រុស្ស៊ីនឹងដកហូតទ្រព្យសម្បត្តិរបស់បណ្តាប្រទេសនៅអឺរ៉ុប ប្រសិនបើប្លុកនោះរឹបអូសយកថវិការុស្ស៊ីដែលត្រូវបានផ្អឹបទុកដើម្បីផ្តល់ហិរញ្ញវត្ថុសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើតាមលោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ីនិងសម្ពន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin។
កាលពីសប្តាហ៍មុន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីកំពុងព្រាងសំណើមួយដែលនឹងយកទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលផ្អឹបទុកដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ការស្ថាបនាប្រទេសអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម។
លោក Volodin បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍លើតេឡេក្រាមដែលបញ្ជូនសារតាម app ថា «ការសម្រេចបែបនេះនឹងតម្រូវឱ្យមានការឆ្លើយតបជាប្រព័ន្ធពីសហព័ន្ធរុស្ស៊ី។ ក្នុងករណីនេះ ទ្រព្យសម្បត្តិដែលជារបស់ប្រទេសអមិត្តនឹងត្រូវដកហូតលើសពីថវិកាដែលផ្អឹបទុករបស់យើងនៅក្នុងអឺរ៉ុបទៀត»។
រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានបាញ់ទម្លាក់ដ្រូនចំនួន៣៦គ្រឿងក្នុងរយៈពេលមួយយប់នៅលើសមុទ្រខ្មៅនិងឧបទ្វីប Crimea។ អ៊ុយក្រែនដែលបានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារពេលយប់នោះទេ។
ចេញពីជំនួបនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីពាណិជ្ជកម្មក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ G7 បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដោយបានហៅថា វាជាសង្គ្រាមព្រៃផ្សៃ គ្មានហេតុផលត្រឹមត្រូវ និងខុសច្បាប់។
មានសេចក្តីរាយការណ៍ថា សាកលវិទ្យាល័យនានាបានត្រូវណែនាំឱ្យបញ្ឈប់ពិភាក្សាពីភាពអវិជ្ជមានណាមួយក្នុងអំឡុងនៃសកម្មភាពសិក្សាអំពីនិន្នាការនយោបាយ សេដ្ឋកិច្ច និងសង្គម។ នេះបើតាមក្រសួងការពារជាតិអង់គ្លេសកាលពីថ្ងៃអាទិត្យម្សិលមិញ៕