ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៥៦​បន្ថែម​ទៀត​មក​កម្ពុជា


សហរដ្ឋ​អាមេរិក​បានប្រគល់​រូបចម្លាក់បុរាណខ្មែរ​ចំនួន​៥៦​រូប​មក​ឲ្យ​កម្ពុជា​វាកាលពីថ្ងៃទី​២២​សីហា ឆ្នាំ២០២៤។
សហរដ្ឋ​អាមេរិក​បានប្រគល់​រូបចម្លាក់បុរាណខ្មែរ​ចំនួន​៥៦​រូប​មក​ឲ្យ​កម្ពុជា​វាកាលពីថ្ងៃទី​២២​សីហា ឆ្នាំ២០២៤។

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បា​នប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​ទទួល​វត្ថុ​បុរាណ​ចំនួន​៥៦​ ដែល​ត្រូវ​បាន​លួច​ចេញ​ពី​កម្ពុជា​អំឡុង​ពេល​មាន​ជម្លោះ​ជាច្រើន​ឆ្នាំ។​

នេះ​ជា​លើក​ទីពីរ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​មក​ជូន​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​២០២៤​នេះ​ ព្រោះ​កាលពី​ខែ​កក្កដា ​សហ​រដ្ឋ​អាមេរិក​បាន​ប្រគល់​មក​កម្ពុជា​វិញ​វត្ថុ​បុរាណ​ចំនួន​១៤​ដែល​យក​ចេញពី​សារមន្ទីរ​ Metropolitan Museum of Art​ (MET) ​នៃ​ទី​ក្រុង​ញូវយ៉ក។​ ជារួម ​គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ​២០២៤​នេះ​ កម្ពុជា​ទទួល​បាន​វត្ថុ​បុរាណ​ពី​សហ​រដ្ឋ​អាមេរិក​ចំនួន​សរុប​៧០។​

ភារធារី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ភ្នំពេញ​ អ្នកស្រី​ Bridgette Walker​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ នៅ​វិមាន​សន្តិភាព​នា​ថ្ងៃ​ទី​២២​ខែ​សីហា​ ឆ្នាំ​២០២៤​នេះ​ ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖​ «សហ​រដ្ឋ​អាមេរិក​គឺជា​ដៃ​គូ​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ និង​ជា​ទីទុក​ចិត្ត​ក្នុង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា។​ ការ​នាំ​យក​វត្ថុ​បុរាណ​ ដែល​ត្រូវ​បាន​លួច​ មក​កាន់​កន្លែង​ដើម​របស់​វា​វិញ​គឺ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ»។​

ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ទាំង​៧០​រូប​ នៅ​វិមាន​សន្តិភាព​នា​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន ម៉ាណែត​ បាន​ថ្លែង​ថា​ កម្ពុជា​នៅ​បន្ត​ស្រាវជ្រាវ​រក​វត្ថុ​បុរាណ​របស់​ខ្លួន​ទៀត​ ពីព្រោះ​កូន​ខ្មែរ​មិន​អាច​បំភ្លេច​ព្រលឹង​ដូន​តា​ និង​អត្ត​សញ្ញាណ​ជាតិ​ខ្លួន​បាន​ឡើយ​ ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​សារមន្ទីរ ​និង​អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ខ្មែរ​ប្រគល់​សម្បត្តិ​វប្បធម៌​ទាំង​នោះ​មក​កម្ពុជា​វិញ។​ នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា​ (AKP)។​

សហរដ្ឋ​អាមេរិក​បានប្រគល់​រូបចម្លាក់បុរាណខ្មែរ​ចំនួន​១៥០​រូប​មក​ឲ្យ​កម្ពុជា​វាកាលពីថ្ងៃទី​២២​សីហា ឆ្នាំ២០២៤។
សហរដ្ឋ​អាមេរិក​បានប្រគល់​រូបចម្លាក់បុរាណខ្មែរ​ចំនួន​១៥០​រូប​មក​ឲ្យ​កម្ពុជា​វាកាលពីថ្ងៃទី​២២​សីហា ឆ្នាំ២០២៤។

លោក​ហ៊ុន ម៉ាណែត​ថ្លែង​ថា៖​ «ខ្ញុំសូម​អំពាវនាវ​ដល់​សារមន្ទីរ​ និង​ស្ថាប័ន​នានា​ និង​អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ខ្មែរ​ សូម​មេត្តា​បន្ត​ប្រគល់​វត្ថុ​ទាំង​នោះ​មក​ដោយ​ស្ម័គ្រ​ចិត្ត​ជូន​មក​កម្ពុជា​វិញ។​ រាជ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ជូន​មក​កម្ពុជា​ជា​ម្ចាស់​ដើម​វិញ​នោះ​គឺ​ជា​កាយ​វិការ​ដ៏​ថ្លៃ​ថ្លា​គួរ​ឱ្យ​គោរព​ ​មិន​ត្រឹម​តែ​បង្ហាញ​ពីក្រម​សីល​ធម៌​ក្នុង​ការ​ចូលរួម​លើក​តម្លៃ​វប្បធម៌​នៃ​ជាតិ​សាសន៍​មួយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ចូល​រួម​ចំណែក​ដ៏​ឧត្តុង​ឧត្តម​ ក្នុង​ការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ វប្បធម៌​របស់​មនុស្ស​ជាតិ​ផង​ដែរ»។​

វត្ថុ​បុរាណ​ទាំង​៧០​ដែល​កម្ពុជា​បាន​ទទួល​ពី​សហ​រដ្ឋ​អាមេរិក​ រួមមាន​ រូប​បដិមា​សំខាន់ៗ​មួយ​ចំនួន​ ផ្នែក​ព្រហ្មញ្ញ​សាសនា​ និង​ព្រះ​ពុទ្ធ​សាសនា​ ក្នុង​សម័យ​មុន​អង្គរ ​និង​សម័យ​អង្គរ​ ជាពិសេស​បដិមា​ថ្ម​ធំៗ​ដ៏​ប្រណិត​ដូច​ជា​ បដិមាទេព​នៃ​ទេវក​ថា​មហាភារតៈ​ បដិមា​ព្រះ​ឥសូរ​ នាង​ឧមា​ និង​បដិមា​ព្រះ​អឌ្ឍ​នារីស្វរៈ​ មក​ពី​អតីត​រាជធានី​កោះ​កេរ​ ព្រម​ទាំង​ព្រះ​សិរ​នៃ​ព្រះ​លោក​កេសូរ ​ដែល​ត្រូវ​បាន​ផ្គុំ​ភ្ជាប់​ឡើង​វិញ​ជាមួយ​នឹង​ដង​ខ្លួន​របស់​ព្រះអង្គ​ដែល​ស្ថិត​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ។ ​នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត។​

ការ​ប្រគល់​វត្ថុ​បុរាណ​ទាំង​នេះ​អាច​ធ្វើ​ទៅ​បាន​ក្រោម​អនុស្សរណៈ​យោគ​យល់​គ្នា​ផ្នែក​សម្បតិ្ត​វប្បធម៌​ រវាង​ប្រទេស​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​បន្ត​នៅ​ខែ​សីហា​ឆ្នាំ​២០២៣​ សម្រាប់​រយៈ​ពេល​បន្ថែម​ចំនួន​៥​ឆ្នាំ​ទៀត​ បន្ទាប់​ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​លើក​ដំបូង​នា​ឆ្នាំ​២០០៣។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ គិត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​សម្រប​សម្រួល​ក្នុង​ការ​បញ្ជូន​ត្រឡប់​មក​វិញ​ នូវ​វត្ថុបុរាណ​ចំនួន​ជាង​១៥០​ រូប​ដែល​ក្នុង​នោះ​ រួម​មាន​ព្រះ​គណេស​ ជា​ដំរី​ព្រះ​ក្នុង​សាសនា​ហិណ្ឌូ​ និង​រូប​ចម្លាក់​ព្រះ​ស្កន្ធ​ គង់​លើ​ក្ងោក​ជា​ដើម។​

គិត​ចាប់​ពី​ឆ្នាំ​១៩៩៦​រហូត​ដល់​ខែ ​កក្កដា ​ឆ្នាំ​២០២៤​ វត្ថុ​សិល្បៈ​ខ្មែរ​សរុប​ចំនួន​ ១០៩៨​ ដែល​ក្នុង​នោះ​ ៥៧១​ប្រគល់​ដោយ​សប្បុរជន​ និង​ ៥២៧ ​ប្រគល់​ដោយ​រដ្ឋាភិបាល​ ឬ ​ស្ថាប័ន​នានា​ ត្រូវ​បាន​ប្រគល់​មក​កម្ពុជា​វិញ​ពី​ប្រទេស​ចំនួន​១៥ ​ដូច​ជា​ សហ​រដ្ឋ​អាមេរិក​ បារាំង​ អូស្ត្រាលី​ អង់គ្លេស​ ថៃ​ ជប៉ុន ​ឥណ្ឌូនេស៊ី​ ហូឡង់ ​ស្វ៊ីស​ កាណាដា ​ដាណឺម៉ាក​ អាល្លឺម៉ង់​ ហុងគ្រី ​ណ័រវេស ​និង​ ចិន។​ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា​(AKP)៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG