ក្រោយពីបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាសប្តាហ៍នេះ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Edward Markey បានជំរុញកម្ពុជាសម្រេចឱ្យបាននូវការសន្យាតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដោយឈរលើការគោរពសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលវីអូអេទទួលបានកាលពីថ្ងៃព្រហស្បតិ៍ លោក Markey បញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវសម្រេចឱ្យបាននូវការសន្យាដែលចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និងប្រកាន់យកសេរីភាពសម្តែងមតិ សិទ្ធិមនុស្សនិងនយោបាយ...»។
លោកលើកឡើងបន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងអ្នកទោសនយោបាយ និងត្រូវបញ្ឈប់ការបង្ក្រាបទៅលើបក្សប្រឆាំង ដោយត្រូវអនុញ្ញាតមកវិញនូវសេរីភាពនៃការសម្តែងមតិ និងសេរីភាពសារព័ត៌មាន។
គ្រាក្នុងប្រទេសកម្ពុជា លោក Markey ក៏បានជួបជាមួយអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា កាលពីថ្ងៃទី ១៦ ខែសីហា ផងដែរ។ លោកបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់រាល់បទចោទលើលោក កឹម សុខា កញ្ញា សេង ធារី និងអ្នកទោសនយោបាយផ្សេងទៀត ដើម្បីអាចឱ្យពួកគេចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ដោយសេរី។ បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ លោក Markey អះអាងថា ការចោទប្រកាន់លើលោក កឹម សុខា គឺក្រោមហេតុផលនយោបាយ។
លោកបញ្ជាក់ក្នុងន័យដើមថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះភាពក្លាហាន និងឆន្ទៈរបស់លោក កឹម សុខា ដែលបន្តក្រោកឈរឡើង ដើម្បីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បើទោះបីជាមានការយាយីពីរដ្ឋាភិបាលជាបន្តបន្ទាប់ក៏ដោយ។ ការចោទប្រកាន់ប្រឆាំងរូបលោក [លោក កឹម សុខា] គួរតែទម្លាក់ចោទជាបន្ទាន់ ហើយលោក និងគណបក្សសង្គ្រោះជាតិគួរតែបានអនុញ្ញាតឱ្យចូលរួម ដោយសេរីក្នុងដំណើរការបោះឆ្នោត»។
លោក Edward Markey បានដឹកនាំគណៈប្រតិភូសភាអាមេរិកចំនួន ៤ រូបផ្សេងទៀត មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ១៦ និងទី ១៧ ខែសីហា ដោយបានជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមអង្គការសង្គមស៊ីវិល ដោយបានពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស នយោបាយ លទ្ធិប្រជាធិបតេយ្យ ការបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងបញ្ហានៅមូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុផងដែរ។
កាលពីឆ្នាំមុន សមាជិកព្រឹទ្ធសភាអាមេរិក លោក Edward Markey បានស្នើសេចក្តីស្នើច្បាប់ S-3052 ស្តីពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះក៏តម្រូវឱ្យដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណាដែលរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដោយការបង្កកទ្រព្យសម្បត្តិដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិក និងដកហូតទិដ្ឋាការដែលមានស្រាប់។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ថ្លែងថា រដ្ឋាភិបាលកម្ពុជាប្រហែលជាមិនមានការឆ្លើយតបទៅនឹងការទាមទារឱ្យគោរពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ ព្រោះរដ្ឋាភិបាលធ្លាប់ថា កិច្ចព្រមព្រៀងនេះបានចប់រួចហើយ។
លោកបានថ្លែងបន្តថា ទាក់ទងនឹងការទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់លើអតីតគណបក្សប្រឆាំងនោះ គណបក្សកាន់អំណាចទំនងព្រួយបារម្ភពីការបាត់បង់សំឡេងគាំទ្រក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ និងអាចខ្លាចប៉ះពាល់ដល់ដំណើរការផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត នាពេលអនាគត។
លោកប្រាប់វីអូអេថា៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជា ឬក៏កម្ពុជាឆ្លើយតបកង្វល់របស់សហគមន៍អន្តរជាតិ ដែលមានប្រតិភូសភាសហរដ្ឋអាមេរិក មានតំណាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាដើម ដែលជួបលោក កឹម សុខា នេះ ខ្ញុំគិតថា វាប្រហែលជាអាចបង្កឱ្យមានការព្រួយបារម្ភទៅដល់គណបក្សកាន់អំណាច ពាក់ព័ន្ធការគាំទ្រសម្រាប់គណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ខាងមុខ ហើយក៏អាចបារម្ភទៅលើស្ថិរភាពនៃការផ្ទេរអំណាចរបស់គណបក្សកាន់អំណាច ក្រោយការបោះឆ្នោតឆ្នាំ ២០២៣ ដែរ»។
ប៉ុន្តែលោកលើកឡើងថា អ្នកនយោបាយកម្ពុជាគួរតែផ្សារភ្ជាប់ជាមួយគោលការណ៍ច្បាប់ដែលកម្ពុជាបានផ្តល់សច្ចាប័ន ដោយមិនគួរត្រូវគិតពីក្រុមគ្រួសារ ឬបក្សពួកខ្លួនជាធំ ដែលធ្វើឱ្យកម្ពុជាអាចបាត់បង់ប្រយោជន៍ពីទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិបន្ថែមទៀតនោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា បើសិនជាភាគីកម្ពុជាមិនឆ្លើយតបទៅនឹងកង្វល់ ឬក៏ការលើកឡើងរបស់សហរដ្ឋអាមេរិកទេ ហើយសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិទេ កម្ពុជាអាចប្រឈមទៅនឹងការខាតបង់ ឬបាត់បង់ការគាំទ្រ...ទីមួយ ពាក់ព័ន្ធនយោបាយការទូត នយោបាយការបរទេសរបស់ខ្លួន។ ទីពីរ ពាក់ព័ន្ធអត្ថប្រយោជន៍ពាណិជ្ជកម្មដែលកម្ពុជាទទួលបានពីសហគមន៍អន្តរជាតិមាន GSP ពីសហរដ្ឋអាមេរិក ហើយ EBA ពីសហគមន៍អឺរ៉ុបជាដើម អាចប្រឈមនឹងការបាត់បង់ច្រើនជាងនេះ»។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ កត់សម្គាល់ថា រដ្ឋាភិបាលមិនទាន់បានបំពេញនូវកាតព្វកិច្ចខ្លួនគ្រប់គ្រាន់ នៅក្នុងការធានាបើកលម្ហផ្នែកនយោបាយទេ ព្រោះការធ្វើទុក្ខបុកម្នេញលើសកម្មជន និងថ្នាក់ដឹកនាំនយោបាយ ការលើកកម្ពស់សិទ្ធិនយោបាយ នៅតែជាបញ្ហាប្រឈម។
លោកថ្លែងបន្ថែមថា ការចោទប្រកាន់លើសកម្មជននយោបាយ គឺជាការជាប់គាំងនយោបាយដ៏ធំ ដែលទាមទារឱ្យមានការដោះស្រាយ ហើយរដ្ឋាភិបាលត្រូវតែធានា និងជំរុញឡើងវិញនូវលម្ហនយោបាយ ដើម្បីធានាដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ និងដើម្បីធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញពីឆន្ទៈដោះស្រាយនយោបាយនៅកម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា ចង់មិនចង់ ប្រទេសកម្ពុជាត្រូវដើរតួនាទីមួយ ដើម្បីធ្វើយ៉ាងណានៅក្នុងកម្រិតយន្តការអន្តរជាតិនៅតំបន់ហ្នឹង ធានាថា ខ្លួនពិតជាបានផ្តល់នូវយន្តការក្នុងការស្វែងរកដំណោះស្រាយផ្នែកនយោបាយ។ ហើយការដោះលែងនៃសកម្មជនជាន់ខ្ពស់ផ្នែកនយោបាយនេះ ខ្ញុំគិតថា វាជាជំហានមួយដែលវិវឌ្ឍ តែធ្វើបាន ឬមិនបាន វាអាស្រ័យលើឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគណបក្សកាន់អំណាចតែប៉ុណ្ណឹង»។
លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះវីដេអូមួយលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ១៧ ខែសីហានេះ អំពីលម្ហសេរីភាពនៅកម្ពុជា ដោយអះអាងថា កម្ពុជាមិនបានបិទសិទ្ធិសេរីភាព ឬសិទ្ធិនយោបាយអ្វីនោះទេ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកមកកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីក្រុមសមាជិកព្រឹទ្ធសភានិងរដ្ឋសភាទាំង ៥ រូបនេះបានបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅកោះតៃវ៉ាន់ ដែលកំពុងប្រឈមភាពតានតឹងទាំងផ្នែកការទូត និងយោធា។ ដំណើរទស្សនកិច្ចរបស់ពួកគេ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់សមាជិកសភាមកពីគណបក្សធំៗពីររបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់អាស៊ី៕