ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថ្លែង​ពី​ជោគជ័យ​នៅ​អ.ស.ប ​ខណៈ​ខ្មែរ​អាមេរិកាំង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​

លោក​​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ប្រទេស​កម្ពុជា ថ្លែង​សុន្ទរកថា​​ទៅ​កាន់​មហាសន្និបាត​ទី​៧៧​របស់​​អង្គការ​សហប្រជាជាតិ​ នៅ​​ថ្ងៃ​សុក្រ​​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ​បូរី New York សហរដ្ឋ​អាមេរិក។
លោក​​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ប្រទេស​កម្ពុជា ថ្លែង​សុន្ទរកថា​​ទៅ​កាន់​មហាសន្និបាត​ទី​៧៧​របស់​​អង្គការ​សហប្រជាជាតិ​ នៅ​​ថ្ងៃ​សុក្រ​​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ​បូរី New York សហរដ្ឋ​អាមេរិក។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ប្រាប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ New York ​កាលពី​ថ្ងៃ​សុក្រ​ពី​វឌ្ឍនភាព​របស់​កម្ពុជា​និង​ការ​រក្សា​សន្តិភាព​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ក្នុង​ការបោះឆ្នោត​ឃុំ​ប្រឹក្សា​ឃុំ​សង្កាត់កាលពី​ខែ​មិថុនា​ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។ ស្រប​ពេល​គ្នា​នោះ​ដែរ​ សហគមន៍​ខ្មែរ​អាមេរិកាំងបាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​គោរព​លទ្ធិ​ប្រជាធិបតេយ្យនិង​គោរព​សិទ្ធិមនុស្ស​ប្រសើរ​ឡើង​វិញ និងដោះលែង​អ្នកទោស​នយោបាយ។​

លោក ​ហ៊ុន​ សែន​ បាន​ថ្លែង​ថា៖​ «ការ​កោត​សរសើរ​និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​ប្រជាជន​កម្ពុជា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ស្រាកស្រាន្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រក្សា​សន្តិភាព​ ស្ថិរភាព​នយោបាយ​ កិច្ច​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ប្រកប​ដោយ​ភាព​ជោគជ័យ​បាន​ជំរុញ​ឱ្យ​មាន​ការបោះឆ្នោត​ទុកចិត្ត​ជូន​គណបក្ស​កាន់​អំណាច​យ៉ាង​លើសលប់»។

គណបក្ស​ប្រជាជន​កម្ពុជាដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​គ្រប់គ្រង​លើ​ឃុំ​សង្កាត់​ចំនួន១.៦៤៨​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​១.៦៥២​ដោយ​គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​តែ​៤​ឃុំ​ប៉ុណ្ណោះ។​ នេះ​បើ​តាម​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។​

លោក​ ហ៊ុន សែន ​បាន​បន្ត​ប្រាប់​ដល់​មហាសន្និបាត​ថា​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នោះ​បាន​ដំណើរការ​ទៅ​ដោយ​ «សេរី ​យុត្តិធម៌​ សន្តិភាព​ និង​តម្លាភាព»។ ​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​ពី​ជោគជ័យ​ជាច្រើន​ទៀត​ក្រោម​ការដឹកនាំ​របស់​លោក​ក្នុង​នោះ​មានការ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «ទាក់ទង​ទៅ​នឹង​បេសកកម្ម​រក្សា​សន្តិភាព​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រាប់ពាន់​នាក់​ដើម្បី​បំពេញ​បេសកកម្ម​ក្នុង​បណ្តា​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ»។ ​

ប៉ុន្តែ​នៅ​ខាងមុខ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​វិញ​ បាតុករ​ខ្មែរ​អាមេរិកាំង​ប្រហែល​ជាង​២០០​នាក់​បានទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា​និង​ដោះលែង​អ្នកទោស​នយោបាយ​ក្នុង​នោះ​មាន​កញ្ញា​ សេង ធារី​ ដែល​ជា​អ្នកច្បាប់​ខ្មែរ​អាមេរិកាំង​ផង​ដែរ។

បាតុករ​កាន់​បដា​ថ្កោលទោស​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ដែល​បង្ក្រាបលើ​អ្នករិះគន់ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​មហាសន្និបាត​ទី​៧៧​នៃ​អង្គការ​សហប្រជាជាតិ នៅ​បូរី New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២។ (ម៉ែន គឹមសេង/វីអូអេ)​

បាតុករ​កាន់​បដា​រូបថត​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ លោក​ ពៀត ម៉ាប់​ ទាមទារ​ឱ្យ​ដោះលែង​លោក ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​មហាសន្និបាត​ទី​៧៧​នៃ​អង្គការ​សហប្រជាជាតិ នៅ​បូរី New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២។ (ម៉ែន គឹមសេង/វីអូអេ)

អ្នកស្រី ធិត គឹមហ៊ុន អ្នករៀបចំ​បាតុកម្ម​ស្លៀកពាក់​ជាស្ត្រី​តំណាង​សេរីភាព​ ដើម្បី​ទាមទារ​ឱ្យដោះលែង​កញ្ញា​ សេង ធារី ជា​មេធាវី​ខ្មែរ​អាមេរិកាំង ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​មហាសន្និបាត​ទី​៧៧​នៃ​អង្គការ​សហប្រជាជាតិ នៅ​បូរី New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២។ (ម៉ែន គឹមសេង/វីអូអេ)​ ​

អ្នកស្រី​ ធិត គឹមហ៊ុន ​អ្នក​រៀបចំ​បាតុកម្ម​បាន​ថ្លែង​ថា៖ «រូបភាព​ចូលរួម​នឹង​អង្គការ​សហប្រជាជាតិ​ជា​ការ​ល្អ​ដែល​គាត់​ចូលរួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ប៉ុន្តែ​សូម​កុំ​ភ្លេច​នូវ​ការអនុវត្ត។ ពាក្យ​សម្តី​យើង​អាច​និយាយ​បាន​ប៉ុន្តែ​ការអនុវត្ត​លំបាក​ណាស់។​ អ៊ីចឹង​សូម​ឱ្យ​លោក​ ហ៊ុន សែន​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​ថា ​គាត់​មាន​ការ​ផ្លាស់ប្តូរ​ មាន​ភាព​វិជ្ជមាន​ក្នុង​ការ​លើកឡើង​គាត់​ត្រូវ​ដោះលែង​កញ្ញា ​សេង ធារី​ ដោះលែង​អ្នកទោស​មនសិការ​ហើយ​ ឱ្យ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​យ៉ាង​យុត្តិធម៌​មួយ»។

ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ គណបក្ស​ភ្លើងទៀន​ដែល​បាន​ប្តូរ​ឈ្មោះ​មក​ពី​គណបក្ស ​សម រង្ស៊ី បាន​ទទួលសំឡេង​គាំទ្រ​ចំនួន​ជាង​១,៦​លាន​ដែល​ត្រូវ​ជា​២២%​នៃ​អ្នក​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ ក្រោយ​ពី​គណបក្ស​នេះ​ធ្វើសកម្មភាព​រយៈពេល​តែ៣​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត។​

លោក ឬទ្ធី អ៊ុង​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​បាន​ថ្លែង​ថា៖​ «ជា​កត្តា​មួយ​ស​ឱ្យ​ឃើញ​ថា​បងប្អូន​ខ្មែរ​នៅ​តែ​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​ការ​កែប្រែ​វិជ្ជមាន​ដោយ​សន្លឹក​ឆ្នោត។ បងប្អូន​ខ្មែរ​រង់ចាំ​យូរ​ហើយ»។​

ក្រុម​បាតុករ​ទាមទារ​ឱ្យ​អន្តរជាតិ​ផ្អាក​ថវិកា​និង​កុំ​ឱ្យ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា​ឆ្នាំ ២០២៣​ រហូត​ដល់​មាន​បរិយាកាស​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ពិតប្រាកដ​ក្នុង​នោះ​មាន​ការចូលរួម​សង្កេត​ការណ៍​ពី​អន្តរជាតិ។

លោក ឬទ្ធី អ៊ុង​ បាន​បន្ថែម​ថា៖ «យើង​មិន​សង្ឃឹម​ថា​លោក ​ហ៊ុន សែន ផ្លាស់ប្តូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ​ក៏​ប៉ុន្តែ​យើង​សំអាង​ទៅ​លើ​អន្តរជាតិ​ជំរុញ​ឱ្យ​មាន​អ្នកត្រួត​ពិនិត្យ​សន្លឹក​ឆ្នោត​ពី​អន្តរជាតិ​ ឱ្យ​មាន​ការ​តាម​ដាន​ពី​អន្តរជាតិ​ហើយ​អនុញ្ញាត​ឱ្យ​បងប្អូនដែល​ជា​បេក្ខជន​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ»។​

ព្រះសង្ឃ​សូត្រ​មន្ត​នៅ​ឯ​បាតុកម្ម​ខាងមុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​New York កាល​ពី​ថ្ងៃសុក្រ​ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​មហាសន្និបាត​ទី​៧៧​នៃ​អង្គការ​សហប្រជាជាតិ នៅ​បូរី New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២។ (ម៉ែន គឹមសេង/វីអូអេ)​ ​

បាតុកម្ម​នេះ​ក៏​មាន​ការចូលរួម​ពី​បាតុករ​ជនជាតិ​មីយ៉ាន់ម៉ា​ផង​ដែរ​ដែល​ប្រឆាំង​នឹង​ការដឹកនាំ​នៃ​របប​យោធា​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ដែល​បាន​ឡើង​កាន់​អំណាច​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​ដោយ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី​ Aung San Suu Kyi (អោង សានស៊ូជី)។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ បញ្ហា​មីយ៉ាន់ម៉ា​គឺ​ជា​វិបត្តិ​«ស្មុគ្រស្មាញ» ​ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ជួយ​មីយ៉ាន់ម៉ា​ដោះស្រាយ​វិបត្តិ​នេះ។

លោក​ ហ៊ុន សែន​ បាន​បន្ថែម​ថា៖ «ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គឺ​សំដៅ​ស្វែងរក​ការ​បញ្ចប់​អំពើ​ហិង្សា​ ការ​នាំ​មក​នូវ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ខ្វះខាត​និង​ការស្វែងរក​ការ​កសាង​ទំនុកចិត្ត​ក្នុង​ចំណោម​គ្រប់​ភាគី​ពាក់ព័ន្ធ​សំដៅ​បើក​ឱ្យ​មាន​ការសន្ទនា​នយោបាយ​រួម​មួយ​ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង​៥​ចំណុច​របស់​អាស៊ាន»។

លោក​ កៅ គឹមហួន​ រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ប្រាប់​វីអូអេ​ដែរ​ថា៖ «ខ្ញុំ​ថា​លើ​ពិភពលោក​នេះ​ប្រទេស​ណា​ក៏​មាន​បញ្ហា​សិទ្ធិមនុស្ស​ដែរ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ធ្វើ​បាន​ជោគជ័យ​ជាច្រើន​ហើយ​ការងារ​នេះ​គេ​ហៅ​ថា​ការងារ​វឌ្ឍនភាព​ដែល​ត្រូវ​ធ្វើ​ជាបន្តបន្ទាប់​ទៅ​មុខ​ទៀត​ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​ត្រូវ​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ទាំង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម»។

លោក​ កៅ គឹមហួន​ បន្ថែម​ថា​ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ជា​ការងារ​ដែល​រដ្ឋាភិបាលបន្ត​ធ្វើ​ជាប្រចាំ៖ «ការងារ​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ការងារ​សិទ្ធិ​របស់​យើង​ទាំងអស់​គ្នា​នេះ។​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​កម្ពុជា​គឺ​យើង​កំពុង​ជំរុញ​ហើយ»។​

បើ​ទោះបី​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ពី​ជោគជ័យ​និង​វឌ្ឍនភាព​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ​ដែល​ក្នុង​ពេល​ដែល​កម្ពុជា​ធ្លាប់​តែ​ទទួល​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ ហើយ​បែរ​មក​ចូលរួម​ចំណែក​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ក៏​ប៉ុន្តែ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាងមុខ​នេះ​គឺ​ជា​ការ​បង្ហាញ​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ជោគជ័យ​ដែល​កម្ពុជា​អះអាង​ថា ​ទទួល​បាន​ក្នុង​នាម​ជា​ប្រទេស​មួយ​និង​ក្នុង​នាម​ជា​ប្រធាន​របស់​សមាគម​អាស៊ាន​ផងដែរ៕

XS
SM
MD
LG