ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រេសិត​សិទ្ធិ​មនុស្ស​អ.ស.ប.​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការចាប់ឃុំ​ខ្លួន​អ្នកការពារ​បរិស្ថាន​ម្នាក់​នៅ​ខេត្ត​រតនគិរី


រូបឯកសារ៖ លោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​អ.ស.ប​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រេសិត​​របស់​អង្គការ​សហ​ប្រជា​ជាតិ៥​រូប​ដែល​បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការចាប់ឃុំ​ខ្លួន​អ្នកការពារ​បរិស្ថាន​គឺ​លោក ឆន ផល្លា។
រូបឯកសារ៖ លោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​អ.ស.ប​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រេសិត​​របស់​អង្គការ​សហ​ប្រជា​ជាតិ៥​រូប​ដែល​បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការចាប់ឃុំ​ខ្លួន​អ្នកការពារ​បរិស្ថាន​គឺ​លោក ឆន ផល្លា។

ក្រុម​ប្រេសិតរបស់​អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប) ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​៥​រូប​បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​កាត់​ទោស​សកម្មជន​ការ​ពារ​បរិស្ថាន​ក្នុង​ខេត្ត​រតនគិរី គឺលោក ឆន ផល្លា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១។

ការ​ចោទ​សួរ​នោះ ធ្វើ​ឡើង​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​លិខិត​ឆ្លើយ​ត​ប​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ តំណាង​ឱ្យរដ្ឋាភិបាល​កម្ពុជា។

ប្រេសិត​សិទ្ធិ​មនុស្ស​ទាំង៥​រូប​នោះ​រួមទាំង​ លោក ​វិទិត ម៉ុន​តារបន​ (Vitit Muntarbhorn)​ អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

អ្នក​រាយការណ៍​ពិសេស​ទាំង​៥​រូប​បាន​ស្នើ​សុំ​ឱ្យរដ្ឋាភិបា​ល​កម្ពុជា​ផ្តល់​ព័ត៌មាន​ពេញ​លេញ​ទៅ​លើ​អង្គ​ហេតុ និង​អង្គច្បាប់​ដែល​នាំ​ឱ្យមាន​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា ពន្យល់​ពី​ហេតុ​ផល​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ផ្តល់​ព័ត៌មាន​អំពីស្ថានភាព​សុខ​ភាព និង​លក្ខខណ្ឌ​សន្តិសុខ​របស់​លោក ផល្លា ក្នុង​មណ្ឌល​ឃុំ​ឃាំង និង​ផ្តល់​ព័ត៌​មាន​អំពី​លទ្ធផល​នៃ​ការ​ស៊ើ​ប​អង្កេត​ទៅ​លើ​ការ​វាយ​ប្រហារ​រូប​លោក កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២០ ជា​ដើម។

នៅ​ក្នុង​លិខិត​ឆ្លើយ​តប​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ ភាគី​កម្ពុជា​បាន​លើក​ឡើង​ថា​ សកម្មភាព​របស់​លោក ឆន ផល្លា បាន​បំពានសណ្តាប់​ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​កម្ពុជា ដែល​ត្រូវ​ផ្តន្ទា​ទោស។

នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​ដែល​ផ្ញើ​ទៅ​អ្នក​រាយការណ៍​ពិសេស រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ លោក ឆន ផល្លា មាន​«ចេតនា​អាក្រក់​» ដែល​បាន​កាប់​ព្រៃឈើ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​សម្រាប់​ការ​កាន់​កាប់​ផ្ទាល់​ខ្លួន​ក្នុង​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតន​គិរី។ ពួកគេ​បញ្ជាក់​ថា​លោក ផល្លា បាន​ប្តឹង​ផ្តល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ដោយ​យក​ជា​លេស​ការពារ​បរិស្ថាន និង​ធម្មជាតិ ប៉ុន្តែ​តាម​ពិត​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ​ក្តី​បារម្ភ​ដែល​លើក​ឡើង​ដោយ​អ្នក​រាយ​ការណ៍​ពិសេស​អំពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ការ​វាយ​ប្រហារ ការ​គំរាមកំហែង ការ​ប្រើ​ប្រាស់​បទ​ឧក្រិដ្ឋ និង​ការ​រំលោភ​សិទ្ធិ​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ផ្នែក​បរិស្ថាន «មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ឡើយ»។

លោក ឆន ផល្លា អាយុ​៤៣​ឆ្នាំ ត្រូវ​តុលាការ​ខេត្ត​រតនគិរី​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ កាល​ពី​ចុង​ឆ្នាំ​២០២១ ពី​បទកាប់​រាន​ដី​ព្រៃ​ឈូស​ឆាយ ​និង​ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ​ដោយ​យោង​តាម​ច្បាប់​ស្តីពី​ព្រៃ​ឈើ។

មន្រ្តី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចាត់​ទុក​ថា ការ​ផ្តន្ទា​ទោស​លោក ​ឆន ផល្លា​ ជា​ចេតនា​បំបាក់​ស្មារតី​របស់​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ហ៊ាន​តតាំង​នឹង​បុគ្គល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ។​

លោក កែវ ភក្តី អ្នក​នាំពាក្យអយ្យការ​អមសាលា​ដំបូង​ខេត្ត​រតនគិរី ​ប្រាប់​វីអូអេ​ថា ​រឿង​ក្តី​របស់​លោក ឆន ផល្លា កំពុង​តែ​នៅ​ក្នុង​ដៃ​របស់​ក្រុម​ជំនុំ​ជម្រះ​ ហេតុ​នេះ​ការ​សម្រេច​ឱ្យ​មាន​ទោស ឬ​យ៉ាងណា គឺ​ចាំ​មើល​ក្រោយ​ពេល​ក្រុម​ជំនុំ​ជម្រះ​សាក​សួរ​រួច​រាល់​សិន។

លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្តី​ឱ្យ​លោក ឆន ផល្លា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​សាលា​ឧទ្ទរណ៍​ខេត្ត​ត្បូង​ឃ្មុំ​នឹង​ប្រកាស​សាល​ដីកា​លើ​ករណី​របស់​លោក ឆន ផល្លា នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ២០២២ ខាង​មុខ​នេះ​ ខណៈ​លោក​សង្ឃឹម​ថា​ តុលាការ​នឹង​មិន​ពន្យារ​ពេល​នៃ​ការ​ប្រកាស​សាល​ដីកា​ទៀត​ឡើយ។

មេធាវី​រូប​នេះ​យល់​ថា​ ការ​ចោទ​ប្រកាន់ រួម​ទាំង​ការ​សម្រេច​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក គឺ​អយុត្តិធម៌ និង​មាន​ភាព​មិន​ប្រក្រតី។

លោក​ថ្លែង​ថា​៖ «សម្រាប់​ខ្ញុំ​គិត​ថា​ រឿង​ហ្នឹង​វា​អយុត្តិធម៌​សម្រាប់​គាត់ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​បើ​យើង​និយាយ​ពី​គោល​ការណ៍​ទទួល​បាន​យុត្តិធម៌ វា​អយុត្តិ​ធម៌​មែន​ទែន...»។

ចំណែក​អ្នកស្រី ខាំ សាលុង ភរិយា​របស់​លោក ឆន ផល្លា លើក​ឡើង​ថា​ អ្នកស្រី​មិន​បាន​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​របស់​អ្នកស្រី​ជាង​១​ខែ​ហើយ ដោយ​សារ​តែ​មិន​មាន​ថវិកា​ដើម្បី​ធ្វើ​ដំណើរ។ អ្នក​ស្រី​ថា ​គ្រួសារ​មាន​ការ​លំបាក​ខ្លាំង​ក្រោយ​ពី​ស្វាមីត្រូវ​បាន​ចាប់​ឃុំ​ឃាំង ខណៈ​កូន​ទាំង​៣​នាក់​មិន​បាន​ទៅ​សាលា​រៀន​នោះ​ទេ ដោយ​សារ​បញ្ហា​ខ្វះ​ថវិកា។

អ្នក​ស្រី​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ក៏​ដូច​ការ​ឃុំ​ខ្លួន​ស្វាមី​របស់​អ្នកស្រី​ថា​ មិន​ត្រឹម​ត្រូវ​ និងអយុត្តិធម៌ ខណៈ​អំពាវនាវ​ឱ្យ​មាន​ការ​អន្តរាគមន៍​ពី​ស្ថាប័​ន​ពាក់ព័ន្ធ ឱ្យដោះ​លែង​លោក ឆន ផល្លា ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​

អ្នកស្រី​ថ្លែង​ថា៖ «អត់​យុត្តិធម៌​ទេ អត់​យុត្តិធម៌​ទេ​រឿង​ហ្នឹង​ ព្រោះ​គាត់​ការពារ​ព្រៃឈើ​ មែន​ទែន​ទៅ បែរ​ជា​ចាប់​គាត់​ដាក់​គុក​ដាក់​ច្រវាក់។ អត់​យុត្តិធម៌​គេ​ធ្វើ​អ៊ីចឹង»។

បើ​តាម​ហ្វេសប៊ុក​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទោះ​បីជា​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា និង​ការ​រើស​អើង​ក៏ដោយ ក៏​លោក ឆន ផល្លា នៅ​តែ​បន្ត​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ការ​ការ​ពារ​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​រតន​គិរី និង​ខេត្ត​មណ្ឌល​គិរី។ ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​ឱ្យដឹង​ទៀត​ថា ​លោក​បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​ចង​ក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​បរិស្ថាន និង​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អាជ្ញាធរ​ដែល​ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​ដី​ធ្លី ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១​មក លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ក្រោម​ច្បាប់​ស្តី​ពី​ព្រៃឈើ បន្ទាប់​ពី​លោក​បដិសេធ​ក្នុង​ការ​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​មន្ត្រី​ចំនួន​៧​រូប៕

XS
SM
MD
LG