ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ ថា​ ​មិន​មាន​ការ​ពិភាក្សា​អំពី​កញ្ញា ​សេង ធារី ​ក្នុង​ជំនួប​​ជាមួយ​លោក ​Biden ​ឡើយ


រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក (ឆ្វេង) ចាប់ដៃជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុនជំនួបទ្វេភាគីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក (ឆ្វេង) ចាប់ដៃជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុនជំនួបទ្វេភាគីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​បដិសេធ​ថា​ មិន​មាន​ការ​ជជែក​ជាមួយ​ប្រធានា​ធិបតី​អាមេរិក ​លោក ​Joe Biden ​ទៅ​លើ​ការ​ស្នើ​ដោះ​លែង​មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ កញ្ញា ​សេង ធារី ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះ​វិហារ​ឡើយ។​

ប៉ុន្តែ​ការ​អះអាង​របស់​លោក ​ហ៊ុន សែន ​ដែល​ជួប​លោក ​Biden ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​នេះ​ផ្ទុយ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ស្តីពី​ជំនួប​រវាង​លោក​ ហ៊ុន សែន​ និង​លោក​ Biden ​ដែល​និយាយ​ចំៗ​ឈ្មោះ​កញ្ញា​ សេង ធារី ​ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់។​

ក្រោយ​ជំនួប​ទ្វេភាគី​របស់​លោក ​ហ៊ុន សែន ​និង​លោក ​Biden ​សេ​ត​វិមាន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ ​«លោក​ប្រធានាធិបតី​ Biden ​ក៏​បាន​ជំរុញ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បើក​លម្ហ​សេរី​ភាព​ស៊ីវិល ​និង​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣។ ​លោក​ក៏​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ​ក្នុង​នោះ​មាន​កញ្ញា ​សេង ធារី​ មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកាំង»។​

ក្នុង​ពិធី​បិទ​សន្និបាត​ជាតិ​ខួប​៣០​ឆ្នាំ​នៃ​សកម្ម​ភាព​មីន​នៅ​កម្ពុជា ​ដែល​ធ្វើ​ឡើ​ង​នៅ​រាជ​ធានី​ភ្នំពេញ​ លោក​ ហ៊ុន សែន​ បាន​ហៅ​កញ្ញា ​សេង ធារី​ថា ​ជា​«អប្សរា​ក្បាល​ត្រងោល» ​ដោយ​សារ​កញ្ញា​ធ្លាប់​បង្ហាញ​មុខ​នៅ​តុលាការ ​ដោយ​ស្លៀក​ពាក់​ជា​អប្សរា ​ហើយ​កោរសក់​ផង​ដែរ។ ​លោក​បញ្ជាក់​ថា ​នៅ​ក្នុងកំណត់​ហេតុ​នៃ​ជំនួប​មិន​មាន​និយាយឈ្មោះ​កញ្ញា ​សេង ធារី ​ឡើយ។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖​ «ប៉ុន្តែ​ដល់​តែ​រឿង​ថា​ អីណា​អប្សរា​ក្បាល​ត្រងោល​ត្រូវ​តែ​ដោះ​លែង ​អ្នក​នេះ​ត្រូវ​តែ​ដោះ​លែង ​ដោះ​អី​ ខ្ញុំ​អត់​ដឹង ​ព្រោះ​អីខ្ញុំ​អត់​បាន​ស្តាប់ ​ខ្ញុំ​អត់​ ​ឮ​សម្តី ​Joe Biden និយាយ​អ៊ីចឹង​ផង»។​

បើ​តាម​លោក​ ហ៊ុន​ សែន​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​លម្ហ​សេរី​ភាព​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣។​

អ្នក​ស្រី ​Lisa Larson ​អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​ ​នៅ​ពេល​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា ​ លោក ​Biden​ បាន​ជំរុញ​ឱ្យ​កម្ពុជាដោះ​លែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ​និង​ដាក់​ពន្ធនាគារ​ ដែល​ក្នុង​នោះ​រួម​មាន​កញ្ញា ​សេង ធារី ​ផង​ដែរ។ ​ប៉ុន្តែ​មន្ត្រី​ស្ថានទូត​រូប​នេះមិន​បាន​បញ្ជាក់​ថា ​តើ​លោក ​Biden ​ពិត​ជា​បាន​លើក​ឈ្មោះ​កញ្ញា ​សេង ធារី​ចំៗ​ នៅ​ពេល​ជួប​ជាមួយ​លោក ​ហ៊ុន សែន​ ​ឬ​យ៉ាង​ណា​នោះ​ទេ។​

អ្នកស្រី​បញ្ជាក់​តាម​សារ​អ៊ី​ម៉ែល​ថា៖ ​«សុវត្ថិ​ភាព​ និង​សន្តិ​សុខ​របស់​ប្រជាជនអាមេរិករស់​នៅ​ប្រទេស​ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។ ​ក្នុង​អំឡុង​ពេលបំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ លោក ​Biden ​បាន​អំពាវ​នាវ​ឱ្យ​ដោះ​លែង​សកម្ម​ជន​ដែល​ជាប់​ឃុំ​ [ក្នុង​ពន្ធនាគារ] ​ទាក់​ទង​ការ​ចោទ​ប្រកាន់​មូល​ដោយ​ហេតុ​នយោ​បាយ ​ដែល​រួម​មាន​កញ្ញា ​សេង ធារី ​សញ្ញាតិ​ខ្មែរ-​អាមេរិកាំង។​ សហ​រដ្ឋ​អាមេរិកអំពាវនាវ​ឱ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្មជន​ដែល​ជាប់​ឃុំ​យ៉ាងអយុត្តិ​ធម៌។ ​យើង​ជំរុញ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​កាត់​ទោស​ក្រោម​មូល​ហេតុ​នយោ​បាយ​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ ដែល​អនុវត្ត​នូវ​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ពួក​គេ»។​

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែនករុណា ​យល់​ថា​ ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក​ទាក់​ទង​លម្ហ​សេរី​ភាព​នៅ​កម្ពុជា​នេះ​ គឺ​ធ្វើ​ឱ្យសាធារណ​ជន ​និង​អន្តរ​ជាតិ​ពិបាក​ជឿ​ជាក់​លើ​កម្ពុជា​ និង​ថែម​ទាំង​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋា​ភិបាល​កម្ពុជា​ថែម​ទៀត​ផង។​

លោក​ថ្លែង​ថា៖ ​«ការ​លើក​ឡើង​ទាំង​អស់​នេះ ​ប្រសិន​ជា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​នោះ ​គឺ​ផល​ប៉ះ​ពាល់​នឹង​ធ្លាក់​មក​លើ​ប្រមុខ​រដ្ឋាភិបាល​ខ្លួន​ឯង​ ដោយ​សារ​ថា​ ការ​ដែល​លើក​ឡើង​នោះ ​ទាំង​ដែល​មិន​ដោះ​ស្រាយ​ផង ​ហើយ​ថែម​ទាំង​មាន​ការ​និយាយ​ថ្លែង​ផ្ទុយ​គ្នា​អំពី​ព័ត៌មាន​នេះ​ទៅ​វិញ​ទៅ​ទៀត»។​

កាលពី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០​២២ ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ កញ្ញា ​សេង ធារី ​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ដែល​មាន​ទំនាក់​ទំនង​នឹង​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី កាលពី​ចុង​ឆ្នាំ​២០១៩។​

បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២២ ​កញ្ញា​ សេង ធារី ​និង​មេធាវី​លោក ​ជូង ជូងី ​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ទាមទារ​ឱ្យ​ដោះ​លែង​កញ្ញា​ សេង ធារី​ ឱ្យ​មាន​សេរី​ភាព​វិញ៕

XS
SM
MD
LG