ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីបោះបង់ចោលការហាមឃាត់របស់រដ្ឋាភិបាលវិមានក្រឹមឡាំងអំពីការសាកល្បងអាវុធនុយក្លេអ៊ែរ។
លោក Putinបាននិយាយថាចំណាត់ការរបស់រដ្ឋាភិបាលក្រុងមូស្គូដើម្បីមិនគោរពពាក្យសន្យាលើសន្ធិសញ្ញានៃការសាកល្បងនុយក្លេអ៊ែរដ៏ធំទូលាយដែលត្រូវបានគេហៅថាCTBTនឹង«ឆ្លុះបញ្ចាំង» ដូចជំហររបស់សេតវិមានលើការសាកល្បងអាវុធនុយក្លេអ៊ែរដែរ។
សហរដ្ឋអាមេរិកជាហត្ថលេខីមួយនៃសន្ធិសញ្ញា CTBT ក៏ប៉ុន្តែ មិនដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញានោះទេ។ ប្រទេស៧ផ្សេងទៀតរួមមានចិន អ៊ីស្រាអែល អេហ្ស៊ីប កូរ៉េខាងជើង ឥណ្ឌានិងប៉ាគីស្ថានក៏មិនដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញានោះដែរ។
កាលពីខែតុលា សភាទាំង២របស់រុស្ស៊ីបានអនុម័តសេចក្តីព្រាងច្បាប់ដែលដកចេញសន្ធិសញ្ញា CTBT នេះ។
លោក Putinបានបញ្ជូនសារដ៏ច្បាស់មួយទៅកាន់ប្រទេសលោកខាងលិច ហើយអ្នកវិភាគខ្លះគិតថាការចាប់ផ្តើមឡើងវិញនូវការសាកល្បងអាវុធនុយក្លេអ៊ែរបន្ទាប់ពីការ ហាមឃាត់ជាង២ទសវត្សរ៍ អាចជាកលល្បិចនយោបាយដើម្បីបន្លាចប្រទេសដែលជាសមាជិកអង្គការអូតង់កុំឱ្យជួយការវាយបករបស់អ៊ុយក្រែន។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយកាលពីខែមុនថារដ្ឋាភិបាលវិមានក្រឹមឡាំងនឹងគោរពការហាមឃាត់នោះ ប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីណាមួយទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP។