រដ្ឋមន្ត្រីការបរទេសស.រ.អា.លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកHeiko Maas កំពុងរៀបចំកិច្ចពិភាក្សានៅថ្ងៃពុធជាមួយក្រុមដៃគូនិងសម្ព័ន្ធមិត្តដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថានរួមទាំងកិច្ចខិតខំបន្តលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រទេសនេះបន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់។
មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយនៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនោះថាប្រធានបទមួយនៃការពិភាក្សានោះគឺថា តើពួកតាលីបង់ធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងដូចការរំពឹងទុករបស់សហគមន៍អន្តរជាតិឬទេ។
មុនពេលធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ លោក Blinken អំឡុងដំណើរទស្សនកិច្ចនៅប្រទេសកាតាបាននិយាយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតកំពុងអំពាវនាវឱ្យពួកតាលីបង់ធ្វើតាមការសន្យាដែលថា នឹងអនុញ្ញាតឱ្យអ្នកដែលមានឯកសារធ្វើដំណើរត្រឹមត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បើពួកគេចង់ចេញ។
បញ្ហានេះជាការផ្តោតអារម្មណ៍ចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននៅចុងខែសីហាដោយបញ្ចប់វត្តមានយោធារយៈពេលពីរទសវត្សរ៍និងកិច្ចប្រឹងប្រែងចុងក្រោយដើម្បីជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីប្រទេសនោះ។ មនុស្សជាច្រើនដែលចង់ចាកចេញមិនអាចចេញបានទេមុនពេលកងទ័ពអាមេរិកដកខ្លួនចេញ។
ក្រសួងការបរទេសស.រ.អា.បាននិយាយថាកិច្ចប្រជុំនៅថ្ងៃពុធនេះក៏ទំនងជានឹងមានការពិភាក្សាផងដែរអំពីបញ្ហាប្រឆាំងភេរវកម្មនិងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕