វត្ថុបុរាណខ្មែរជាង ១០០ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយមានការឯកភាពពីកូនស្រីរបស់អ្នកជំនាញវត្ថុបុរាណម្នាក់ គឺលោក Douglas Latchford ដែលបានស្លាប់កាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
បន្ទាប់ពីការចរចាជាង៣ឆ្នាំ កូនស្រីរបស់លោក Douglas Latchford ដែលបានគ្រប់គ្រងវត្ថុបុរាណទាំងនោះ ក្រោយឪពុកបានស្លាប់ កាលពីខែសីហា ឆ្នាំ២០២០ បានព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនវត្ថុបុរាណខ្មែរទាំង ១០០ នោះ មកឲ្យកម្ពុជាវិញ។
ក្រសួងវប្បធម៌ឲ្យដឹងថាវត្ថុបុរាណទាំងនោះមានជាង ១០០ រូបដែលធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត ដែលនឹងត្រូវបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់។ ក្រសួងឲ្យដឹងទៀតថាស្នាដៃវិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី ៦ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯកមកពីអតីតរាជធានីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នាពេលខាងមុខ។
ដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន ៥ រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទធ្វើពីថ្មភក់មកពីរមណីយដ្ឋានកោះកេរ្តិ៍និងកន្សៃទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា«នេះជាកិច្ចការដ៏លំបាកស្មុគស្មាញ» ដែលអាចសម្រេចបាន។
លោកស្រីបញ្ជាក់ថា៖ «ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ សរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនមកវិញនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងពិភពលោក»។
បើតាមក្រសួងវប្បធម៌ កិច្ចការបញ្ជូនវត្ថុបុរាណខ្មែរនេះ ជាការផ្តួចផ្តើមរបស់កូនស្រីរបស់លោក Douglas Latchford គឺលោកស្រី Nawapan Kriangsak ដែលមន្ត្រីកម្ពុជាអះអាងថា មានសុឆន្ទៈក្នុងការរួមចំណែកលើកស្ទួយវប្បធម៌កម្ពុជា។
កាលពីចុងឆ្នាំ ២០១៩ ឪពុករបស់លោកស្រី Kriangsak ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាអាមេរិកថា «រត់ពន្ធវត្ថុបុរាណ» ដែលត្រូវបានគេលួចចេញពីប្រទេសកម្ពុជា និងការសម្រួលឲ្យវត្ថុបុរាណនោះងាយស្រួលលក់នៅលើទីផ្សាវត្ថុសិល្បៈអន្តរជាតិដោយសារលោកបានជួយលាក់បាំងប្រវត្តិបាត់បង់វត្ថុទាំងនោះតាមរយៈការចេញឯកសារក្លែងក្លាយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានញូវយ៉កថែមស៍។
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលទទួលបន្ទុកការងារនៃការស្វែងរកវត្ថុបុរាណខ្មែរនៅក្រៅប្រទេស ប្រាប់ VOA ថា កម្ពុជានឹងធ្វើការជាមួយភាគីលោកស្រី Kriangsak បន្តទៀត និងស្រាវជ្រាវរកវត្ថុបុរាណខ្មែរផ្សេងៗទៀត។
លោកមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា៖ «គ្រាន់តែភាគីទាំងពីរនឹងបន្តការងារស្រាវជ្រាវតទៅទៀត។ បើសិនដឹងថាវាមាននៅណានៅណីទៀត ស្អីៗទៀត គឺសហការគ្នាដើម្បីធ្វើម៉េច ទៅនាំយកមកវិញ មកកម្ពុជាវិញ»។
លោកបន្ថែមថាកន្លងទៅ ភាគីកម្ពុជាក៏បានពិភាក្សាការងារនេះជាមួយឪពុករបស់លោកស្រី ប៉ុន្តែលោកធ្លាក់ខ្លួនឈឺ ហើយបានស្លាប់កាលពីឆ្នាំមុន។
លោកបញ្ជាក់ថា៖ «យើងបានធ្វើការជាមួយឪពុករបស់គាត់មកហើយ។ គឺថាភាគីទាំងអស់មានឆន្ទៈហើយក្នុងការធ្វើយ៉ាងណាបញ្ជូនត្រឡប់មកវិញនោះ»។
មន្ត្រីជាន់ខ្ពស់រូបនោះឲ្យដឹងទៀតថា ដំណាក់កាលទីមួយ គឺយករូបចំនួន៥មក ដែលលោកថាជា« រូបជ្រើសរើសពិសេសមួយ» ដែលមាន «លក្ខណៈវិចិត្រល្អឯកនៅក្នុងវប្បធម៌ខ្មែរ»។
លោកបន្តថា រូបទាំងនោះអាចមកដល់កម្ពុជានៅចុងខែកុម្ភៈ ឬដើមខែមីនា ដោយសារបញ្ហាជំងឺកូវីដ១៩ បណ្តាលឲ្យពិបាកក្នុងការធ្វើដំណើរ។
លោកបញ្ជាក់ថា រូបទាំងនេះមកពីប្រទេសផ្សេងៗ ប៉ុន្តែលោកបដិសេធមិនប្រាប់ឈ្មោះប្រទេសណានោះទេ ដោយសារបារម្ភអំពីសន្តិសុខវត្ថុបុរាណ។
លោក ហាប់ ទូច មានប្រសាសន៍ថា៖ «កូនស្រីគាត់ដែលមានឆន្ទៈជាមួយយើង ហើយមានបំណងល្អ ដែលចង់ប្រគល់អ្វីៗដែលគាត់ទទួលបានពីឪពុករបស់គាត់ហ្នឹងត្រឡប់មកប្រទេសកម្ពុជាយើងវិញ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កូនស្រីរបស់លោក Douglas គឺលោកស្រី Kriangsak បានថ្លែងថាលោកស្រីមិនដឹងថាកិច្ចការនេះមាន«ភាពស្មុគស្មាញ»នោះទេ កាលពី ៣ ឆ្នាំមុន។ លោកស្រីបញ្ជាក់ថាលោកស្រីរីករាយក្នុងការបញ្ជូនវត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។
លោក Douglas Latchford ដែលមានសញ្ជាតិថៃ និងអង់គ្លេស ត្រូវបានចោទប្រកាន់ពីបទធ្វើជា«បណ្តាញ»អស់រយៈពេលជាច្រើនទសវត្សរ៍សម្រាប់វត្ថុបុរាណកម្ពុជា ដែលត្រូវបានគេលួចជីកដោយខុសច្បាប់ពីប្រាសាទបុរាណនៅក្នុងព្រៃក្នុងអំឡុងពេលប្រទេសកម្ពុជាជួបសង្គ្រាមស៊ីវិល ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សរ៍ទី ៦០។
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត New York Times លោកស្រី Kriangsak អាយុ៤៩ឆ្នាំ មិនចង់និយាយអំពីការចោទប្រកាន់លើឪពុករបស់លោកស្រីនោះទេ។
ប៉ុន្តែលោកស្រីបញ្ជាក់ថា៖ «គ្មានទីណាប្រសើរជាងប្រទេសកម្ពុជានោះទេ ដែលប្រជាជនគោរពបូជាយ៉ាងស្មោះត្រង់នូវវត្ថុបុរាណទាំងនោះ មិនមែនត្រឹមតែសិល្បៈរបស់ពួកគេ ឬក៏ប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែវាសម្រាប់សារសំខាន់នៃសាសនារបស់ពួកគេ»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារនៅលើTwitter កាលពីថ្ងៃអាទិត្យថាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងទីភ្នាក់ងាររបស់អាមេរិកបានធ្វើការជាមួយក្រសួងវប្បធម៌កម្ពុជា ដើម្បីនាំយកវត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។
លោក ធុយ ចាន់ធួន អ្នកស្រាវជ្រាវវត្ថុបុរាណកម្ពុជាជិត៣០ឆ្នាំមកហើយ មានប្រសាសន៍ថាវត្ថុបុរាណដែលរក្សាទុកដោយលោក Douglas គឺ«សុទ្ធតែរូបល្អៗទាំងអស់»។
លោកបន្តថាលោក Douglas ក៏បាននិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» ដែលលោកបានធ្វើជាឯកសារយោងផងដែរ។
លោកថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា៖ «មិនមែនតែលោក Douglas មួយទេ គឺមនុស្សច្រើនណាស់នៅស្រុកសៀមក្តី នៅអង់គ្លេសក្តី នៅអាមេរិកក្តី នៅបារាំងក្តី យករបស់ខ្មែរហ្នឹង យកទៅទុកធ្វើជាកម្មសិទ្ធិរបស់ខ្លួន»។
លោកបន្ថែមថា៖ «ហើយលោក Douglas ផ្ទាល់ លោកប្រមូលទិញ មិនមែនលោក Douglas មកលីសែងខ្លួនឯងណា។ ប្រាកដណាស់ នៅក្នុងសម័យសង្គ្រាម គេជួញទៅត្រឹមស្រុកសៀម។ ស្រុកសៀមគឺជាទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់លក់វត្ថុបុរាណខ្មែរហ្នឹង»។
បើតាមអ្នកស្រាវជ្រាវរូបនោះ វត្ថុបុរាណរបស់កម្ពុជាត្រូវបានលួចយកទៅក្នុងសម័យសង្គ្រាម ហើយកម្ពុជាក៏បានបាត់ច្រើនដែរទៅប្រទេសថៃ នៅចុងឆ្នាំ ១៨០០ និងដើមឆ្នាំ ១៩០០។
លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកសិលាចារឹកនិងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ប្រទេសបារាំងនិងថៃ មានវត្ថុបុរាណខ្មែរច្រើនជាងគេ ដោយសារកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំងរយៈពេល៩០ឆ្នាំ គឺចាប់ពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។
លោកថា ពេលនោះបារាំងបានយកវត្ថុបុរាណខ្មែរជាច្រើនទៅប្រទេសរបស់គេ។
លោកមានប្រសាសន៍ថា៖ «ជាការពិតយើងឃើញមានច្រើន។ មានអ្នកខ្លះ មិនមែនត្រឹម១០០ទេ គឺរាប់រយ រហូតដល់បើកសារមន្ទីរទៀតផង។ បើកជាសារមន្ទីរដាក់តម្កល់វត្ថុបុរាណខ្មែរ។ ហើយមានទាំងសិលាចារឹក មានទាំងរូបធំ រូបតូច បាក់បែក រូបល្អពេញលេញ។ មាននៅជុំវិញពិភពលោក ជាពិសេសប្រទេសគេអ្នកមាន។ គេសំបូរសេដ្ឋី គាត់មានលុយចាយមិនអស់ គាត់ចំណាយទិញរបស់ពិតៗ របស់បុរាណពិតៗ ពីស្រុកខ្មែរយកទៅទុកជា hobby របស់គាត់ ជាការកម្សាន្តរបស់គាត់»។
លោកបន្តថា វាទាមទារឲ្យមានឯកសារបញ្ជាក់ត្រឹមត្រូវក្នុងបញ្ជីសារពើពន្ធរបស់កម្ពុជាហើយមានរូបថតបញ្ជាក់ពីទំហំនិងលក្ខណៈសម្បត្តិវត្ថុវិចិត្រនីមួយៗ ទើបអាចស្នើសុំវត្ថុបុរាណទាំងនោះមកវិញបាន។
លោកមានប្រសាសន៍ថា៖ «បើរដ្ឋាភិបាលចង់បានយកត្រឡប់មកវិញ អាហ្នឹងទាល់តែយើងមានឯកសារភស្តុតាងបញ្ជាក់ថារបស់ហ្នឹង ជារបស់យើងពីមុនមក»។
លោកបន្ថែមថា៖ «យើងបានទទួលវិញខ្លះ ដោយសារអ្នកប្រមូលហ្នឹង គេមានសន្តានចិត្តជ្រះថ្លាជាមួយយើង ប៉ុន្តែមនុស្សទាំងអស់មិនសុទ្ធតែអញ្ចឹងណា»។
ទោះជាយ៉ាងណា សាស្ត្រាចារ្យរូបនោះលើកឡើងថាការដាក់តាំងវត្ថុបុរាណខ្មែរនៅក្រៅប្រទេស ក៏បានជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ។
បើតាមលោក វង់ សុធារ៉ា នៅមានវត្ថុបុរាណផ្សេងទៀត ដែលនៅកប់លើទីទួល ឬនៅបឹងត្រពាំងនានាក្នុងតំបន់បុរាណកាលកម្ពុជា៕