ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារមន្ទីរ​អូស្ត្រា​លី​នឹង​ប្រគល់​វត្ថុ​បុរាណ​ចំនួន​ ៣ ​ដែល​ត្រូវ​បាន​លួច​កាល​ពី​៣០​ឆ្នាំ​មុន មក​កម្ពុជា​វិញ


វត្ថុ​បុរាណ​ចំនួន​៣​ធ្វើ​ពី​សំរឹទ្ធ ដែល​ត្រូវ​បាន​លួច​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ប្រមាណ​៣០​ឆ្នាំ​មុន ត្រូវបានសារមន្ទីរ​នៅ​ប្រទេស​អូស្រ្តាលី​ឈ្មោះ​ The National Gallery of Australia (NGA) ប្រគល់ឱ្យកម្ពុជា។ (The National Gallery of Australia)
វត្ថុ​បុរាណ​ចំនួន​៣​ធ្វើ​ពី​សំរឹទ្ធ ដែល​ត្រូវ​បាន​លួច​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ប្រមាណ​៣០​ឆ្នាំ​មុន ត្រូវបានសារមន្ទីរ​នៅ​ប្រទេស​អូស្រ្តាលី​ឈ្មោះ​ The National Gallery of Australia (NGA) ប្រគល់ឱ្យកម្ពុជា។ (The National Gallery of Australia)

សារមន្ទីរ​នៅ​ប្រទេស​អូស្រ្តាលី​ឈ្មោះ​ The National Gallery of Australia (NGA) កាល​ពី​ពេល​ថ្មី​នេះ បាន​សម្រេច​ប្រគល់​វត្ថុ​បុរាណ​ចំនួន​ ៣ ​ធ្វើ​ពី​សំរឹទ្ធ ដែល​ត្រូវ​បាន​លួច​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ប្រមាណ​ ៣០​ ឆ្នាំ​មុន។

វត្ថុ​បុរាណ​ជា​រូប​មនុស្ស មាន​រចនា​បែប​ចាមចំនួន​ ៣ ក្នុង​ទំហំ​តូច​ល្មម ប្រវែង​មិន​លើស​ពី​កន្លះ​ម៉ែត្រ ត្រូវ​បាន​ជីក​យក​ពី​ក្នុង​ឃុំ​រកាព​ ៥ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ឆ្នាំ​ ១៩៩៤។ នេះ​បើ​តាម​ក្រុម​ស្រាវ​ជ្រាវ​របស់​កម្ពុជា ដែល​កំពុង​ទាមទារ​វត្ថុ​បុរាណ​របស់​ខ្មែរ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

វត្ថុ​បុរាណ​ទាំង​ ៣ ​នោះ​ មាន​អាយុ​កាល​តាំង​ពី​សតវត្សរ៍​ទី​ ៩ ​និង​ទី ​១០ ហើយ​មាន​ដើម​កំណើត​ពី​អាណាចក្រ​ចម្ប៉ា ដែល​កាល​នោះ​គ្រប​ដណ្តប់​ប្រទេស​វៀត​ណាម និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា។

លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេ​ស​នៃក្រសួង​វប្បធម៌ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ទទួល​បាន​វត្ថុ​បុរាណ​ត្រឡប់​មក​វិញ​គឺ​ដោយសារ​តែ​កម្ពុជា​មានភស្តុតា​ងគ្រប់​គ្រាន់​ដែល​អាច​បញ្ជាក់បាន​ថា ​វត្ថុ​បុរាណ​ទាំង​នេះ​មានដើម​កំណើត​មក​ពី​កម្ពុជា។ លោក​បន្ថែម​ថា​ ការ​ទទួល​បាន​វត្ថុបុរាណ​ដែល​បាន​បាត់​បង់​នេះ មិន​មែន​ជា​លើកទីមួយ​ឡើយ ដោយ​កម្ពុជា​ទទួល​បាន​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​ផ្សេង ជា​ពិសេស​មក​ពី​សហរដ្ឋអាមេរិក។

លោក​បញ្ជាក់ថា៖ «ជាមួយ​រដ្ឋាភិ​បាល​អូស្ត្រាលី​គឺជា​ដំណើរ​វិវត្តន៍​ដែល​យើង​សហការ​គ្នា​បានល្អ ហើយវាមា​នអត្ថន័យ​ធំធេង​ណាស់​ចំពោះកម្ពុជា​ ពីព្រោះ​នេះ​ជា​អត្តសញ្ញាណ​ ជា​ព្រលឹ​ង​របស់​ដូន​តា​រប​ស់​យើង​ដែល​បាន​បាត់​បង់​ហើយ​ ឥឡូវ​យើង​បាន​បញ្ជូន​ត្រឡប់មក​វិញ»។

បើ​តាម​អគ្គនាយក​បច្ចេក​ទេសរូប​នេះ​ ការ​បាត់​បង់​វត្ថុបុរាណ​ជា​ច្រើន​រប​ស់​កម្ពុជា គឺ​ដោយ​សារ​តែ​សង្គ្រាម​កើត​មាន​នៅ​ក្នុង​ប្រទេ​ស​ជា​ហូរហែ​ ជាពិសេស​នៅតំបន់​ដាច់​ស្រយាល​ដែល​គ្មាន​ការ​យាម​ល្បាត​រឹងមាំ។ លោក​បន្ថែម​ថា ​ក្រុម​អ្នក​ជំនាញ​របស់​កម្ពុជា​កំពុង​តែ​ព្យាយាម​ស្វែងរក​ភស្តុតាង ដើម្បី​នាំត្រឡប់​វត្ថុបុរាណ​ផ្សេង​ទៀត ដែល​បាត់​បង មក​កម្ពុជា​វិញ។

សារ​មន្ទីរ​អូស្ត្រា​លី​អះអាង​ថា​ ខ្លួន​បាន​ទិញ​វត្ថុ​បុរាណ​ទាំង​ ៣ ​ខាង​លើ​ ក្នុង​តម្លៃ​ប្រមាណ​ ១​លាន​ ៥​សែន​ដុល្លារ​អាមេរិក​ពី​លោក Douglas Latchford អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ជនជាតិ​អង់គ្លេស ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​ ២០២០។ នេះ​បើ​យោង​តាម​សារព័ត៌​មាន​អូស្រ្តាលី ABC News។ សារព័ត៌មាន​បញ្ជាក់​ថា​ វត្ថុ​បុរាណ​ទាំង​ ៣​ នោះ​ ត្រូវ​បាន​ជីក​ពី​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ឆ្នាំ​ ១៩៩៤ ហើយ​ត្រូវ​បាន​លក់​ទៅ​ប្រទេស​ថៃ រហូតធ្លាក់​ដល់​ដៃ​របស់​ លោក Douglas Latchford។

កាល​ពី​ចុង​ឆ្នាំ​ ២០១៩ លោក Douglas Latchford ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រដ្ឋ​អាជ្ញា​អាមេរិក​ថា«រត់​ពន្ធ​វត្ថុ​បុរាណ» ​ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រទេស​កម្ពុជា និង​ការ​សម្រួល​ឱ្យវត្ថុ​បុរាណ​នោះ​ងាយ​ស្រួល​លក់​នៅ​លើ​ទីផ្សារ​វត្ថុ​សិល្បៈ​អន្តរជាតិ​ ដោយ​សារ​លោក​បាន​ជួយ​លាក់​បាំង​ប្រវត្តិ​បាត់​បង់​វត្ថុ​ទាំង​នោះ​តាម​រយៈ​ការ​ចេញ​ឯក​សារ​ក្លែង​ក្លាយ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សារព័ត៌មាន The ​New York Times (ញូវយ៉ក​ថែមស៍)​ កាល​ពី​កន្លង​ទៅ។

លោក Douglas Latchford ​ដែល​មាន​សញ្ជាតិ​ថៃ និង​អង់​គ្លេស ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ជា​ «បណ្តាញ‍»​ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​សម្រាប់​វត្ថុ​បុរាណ​កម្ពុជា ដែល​ត្រូវ​បាន​គេ​លួច​ជីក​ដោយ​ខុស​ច្បាប់​ពី​ប្រាសាទ​បុរាណ​នៅ​ក្នុង​ព្រៃ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​ជួប​សង្គ្រាម​ស៊ីវិល ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី៦០។

អ្នកស្រី Nawapan Kriangsakដែល​ជា​កូន​ស្រី​របស់ ​លោក Douglas Latchford បាន​សន្យា​ថា​នឹង​ប្រគល់​វត្ថុ​បុរាណ​របស់​ខ្មែរ​ដែល​ឪពុក​របស់​អ្នកស្រី​បាន​គ្រប់គ្រង មក​កម្ពុជា​វិញ។

លោក ធុយ ចាន់ធួន អ្នក​ស្រាវជ្រាវ​វត្ថុ​បុរាណ​កម្ពុជា​ជិត ​៣០ ​ឆ្នាំ​មក​ហើយ ប្រាប់​វីអូអេ​ថា​ វត្ថុ​បុរាណ​ខ្មែរ​ភាគ​ច្រើន​បាន​បាត់​បង់ ​ក្នុង​ពេល​ប្រទេស​មាន​សង្គ្រាម​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឆ្លៀត​ឱកាស​នាំ​យក​ទៅ​ប្រទេស​របស់​ពួក​គេ។ លោក​បន្ថែម​ថា ប្រទេស​ថៃ​គឺជា​ទីផ្សារ​នាំ​ចេញ​វត្ថុបុរាណ​ទាំង​នោះ ធំជាងគេ​នៅ​អាស៊ី។

លោក​ថ្លែង​ថា៖ «ឈ្មួញ​យើ​ងដឹង​ហើយ​ទីផ្សារ​ធំ​របស់​អាស៊ីហ្នឹងគឺ​នៅ​ប្រទេសថៃ​ គឺនៅ​ទីក្រុងបាងកក។ អ៊ីចឹង​ហើយ​វត្ថុ​ខ្មែរ​ជា​ច្រើន​គេ​លួច​ទៅ​ដាក់​នៅក្នុង​ទីក្រុង​បាងកក​ អ៊ីចឹង​ជា​ទីផ្សារ​ដ៏ធំ​មួយ​រប​ស់​ខ្មែរ​នេះ​ជា​ដំណាក់​កាល​ទី​ ២ ​នៃ​ការ​បាត់​បង់​វត្ថុបុរាណ​របស់់​ខ្មែរ»។

លោក​បន្ថែម​ថា៖ «ការទាម​ទារ​លុះត្រា​តែយើ​ងដឹង​ថា​គេលួច​ ដូច​ជា​យើង​ដឹង​ថា​យើងមាន​អាំងមុខ​ទែរ (Inventory) ទើប​យើ​ងទារ​ថា​របស់យើង​បាន​អ៊ីចឹងហាស។ ចុះ​នៅ​ក្នុង​សម័យ​សង្គ្រាម​យើង​អត់​បាន​ចុះ​អាំង​មុខ​ទែរយើងដឹង​ថា​នៅកន្លែង​ហ្នឹង​ ប៉ុន្តែ​យើង​អត់​ដឹង​ថា​កម្ពស់​ប៉ុន្មាន ទម្ងន់​ប៉ុន្មាន​ ធ្វើពី​ស្អីផង។ អ៊ីចឹង​ហើយ​យើង​អាច​ទាមទារ​យ៉ាង​ម៉េច​កើត។ អ៊ីចឹង​អាហ្នឹង​ជាផល​វិបាក​របស់​យើង»។

គួរ​បញ្ជាក់​ថា​ កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​នាំ​វត្ថុ​បុរាណ​ដែល​លាក់​ទុក​នៅ​អាមេរិក​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG