ការវាយប្រហារមួយដោយរុស្ស៊ីក្នុងតំបន់ Kherson នាប៉ែកខាងកើតប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្សម្នាក់ ធ្វើឱ្យរបួសពីរនាក់ទៀតនិងធ្វើឱ្យខូចខាតអគារនៅផ្នែកកណ្តាលក្រុងកាលពីថ្ងៃពុធ។ នេះបើតាមការប្រាប់ឱ្យដឹងដោយលោក Oleksandr Prokudin អភិបាលតំបន់នោះ។
កាលពីព្រឹកថ្ងៃពុធ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានរាយការណ៍ថារុស្ស៊ីបានបាញ់ផ្តក់លើភូមិនិងក្រុងយ៉ាងតិចណាស់១១៨ក្នុងតំបន់១០ គឺច្រើនជាងក្នុងរយៈពេល២៤ម៉ោងធៀបនឹងឆ្នាំមុន។
ការវាយប្រហារដោយដ្រូនរុស្ស៊ីមួយត្រូវបានរាយការណ៍ថាបានសម្លាប់ជនស៊ីវិលម្នាក់ទៀតនៅ ក្រុងNikopol នៅជាប់ច្រាំងទន្លេ Dniper ទល់មុខនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលរុស្ស៊ីកាន់កាប់។ លោក Serhii Lysak អភិបាលតំបន់នោះបាននិយាយថាមនុស្សបួននាក់ទៀតបានត្រូវរបួសក្នុងការវាយប្រហារនោះ។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីបំផុតរបស់ខ្លួនអំពីអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះថារុស្ស៊ីទំនងជាបានបាត់បង់ប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាសបួនគ្រឿងដោយសារការវាយប្រហារដោយអ៊ុយក្រែនកាលពីសប្តាហ៍មុន។
ក្រសួងនេះនិយាយថាការខាតបង់នេះបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅតែមានការពិបាកក្នុងការទប់ទល់ប្រឆាំងនឹងអាវុធទំនើបដែលវាយប្រហារត្រង់ចំៗគោលដៅ។
រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថាទាហានអ៊ុយក្រែនបីនាក់ទៀតដែលបានប្រយុទ្ធក្នុងក្រុង Mariupol ត្រូវបានកាត់ទោសឱ្យជាប់គុក នៅពេលរុស្ស៊ីនៅតែយកទាហានជាប់ឃុំឃាំងទៅកាត់ទោស។
មនុស្សប្រមាណ២.៥០០នាក់ត្រូវបានចាប់ខ្លួនដោយរុស្ស៊ីនៅក្រោយការដួលរលំក្រុង Mariupol កាលពីខែឧសភា។
គណៈកម្មាធិការស៊ើបអង្កេតរបស់រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថាទាហានទាំងបីនាក់នេះត្រូវបានរកឃើញថាមានទោសដោយសារបានសម្លាប់មនុស្ស៨នាក់នៅក្នុងក្រុង Mariupol៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង AFP។