នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាសប្តាហ៍នេះ តំណាងរាស្រ្តអាមេរិកមួយរូបបានជំរុញកម្ពុជាឲ្យដើរតាមគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សដើម្បីរួចផុតពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ទាក់ទងនឹងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ដែលកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាអាមេរិក។ តំណាងរាស្រ្តរូបនោះក៏ស្នើឲ្យកម្ពុជាមានតម្លាភាពចំពោះអាមេរិក និងប្រជាជនកម្ពុជាលើបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាមេរិកសង្ស័យថា ចិនអាចនឹងប្រើប្រាស់ជាមូលដ្ឋានទ័ពរបស់ខ្លួនដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយសំឡេងសហរដ្ឋអាមេរិក (វីអូអេ)នៅថ្ងៃពុធនេះ សមាជិករដ្ឋសភាអាមេរិក មកពីរដ្ឋញូវយ៉ក លោក Gregory Meeks បានថ្លែងថា លោកចង់ឃើញការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌ ហើយសំឡេងសង្គមស៊ីវិលត្រូវបានទទួលយក និងអ្នកដែលចង់ចូលរួមប្រកួតប្រជែងត្រូវបានអនុញ្ញាតឲ្យចូលរួមផងដែរ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ការបោះឆ្នោតមានលក្ខណៈសេរី និងត្រឹមត្រូវមួយកើតឡើងឆាប់ៗនេះ។ ហើយយើងសង្ឃឹមថា សំឡេងសង្គមស៊ីវិលត្រូវបានគេដឹងឮ។ ហើយវាជារឿងសំខាន់ណាស់ ដែលប្រជាពលរដ្ឋចង់ឈរឈ្មោះដើម្បីកាន់ការងាររដ្ឋ»។
កាលពីខែកញ្ញា ឆ្នាំ២០២២ រដ្ឋសភាសហអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលមានគោលដៅដាក់ទណ្ឌកម្មលើក្រុមមន្ត្រីកម្ពុជាដែលត្រូវរកឃើញថា ជាអ្នកទទួលខុសត្រូវចំពោះការធ្វើឲ្យខូចប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើសេចក្តីស្នើច្បាប់នេះមានការអនុម័តពីព្រឹទ្ធសភាអាមេរិក និងចុះហត្ថលេខាដោយលោកប្រធានាធិបតី Joe Biden នោះវានឹងបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកអាចបង្កករាល់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក រឹតត្បិតប្រតិបត្តិការហិរញ្ញវត្ថុជាមួយសហរដ្ឋអាមេរិក និងហាមឃាត់មិនឲ្យជាន់លើទឹកដីសហរដ្ឋអាមេរិកចំពោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល យោធា និងកងកម្លាំងសន្តិសុខនៅកម្ពុជាដែលរដ្ឋាភិបាលអាមេរិកចាត់ទុកថា បានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។
ទោះយ៉ាងណា លោក Gregory Meeks ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក ប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍ថា លោកមិនអាចនិយាយជំនួសព្រឹទ្ធសភាអាមេរិកទេ ប៉ុន្តែលោកពិតជាចង់ឲ្យសេចក្តីស្នើច្បាប់នេះត្រូវបានអនុម័តជាច្បាប់ ហើយប្រកាសឲ្យប្រើប្រាស់។
លោកថ្លែងថា៖ «ខ្ញុំពិតជាចង់ឲ្យច្បាប់នេះត្រូវបានអនុម័តមែន។ ដូច្នេះហើយទើបអ្នកតាក់តែងច្បាប់អាមេរិកអនុម័តច្បាប់នេះ។ ប៉ុន្តែទោះយ៉ាងម៉េចក៏ដោយ យើងត្រូវតែបន្តធ្វើការជាមួយប្រជាជនកម្ពុជា។ ដូច្នេះហើយវាមានសារៈសំខាន់មែនទែនដែលយើងមកទីនេះ»។
ទាក់ទងនឹងបញ្ហានៅមូលដ្ឋានកងទ័ពនៅសមុទ្ររាមវិញ លោក Gregory Meeks ថ្លែងថា អាមេរិកចង់ឃើញតម្លាភាពលើការពាក់ព័ន្ធរបស់ចិនក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពនោះ។
លោកប្រាប់វីអូអេថា៖ «ដូច្នេះយើងចង់ឲ្យប្រាកដថា មានតម្លាភាពជាមួយសហរដ្ឋអាមេរិក ហើយមានតម្លាភាពជាមួយប្រជាជនកម្ពុជាអំពីការពាក់ព័ន្ធរបស់ប្រទេសចិននៅកម្ពុជា»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោលការរិះគន់លទ្ធិប្រជាធិបតេយ្យ និងការមិនចម្រើនទៅមុខក្នុងវិស័យសិទ្ធិមនុស្ស។ លោកអះអាងថា បើកម្ពុជាមិនគោរពលទ្ធិប្រជាធិបតេយ្យ នោះទំនងជាប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាមស៊ីវិលមួយនេះ មិនមានសន្តិភាពទេ និងថា ការរំលាយគណបក្សសង្គ្រោះជាតិក៏មិនមែនជាការរំលោភសិទ្ធិសេរីភាព និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនោះឡើយ។
លោកថ្លែងថា៖ «អ៊ីចឹងការធ្វើច្បាប់និយាយពីប្រជាធិបតេយ្យនៅកម្ពុជា ខ្ញុំយល់ថា វាជាចេតនាមួយផ្ទុយពីការណ៍ពិតនៃសភាពការណ៍កម្ពុជា»។
លោកបន្តថា៖ «យើងយល់ថា បើសិនណាមិនមានការរំលាយអតីតបក្សប្រឆាំង ដែលល្មើសច្បាប់ទេ ខ្ញុំយល់ថា ប្រទេសយើងត្រូវគេទិតៀន ត្រូវគេវាយប្រហារថា យើងនេះមិនមែនជានីតិរដ្ឋទេ។ ហើយយើងមិនដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីទេ។ អ៊ីចឹងដោយសារថា យើងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរី ហើយយើងពង្រឹងនីតិរដ្ឋស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយបានជាយើងចាត់វិធានការផ្លូវច្បាប់ចំពោះជនណា ឬក្រុមណាដែលប្រព្រឹត្តល្មើសច្បាប់ ហើយដែលប៉ះពាល់ អន្តរាយដល់សន្តិសុខជាតិ ដល់សេចក្តីរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ»។
លោក សុខ ឥសាន លើកឡើងទៀតថា បើចង់ដឹងពីតម្លាភាពនៃមូលដ្ឋានទ័ពរាម លុះត្រាចុះទៅមើលទីតាំងជាក់ស្តែង។
លោកបន្ថែមថា៖ «បើចង់ឲ្យមានតម្លាភាព លុះត្រាតែគាត់អញ្ជើញទៅតារាសាគរ។ គាត់អញ្ជើញទៅរាម ទៅមើលផ្ទាល់ភ្នែកតែម្តងថា តើតារាងកប៉ាល់ហោះដែលគេធ្វើជាតារាងលក្ខណៈអន្តរជាតិនេះ គេទទួលកប៉ាល់ហោះយោធាចិន ឬមួយម៉ារីនចិន អាហ្នឹងគាត់នឹងឃើញហើយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា នៅពេលសហគមន៍អន្តរជាតិទាមទារឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយកម្ពុជាចេះតែច្រានចោលបែបនេះគឺមិនមានផលចំណេញអ្វីនោះទេ។ លោកកត់សម្គាល់បន្ថែមថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលមិនទាន់បង្ហាញពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គមនៅឡើយទេ។
លោកនិយាយថា៖ «ការលើកឡើងរបៀបនេះវាជាបញ្ហាទៅវិញទេ ព្រោះអ្វីដែលជាការលើកឡើងរបស់សហគមន៍អន្តរជាតិ គេចង់ឃើញកម្ពុជាយើងមានការបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ អ្វីទាំងអស់នេះវាជាផលប្រយោជន៍មកដល់ប្រជាពលរដ្ឋ ក៏ដូចជាភាពរីកចម្រើននៃសង្គមកម្ពុជាដែរ។ ហើយការដែលចេះតែច្រានចោលរបៀបនេះ វាហាក់ដូចជាមិនឆ្លុះបញ្ចាំងការណ៍ពិតនោះទេ។ ហើយទោះបីថា ការលើកឡើងថា មានការប្តេជ្ញាចិត្ត មានការគោរពតាមអីទាំងអស់នេះ វាគ្រាន់ជាការថ្លែងប៉ុណ្ណោះ ប៉ុន្តែរូបភាពពិតជាក់ស្តែង ដែលកើតនៅក្នុងសង្គមកម្ពុជាយើង មិនមែនជាការឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងនោះទេ»។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Joe Biden (ចូ បៃដិន) ប្រធានាធិបតីអាមេរិក ដែលមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បានលើកឡើងអំពីក្តីបារម្ភទាក់ទិនមូលដ្ឋានកងទ័ពជើងទឹករាមនេះផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជានិងចិនបានបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានរាម ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមការងារនៃកងទ័ពរំដោះប្រជាជនចិន។ ប៉ុន្តែការសាងសង់សំណង់ថ្មី និងការធ្វើទំនើបកម្មផ្សេងៗក្នុងមូលដ្ឋាននេះក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា ចិននឹងប្រើប្រាស់មូលដ្ឋាននេះសម្រាប់ពង្រីកអំណាចរបស់ខ្លួន។
កាលពីកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការធ្វើទំនើបកម្មបញ្ជាការដ្ឋានទ័ពជើងទឹករាម ដែលលោកថា ជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយផងដែរ។ ប៉ុន្តែលោកច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ការធ្វើទំនើបកម្មនេះមិនមែនធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ដល់ការពង្រីកឥទ្ធិពលរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងតំបន់ឡើយ៕