ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​​​​ដាក់​ទណ្ឌកម្ម​​​ថ្មីៗ​លើ​រុស្ស៊ី​ដោយសារ​​សង្គ្រាម​​​នៅ​អ៊ុយក្រែន


រូបឯកសារ៖​ មនុស្សដើរកាត់គម្រោង Arctic LNG 2 របស់ក្រុមហ៊ុនប្រេង Novatek ដែលមានទីតាំងនៅឧបទ្វីប Gydan របស់រុស្ស៊ី នៅលើខ្សែបន្ទាត់ច្រាំងសមុទ្រ Kara ក្នុងរង្វង់អាកទិក កាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021។
រូបឯកសារ៖​ មនុស្សដើរកាត់គម្រោង Arctic LNG 2 របស់ក្រុមហ៊ុនប្រេង Novatek ដែលមានទីតាំងនៅឧបទ្វីប Gydan របស់រុស្ស៊ី នៅលើខ្សែបន្ទាត់ច្រាំងសមុទ្រ Kara ក្នុងរង្វង់អាកទិក កាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021។

កាលពី​ថ្ងៃព្រហស្បតិ៍ សហរដ្ឋ​អាមេរិកបាន​ចាត់វិធានការ​ថ្មីៗប្រឆាំង​នឹង​រដ្ឋាភិបាលក្រុង​មូស្គូដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​សំដៅ​លើ​សមត្ថភាព​ថាម​ពលក្នុង​ពេល​អនាគត​របស់រុស្ស៊ី ការគេចវេះ​ពីការដាក់ទណ្ឌកម្មនិងដ្រូនអត្តឃាតដែលជាការគំរាមកំហែង​ដល់ក្រុមទាហានអ៊ុយក្រែននិង​គ្រឿងឧបករណ៍នៅក្នុង​ការដាក់​ទណ្ឌកម្ម​លើបុគ្គល​និង​អង្គភាព​រាប់រយ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយនៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​វិធានការថ្មីៗ​បំផុត​នេះ​សំដៅ​លើ​អង្គភាព​ធំមួយ​ទាក់ទិន​នៅក្នុង​ការ​អភិវឌ្ឍ ​ប្រតិបត្តិការ​និង​ជា​អ្នកមាន​កម្មសិទ្ធិ​នៃ​គម្រោង​ធំមួយដែល​គេស្គាល់​ថា Artic-2 LNG។ គម្រោង​នេះរំពឹង​ថា​នឹង​ដឹកជញ្ជូនឧស្ម័ន​ធម្មជាតិ​ដែលគេ​ស្គាល់​ថា​ឧស្ម័នធម្មជាតិរាវទៅ​កាន់​ទីផ្សារ​សាកល។​

រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនក៏​បានដាក់ទណ្ឌកម្ម​លើដ្រូន​អត្តឃាត KUB-BLA និង Lancet ដែលបាន​ត្រូវ​ប្រើ​ដោយ​ក្រុម​យោធារុស្ស៊ី​នៅ​ក្នុងប្រទេស​អ៊ុយក្រែន ​ដាក់ចូល​ក្នុងបញ្ជីខ្មៅ​នូវបណ្តាញ​មួយ​ដែលក្រសួងនេះ​បានចោទប្រកាន់ថាបាន​ទិញ​ឧបករណ៍​នានា​សម្រាប់គាំទ្រការផលិត​របស់​ដ្រូន​ទាំង​នោះ។ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើអ្នកបង្កើត​និងអ្នករចនាដ្រូន​ទាំងនេះផងដែរ។

កាលពី​ថ្ងៃព្រហស្បតិ៍​ដែរ ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិកបានបន្ថែម​អង្គភាព​១៣​នៅក្នុង​ប្រទេស​រុស្ស៊ី​និង​ប្រទេសអ៊ូសបេគីស្ថាន​ទៅក្នុង​បញ្ជីខ្មៅ​គ្រប់គ្រង​ការដឹកជញ្ជូនទំនិញ​ចេញ​ក្រៅ​ប្រទេស​របស់​ខ្លួន​ដោយសារ​អង្គភាព​ទាំងនេះ​បាន​ធ្វើ​ផ្ទុយ​នឹង​ផលប្រយោជន៍​សន្តិសុខ​ជាតិឬ​ផលប្រយោជន៍គោលនយោបាយ​ការបរទេសរបស់​សហរដ្ឋ​អាមេរិក។​

សហរដ្ឋ​អាមេរិកក៏​បាន​បង្ក្រាបការគេចវេះ​ពី​ការដាក់​ទណ្ឌកម្មនៅ​ក្នុង​ប្រទេសអេមីរ៉ាត​អារ៉ាប់រួម តួកគី​និង​ចិន​ ដូចដែល​ក្រសួងហិរញ្ញវត្ថុ​អាមេរិកបាននិយាយថាក្រុមហ៊ុននៅក្នុង​ប្រទេសទាំង​នេះ​បន្ត​បញ្ជូន​ទំនិញ​មាន​អាទិភាព​ខ្ពស់​អាច​ប្រើការ​បាន​ពីរ​យ៉ាងទៅ​ឱ្យ​រុស្ស៊ី មានរួម​មានគ្រឿងផ្សំដែល​រដ្ឋាភិបាល​ក្រុងមូស្គូ​ពឹងពាក់​លើសម្រាប់​ប្រព័ន្ធអាវុធ​របស់​ផង​ខ្លួនផងដែរ។

ធនាគារ​៧​នៅក្នុង​ប្រទេស​រុស្ស៊ី​និង​ក្រុមហ៊ុនឧស្សាហកម្មរាប់សិបក៏​បានរង​ការដាក់ទណ្ឌកម្ម​ដោយ​ក្រសួងហិរញ្ញវត្ថុ​ដែរ ​មានរួម​ក្រុមហ៊ុន​ Gazpromneft Catalytic Systems LLC ដែល​ក្រសួងហិរញ្ញវត្ថុ​និយាយថា​បាន​ផលិត​សារធាតុ​គីមី​សម្រាប់ធ្វើការចម្រាញ់​ប្រេង​បែប​ទំនើបនៅក្នុង​ប្រទេសរុស្ស៊ី។

អាជ្ញាធរ​វិមាន​ក្រឹមឡាំង​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​នៅមុន​ការដាក់​ទណ្ឌកម្ម​ទាំងនេះ​ថាខ្លួន​រំពឹង​ថា​ក្រុម​ប្រទេស​លោក​ខាងលិចនឹង​ដាក់​ទណ្ឌកម្មតឹងតែង​ជាងមុនដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន​ តែ​មាន​ការ​យល់ឃើញ​ច្រើន​ជាង​មុនថា​ការដាក់​ទណ្ឌកម្ម​បែប​នេះធ្វើឱ្យ​ខូច​ផល​ប្រយោជន៍​ពួក​ប្រទេស​លោក​ខាងលិច ​នៅពេល​ដែល​សេដ្ឋកិច្ច​រុស្ស៊ី​សម្របសម្រួល​ខ្លួន​បាន​ល្អ​ប្រសើរ៕

XS
SM
MD
LG