ប្រទេសអ៊ីតាលីបានបញ្ជាក់ជាផ្លូវការទៅកាន់ប្រទេសចិនថា ខ្លួននឹងចាកចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម Belt and Road Initiative ឬហៅកាត់ថា BRI។ សេចក្តីសម្រេចនេះនឹងធ្វើឱ្យអ៊ីតាលីក្លាយជាប្រទេសដំបូងគេបង្អស់ដែលសម្រេចចាកចេញ ចាប់តាំងពីគម្រោងពាណិជ្ជកម្មនេះដែលត្រូវបានដាក់ចេញកាលពីមួយទសវត្សរ៍កន្លងទៅនេះ។ បើទោះបីជាមានសេចក្តីសម្រេចយ៉ាងដូច្នេះ ក៏រដ្ឋាភិបាលក្រុងរ៉ូមនៅតែគ្រោងរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមប្រភពពីរដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃពុធ ទី៦ ខែធ្នូ។
រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម BRI ដែលជាគំនិតផ្តួចផ្តើមផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍សាកលមួយ បង្កើតឡើងនៅឆ្នាំ ២០១៣ មានគោលដៅជំរុញការផ្សារភ្ជាប់រវាងចិននិងបណ្តាប្រទេសនានានៅតំបន់អាស៊ី-អឺរ៉ុប អាហ្រ្វិក អូសេអានី និងអាមេរិកឡាទីន។ ប៉ុន្តែអ្នករិះគន់បានអះអាងថា គោលដៅសំខាន់មួយនៃគម្រោងពាណិជ្ជកម្មនេះគឺ ដើម្បីពង្រីកឥទ្ធិពលរបស់គណបក្សកុម្មុយនីស្តចិន។ ប្រទេសជិត ១៥០ ដែលមានប្រជាជនប្រមាណ ៧៥ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក បានចូលរួមក្នុងគម្រោងនេះ។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ធ្លាប់បានរិះគន់ជាយូរមកហើយមកលើកិច្ចព្រមព្រៀងភាពជាដៃគូមួយនេះ ដោយលោកស្រីបានហៅសេចក្តីសម្រេចរបស់រដ្ឋាភិបាលអ៊ីតាលីកាលពីឆ្នាំ ២០១៩ ក្នុងចូលរួមក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មថាជា«កំហុសដ៏ធ្ងន់ធ្ងរមួយ»។ បន្ទាប់ពីលោកស្រី Meloni បានចូលកាន់តំណែងកាលពីឆ្នាំមុន លោកស្រីបាននិយាយថា ការសន្យាផ្នែកសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងនេះមិនបានក្លាយជាការពិតនោះទេ។
ប្រភពនៅក្នុងជួរគណបក្សសម្ពន្ធភាពចម្រុះរបស់លោកស្រី Meloni បាននិយាយថា កិច្ចព្រមព្រៀងក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ដែលមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០២៤ នឹងមិនត្រូវបន្តជាថ្មីនោះទេ។
មន្រ្តីអ៊ីតាលីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «យើងមានគោលបំណងពេញលេញក្នុងការរក្សាទំនាក់ទំនងល្អប្រសើរជាមួយចិន បើទោះបីជាយើងលែងជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មក៏ដោយ»។
ប្រភពមួយទៀត ដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា បាននិយាយថា ការចាកចេញនេះត្រូវបានធ្វើឡើងនៅក្នុងបែបផែនមួយ ដើម្បី«រក្សាច្រកពិភាក្សានយោបាយឱ្យនៅបើកចំហ» ប៉ុន្តែសុំមិនបញ្ជាក់លម្អិតជុំវិញការលើកឡើងនេះ។
អ្នកស្រី Yun Sun ប្រធានកម្មវិធីស្តីពីចិននៅមជ្ឈមណ្ឌល Stimson Center បានថ្លែងថា៖ «ក្នុងឋានៈជាប្រទេសដំបូងដែលបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម អ៊ីតាលីនឹងត្រូវចិនសម្លឹងមើលដោយមន្ទិលនិងចម្ងល់»។
អ្នកស្រី Sun បានលើកឡើងថា អ៊ីតាលីអាចត្រឹមលុបចោលគម្រោងផ្សេងៗពាក់ព័ន្ធនឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ជាជាងចាកចេញពីគម្រោងផ្តួចផ្តើមនេះទាំងសុ្រង។ ការចាកចេញទាំងស្រុងនេះ ធ្វើឱ្យមាន«រូបភាពលេចធ្លោខាងនយោបាយ»។
អ្នកស្រី Sun បានបន្តថា៖ «ខ្ញុំមិនអាចថា ទំនាក់ទំនងទ្វេភាគីនឹងត្រូវប្រេះឆា ដោយសារតែសេចក្តីសម្រេចនេះនោះទេ។ ប៉ុន្តែពិតណាស់ វាមិនបានផ្តល់ជារឿងល្អចំពោះការប្រាស្រ័យទាក់ទងទ្វេភាគីនាពេលអនាគតឆាប់ខាងមុខនោះទេ»។
សារព័ត៌មានអ៊ីតាលី Corriere della Sera ដែលបានទម្លាយព័ត៌មានខាងលើ បានរាយការណ៍ថា គោលបំណងរបស់រដ្ឋាភិបាលក្រុងរ៉ូមនៅក្នុងការចាកចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មត្រូវបានបញ្ជាក់ទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងកាលពីដើមខែធ្នូនេះ។
អ្នកជំនាញខ្លះគិតថា ពេលវេលានៃការជូនដំណឹងនេះអាចត្រូវបានគ្រោងទុកជាមុន គឺនៅមុន ចិនត្រៀមនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលជាមួយនឹងមន្រ្តីសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ។ កិច្ចប្រជុំនេះផ្តោតលើបញ្ហាស្មុគស្មាញមួយចំនួនដូចជា ឱនភាពពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
លោក Francesco Sisci អ្នកសារព័ត៌មានមានមូលដ្ឋាននៅក្រុងប៉េកាំង សម្រាប់សារព័ត៌មានអ៊ីតាលី SettimanaNews បាននិយាយថា៖ «ប្រហែលមានការព្រមព្រៀងជាមួយនឹងមេដឹកនាំសហភាពអឺរ៉ុបថា អ៊ីតាលីនឹងជូនដំណឹងទៅចិន មុនកិច្ចប្រជុំសហភាពអឺរ៉ុប ដើម្បីកុំឱ្យ [ការដកខ្លួនចេញនេះ] នាំឱ្យមានការយល់ច្រឡំណាមួយ»។
កាលពីពេលអ៊ីតាលីបានក្លាយជាប្រទេសសមាជិកគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម BRI កាលពីបួនឆ្នាំមុន អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte មានក្តីសង្ឃឹមខ្ពស់ចំពោះការជំរុញផ្នែកពាណិជ្ជកម្ម។ ប៉ុន្តែចាប់តាំងពីពេលនោះមក ចិនគឺជា អ្នកទទួលបានផលចំណេញមួយភាគធំ។
ការនាំចេញប្រចាំឆ្នាំរបស់ចិនទៅកាន់អ៊ីតាលីបានកើនឡើងជិតទ្វេដងពីចំនួន ៣៤ពាន់លានដុល្លារនៅឆ្នាំ ២០១៩ ដល់ ៦២ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ អំឡុងពេលដូចគ្នានេះ ការនាំចេញរបស់អ៊ីតាលីទៅកាន់ចិនបានកើនឡើងតែបន្តិចប៉ុណ្ណោះពី ១៤ពាន់លានដុល្លារ ដល់ ១៧,៧ ពាន់លានដុល្លារ។
អ៊ីតាលី ដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសចំនួន៧ដែលឈានមុខគេក្នុងវិស័យឧស្សាហកម្ម ឬហៅកាត់ថា G7 នៅឆ្នាំ ២០២៤ និងដែលនឹងធ្វើជាប្រធានប្តូរវេននៃក្រុមប្រទេសនេះ គឺជា ប្រទេសបស្ចិមលោកតែមួយគត់ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនេះ។ ការណ៍នេះបានកើតឡើង បើទោះបីសហរដ្ឋអាមេរិកធ្លាប់បានព្រមានថា ចិនអាចទទួលបានអំណាចគ្រប់គ្រងលើផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។
លោក Sisci បានថ្លែងប្រាប់វីអូអេថា៖ «ការចូលរួមរបស់អ៊ីតាលីនៅក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនៅឆ្នាំ ២០១៩ បានបញ្ជូនជាសារខុសឆ្គងមួយទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបនិងអង្គការអូតង់ផ្សេងទៀត»។ លោកបានបន្តថា រដ្ឋាភិបាលរបស់លោកស្រី Meloni ឥឡូវនេះ កំពុងបង្ហាញថា «ខ្លួនកំពុងវិលត្រឡប់មកស្របជាមួយនឹងដៃគូនិងសម្ពន្ធមិត្តរបស់ខ្លួនឡើងវិញ»។
លោកស្រី Meloni ដែលជាបុគ្គលប្រជានិយមបែបស្តាំនិយមនៅអឺរ៉ុប មានចង់បង្ហាញទៅពិភពលោកថា អ៊ីតាលីឈរជាមួយនឹងអង្គការអូតង់។ នៅខែមិថុនា រដ្ឋាភិបាលរបស់លោកស្រីបានដាក់កំហិតលើអំណាចរបស់ក្រុមហ៊ុនចិន Sinochem ដែលមានភាគហ៊ុនលើក្រុមហ៊ុនផលិតកង់រថយន្តអ៊ីតាលី Pirelli។ យោងតាមប្រភពមួយពីរដ្ឋាភិបាល លោកស្រីបានសន្យាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីដើមឆ្នាំនេះថា អ៊ីតាលីនឹងចាកចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម BRI របស់ចិន។
រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក Antonio Tajani បានធ្វើដំណើរបេសកកម្មការទូតទៅកាន់ក្រុងប៉េកាំងកាលពីខែកញ្ញា ហើយប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ត្រូវបានរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅឆ្នាំ ២០២៤។ លោកស្រី Meloni បាននិយាយថា លោកស្រីក៏មានបំណងធ្វើទស្សនកិច្ចទៅកាន់ក្រុងប៉េកាំងផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ឱ្យដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា