បន្ទាប់ពីការចរចា និងសហការគ្នាអស់រយៈពេលជាច្រើនឆ្នាំរវាងរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធសហរដ្ឋអាមេរិកនោះ សារមន្ទីរ Metropolitan Museum of Art (MET) នៃទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន ១៤ មកកម្ពុជាវិញ ហើយសម្បត្តិវប្បធម៌ទាំងនោះបានមកដល់ទីក្រុងភ្នំពេញកាលពីថ្ងៃពុធ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា វត្ថុបុរាណខ្មែរចំនួន ១៤ រូប ត្រូវបានប្រគល់មកកម្ពុជាវិញកាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រោយមានប្រកាសព័ត៌មានស្តីអំពីការប្រគល់វត្ថុបុរាណខ្មែរទាំង១៤នោះមកកាន់កម្ពុជាកាលពីខែធ្នូ ឆ្នាំ ២០២៣។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តថា៖ «ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើងពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET»។
តាមការចុះផ្សាយរបស់សារព័ត៌មាន The New York Time កាលពីឆ្នាំ ២០២២ វត្ថុបុរាណខ្មែរដែលត្រូវបានលួចគាស់រម្លើង និងបញ្ជូនចេញពីប្រទេសកម្ពុជាត្រូវបានយកទៅក្រៅប្រទេស ហើយ MET ជាសារមន្ទីររបស់សហរដ្ឋអាមេរិកមួយដែលមានតាំងវត្ថុបុរាណខ្មែរ។សារមន្ទីរ MET បានប្រគល់វត្ថុបុរាណរបស់កម្ពុជាជាបន្តបន្ទាប់ក្រោយពីកម្ពុជាស្នើឱ្យប្រគល់វត្ថុបុរាណទាំងនោះត្រឡប់មកមាតុភូមិវិញ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានទេនៅថ្ងៃសុក្រនេះ។
លោក Wesly Holzer អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ប្រាប់វីអូអេតាមសារអ៊ីមែលថា ស្ថានទូតពិតជាមានមោទនភាពលើកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជាក្នុងការប្រគល់វត្ថុបុរាណខ្មែរប្រមាណ ១២០រូបជាបន្តបន្ទាប់ និងទឹកប្រាក់ប្រមាណ ៦ លានដុល្លាអាមេរិកមកដល់កម្ពុជាតាំងពីឆ្នាំ ២០០១ មក។
លោកបន្តថា សហរដ្ឋអាមេរិកនឹងបន្តដើរតួនាទីក្នុងការស៊ើបអង្កេតរកវត្ថុបុរាណដែលជារបស់ខ្មែរជាមួយអាជ្ញាធរដើម្បីបញ្ជូនមកកម្ពុជាវិញ។
លោក Wesly ថ្លែងតាមសារអ៊ីមែលជាភាសាអង់គ្លេស និងប្រែសម្រួលជាខេមរភាសាថា៖ «ក្រោមការព្រមព្រៀង រដ្ឋាភិបាលសហរដ្ឋអាមេរិកដើរតួយ៉ាងសំខាន់ក្នុងការស៊ើបអង្កេតពីប្រភពដើមរបស់វត្ថុបុរាណដែលទាក់ទងនឹងកម្ពុជា ដើម្បីប្រគល់ត្រឡប់មកកាន់កម្ពុជាវិញ»។
កាលពីឆ្នាំ ២០២៣ កន្លងទៅ កម្ពុជាក៏បានទទួលរតនវត្ថុដែលជាវត្ថុបុរាណខ្មែរពី គ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) និងរដ្ឋាភិបាលអង់គ្លេស រួមមាន ក្បាំងមកុដ ខ្សែករ ខ្សែដៃ ខ្សែក្រវ៉ាត់ ក្រវិល និងបន្តោង ដែលស្ថិតក្នុងសម័យមុនអង្គរ និងក្រោយអង្គរ។
កាលពីឆ្នាំ ២០២២ កម្ពុជាក៏ទទួលបានវត្ថុបុរាណខ្មែរចំនួន ២៨ រូប ដែលរឹបអូសបានមកពីអ្នកកាន់កាប់សមុច្ច័យឯកជន រួមមានរូបចម្លាក់ព្រះគណេស និងវត្ថុបុរាណផ្សេងទៀតមានព្រះពុទ្ធបដិមាធ្វើពីភក់ បដិមាព្រះវិស្ណុធ្វើពីភក់ និងបដិមាព្រះនាងលក្ស្មីធ្វើពីសំរិទ្ធ ដោយមានការចូលរួមរបស់អាជ្ញាធរអាមេរិក FBI ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងក្រុមការងាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
វេទិកាបញ្ចេញមតិ