃថ្នូរ​របស់​មនុស្ស» ខណៈ​លោក Kishida សង្កត់​បញ្ជាក់​ក្នុង​អំឡុងពេល​ថ្លែងសុន្ទរកថា​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពីខែ​កញ្ញា ដែល​សឹងតែ​មិនបាន​លើកឡើង​ពីបញ្ហា «សិទ្ធិមនុស្ស» ឬ​«ប្រជាធិបតេយ្យ»។

លោក Kishida បានប្រាប់​អង្គការ​សហប្រជាជាតិថា៖ «ពិភពលោក​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​និង​ពាក់ព័ន្ធ​គ្នា​ចាប់តាំងពី​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ ជំងឺឆ្លង រហូត​ដល់​បញ្ហាប្រឈម​ផ្នែក​នីតិរដ្ឋ។ ឥឡូវនេះ​ នៅពេលមួយ​ដែល​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គឺជាអ្វីដែល​យើង​ចង់បាន​ជាងពេលណាៗ​ទាំងអស់ យើង​មិនអាច​ដោះស្រាយ​បញ្ហា​លំបាក​ទាំងនោះទេ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​នៅ​តែ​បែកបាក់​គ្នា​ដោយ​សារតែ​មនោគមវិជ្ជា​ឬ​គុណតម្លៃ​នោះ»។

លោកថ្លែងបន្តថា៖ «មូលហេតុនេះ​ហើយ​បាន​ជាខ្ញុំជឿថា​យើងគួរ​ងាកទៅមើល​មូលដ្ឋានគ្រឹះ​នៃ​ការ​ចាត់​ទុកអាយុ​ជីវិត​មនុស្ស​និង​សេចក្តីថ្លៃថ្នូរ​ជារឿងសំខាន់​បំផុត។ យើងគួរចាត់​គោលដៅ​ដើម្បី​ឱ្យ​បាន «ពិភពលោក​មួយ​ដែល​ខ្វល់ខ្វាយ​ពីសេចក្តី​ថ្លៃថ្នូរ​របស់មនុស្ស» ដែល​អ្នកដែល​ទន់ខ្សោយ​ងាយរងគ្រោះ​អាច​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​និង​សន្តិសុខ»។​

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ុយក្រែនលោក Denys Shmyhal និងនាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ចូលរួម​ពិធី​ចុះហត្ថលេខាលើអនុស្សរណៈ​រួមគ្នា​ នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ុយក្រែនលោក Denys Shmyhal និងនាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ចូលរួម​ពិធី​ចុះហត្ថលេខាលើអនុស្សរណៈ​រួមគ្នា​ នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Hosoya បានថ្លែងថា ជប៉ុន​ដែល​ជាប្រទេស​មាន​សេដ្ឋកិច្ចធំ​បំផុតទី ៤ ​លើ​ពិភពលោក ឈរ​លើ​ជំហរ​ដែល​«សាមញ្ញ» ប៉ុន្តែដើរ​តួនាទីធំ​នៅ​ក្នុងសហគមន៍​អន្តរជាតិ ដោយសារ​តែ​មាន​ចំណងទាក់ទង​ជាមួយទាំង​ប្រទេស​លោកខាងកើត​និង​ប្រទេសលោក​ខាងលិច និង​ការ​ងាកទៅផ្តល់​ជំនួយ​ដល់​ប្រទេស​ប៉ែកខាងត្បូង​ជាច្រើន​ទសវត្សរ៍​មកហើយ។

លោកបាន​កត់សម្គាល់​ពី​តម្រូវ​ការ​ឱ្យ​មាន​ការ​លើកឡើងនូវ​វោហារសាស្ត្រ​ទាំងនេះ​និង​ការ​កែប្រែ​យុទ្ធសាស្ត្រ​ដោយសារតែ​ប្រទេស​នាំមុខផ្នែក​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ មើលទៅ​ហាក់ដូចជាច្របូកច្របល់។ ហើយ​ក៏​មាន​តថភាព​សេដ្ឋកិច្ច​ដែល​នៅពេលណា​ចិនកើនឡើង បណ្តា​ប្រទេស G7 លែង​ទទួល​ខុសត្រូវ​លើ​ផលិតផល​ក្នុងស្រុក​សរុបឬ GDP ភាគច្រើនលើ​សាកលលោក ហើយ​ត្រូវ​ទទួល​ខុសត្រូវ​លើ​មួយផ្នែក​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក។

លោក Hosoya បានថ្លែងក្នុងកម្មវិធី​នៅមជ្ឈមណ្ឌល Stimson ថា៖ «ដូច្នេះ​វា​ងាយ​ស្រួល​សម្រាប់​ចិនឬ​ប្រទេសដទៃ​ទៀត​ក្នុងការរិះគន់​ឬ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យនានា»។

លោក​បាន​កត់សម្គាល់​ពី​ការផ្តោតថ្មី​ដែល​សំខាន់​ជាពិសេស​សម្រាប់​ពេល​បច្ចុប្បន្ន​ដោយសារ​តែ​«ការបំពាន​យ៉ាងសាហាវ​យង់ឃ្នង» ទៅលើ​«សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស» នៅ​ទូទាំង​ពិភពលោក ជា​ពិសេស​នៅ​អ៊ុយក្រែន​និង​នៅ​តំបន់​ហ្កា​ហ្សា។​

លោក ប៉ូ សុវីនដា នាយក​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​និងគោលនយោបាយ​សាធារណៈ​នៅ​ឯសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានថ្លែងថា ភាពជាដៃគូជាមួយ​ជប៉ុន​នៅ​ក្នុងតំបន់​ភាគច្រើនគឺផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច។

លោក​បានថ្លែងទៀតថា ជាឧទាហរណ៍ ខណៈជប៉ុន​មើលទៅហាក់​ដូចជា​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និងបាន​ចំណាយ​ថវិការាប់លានដុល្លារ​ទៅលើ​ការបោះឆ្នោតនៅ​កម្ពុជា ​ជប៉ុន​មិនសូវបាន​លើកឡើង​ពី​បញ្ហា​ប្រជាធិបតេយ្យ​នោះទេ បើធៀបនឹង​ប្រទេស​ម្ចាស់​ជំនួយ​ដទៃទៀត​ ដូចជា​សហរដ្ឋ​អាមេរិក​និងអឺរ៉ុប។

លោក សុវីនដា បាន​ថ្លែងក្នុងសម្តីដើមថា៖ «មក​ទល់​នឹង​ពេល​នេះ ជប៉ុន​មាន​ទស្សនៈផ្សេង​ពី​ប្រទេស​លោក​ខាងលិច​បើនិយាយពី​បញ្ហាប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជប៉ុន​លើកកម្ពស់​អភិបាល​កិច្ចល្អនិងនីតិរដ្ឋ ខណៈ​មាន​ការ​ប្រយ័ត្នប្រយែង​និង​ស្ងប់ស្ងាត់​មិន​និយាយ​ពី​ការអនុវត្តប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ»។

លោក សុវីនដា បានប្រាប់ VOA តាម​អ៊ីម៉ែល​កាលពីថ្ងៃទី១៦ ខែ​កុម្ភៈថា៖ «ជប៉ុន​នឹង​មិនដូច​សហរដ្ឋ​អាមេរិក​នោះទេ​ បើនិយាយពី​ការចុចឈ្មោះ​និង​ការធ្វើឱ្យ​ប្រទេសដែល​មិន​មាន​ប្រជាធិបតេយ្យ​អាម៉ាស់មុខនោះ។ ជប៉ុនហាក់​ដូចជា​យល់​ថា​ អាស៊ី​មាន​វិធី​របស់​ខ្លួន​ក្នុងការ​ប្រតិបត្តិការ​ប្រព័ន្ធនយោបាយ។ ជប៉ុន​ក៏​យល់​ថា​ការលូកដៃ​ក្នុង​នយោបាយ​ក្នុងស្រុក​របស់​ប្រទេស​ណាមួយ​មានតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​នោះ​តែប៉ុណ្ណោះ»។

លោក សុវីនដា ក៏បាន​កត់សម្គាល់​ផង​ដែរ​នូវ​អត្ថន័យ«មិនច្បាស់លាស់»​ដែល​ជប៉ុន​បាន​លើកកម្ពស់​«សណ្តាប់ធ្នាប់​អន្តរជាតិសេរី» ដោយកត់សម្គាល់ថា វាមាន​អត្ថន័យ​យ៉ាង​ណានោះ​គឺអាស្រ័យខ្លាំងលើ​ប្រទេស​មហាអំណាច​ក្បែរខាងនោះ។

លោក​បាន​ថ្លែង​បន្ថែមថា៖ «ជប៉ុន​ពិតជា​ចង់​មាន​ពិភពលោក​មួយ​ដែល​សេរី​និង​មាន​សណ្តាប់​ធ្នាប់។ មូលហេតុគឺ​ចង់ធ្វើ​ឱ្យ​ប្រាកដថាចិន​មិន​មែន​កំពុងប្រើប្រាស់​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ»។

លោក Carlyle A. Thayer សាស្ត្រាចារ្យ​កិតិ្តយស​នៃ​សាកលវិទ្យាល័យ New South Wales នៅ​ឯ​បណ្ឌិត្យ​សភា​កងកម្លាំងការពារជាតិ​អូស្ត្រាលី បាន​កត់សម្គាល់ថា ឥទ្ធិពល​របស់​ជប៉ុន​បន្ត​មានភាព​ខ្លាំងក្លា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយ​លោក​លើកឡើង​ពី​ការស្ទង់មតិ​សាធារណៈមួយ​កាលពី​ឆ្នាំ​មុន​ដែល​បង្ហាញថា ជប៉ុនគឺជា​ប្រទេសជាដៃគូ​ដែល​គួរ​ឱ្យទុកចិត្តបាន​បំផុតនៅ​ក្នុងតំបន់។

ទោះ​ជា​យ៉ាង​នេះក្តី​ ក៏​លោក Thayer បានកត់​សម្គាល់ថា ជប៉ុន​ប្រើ​វិធីសាស្ត្រ​«បន្ទាបខ្លួន» ដើម្បី​ជះឥទ្ធិពល​របស់ខ្លួន នៅ​ក្នុង​ការ​រក្សា​តួនាទី​«យូរអង្វែង»របស់ខ្លួន​នៅ​ក្នុងតំបន់។ លោក Thayer ក៏បាន​លើកឡើង​ពី​ឧទាហរណ៍​អំពី​ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) របស់​ជប៉ុន​ដែល​ចង់​លុបបំបាត់​ហានិភ័យ​ផ្នែក​សិទ្ធិមនុស្ស ដូចជា​ការប្រើប្រាស់​ពលករ​ដោយ​បង្ខំ និង​ពលកម្មកុមារ ពីសង្វាក់​ផ្គត់ផ្គង់របស់​ប្រទេស​នានា​ដែល​ក្រុមហ៊ុន​ជប៉ុន​ធ្វើប្រតិបត្តិការជាមួយ។​

លោក Thayer បានថ្លែងដោយ​បញ្ជាក់ពីហេតុផល​២សម្រាប់​ទស្សនៈ​របស់​ជប៉ុន​នៅ​ក្នុងតំបន់ថា៖ «ជប៉ុន​បាន​និង​កំពុង​បន្ត​មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំង​មូល និង​ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

លោកថ្លែងបន្តថា៖ «ជប៉ុនត្រូវបាន​គេមើលឃើញថា​ជា​ដៃគូ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​មួយ ដែល​គោរព​តាម​ច្បាប់​អន្តរជាតិ​ ហើយជប៉ុន​មាន​ធនធាន​សេដ្ឋកិច្ចដែល​ចាំបាច់​និង​ឆន្ទៈ​នយោបាយ​ដើម្បី​ផ្តល់​នូវ​ភាព​ជា​អ្នកដឹកនាំ​សាកល»៕

រាយការណ៍​បន្ថែម​ដោយ​លោក ស៊ុន ណារិន អ្នក​យក​ព័ត៌មាន​ឱ្យ​វីអូអេខ្មែរ​នៅ​រាជធានី​ភ្នំពេញ​។

ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG