ក្រុមតាលីបង់កាលពីថ្ងៃអង្គារ បានប្រកាសរដ្ឋាភិបាលឥស្លាមអន្តរកាលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដឹកនាំដោយ លោក Mullah Hasan Akhund សហការីដ៏ជិតស្និទ្ធរបស់ស្ថានិកចលនាឥស្លាម លោក Mullah Omar ដែលស្លាប់ទៅហើយ។
ការប្រកាសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីពួកតាលីបង់បានប្រកាសថា ពួកគេបានចូលកាន់កាប់ខេត្ត Panjshir នៅភាគខាងជើងដោយបញ្ចប់ការតស៊ូប្រដាប់អាវុធតែមួយគត់ប្រឆាំងការគ្រប់គ្រងរបស់ពួកគេនៅក្នុងប្រទេសហែកហួរដោយជម្លោះនេះ។
ខណៈកំពុងផ្តល់ព័ត៌មានលម្អិតនៃគណៈរដ្ឋមន្ត្រីអន្តរកាលនៅសន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុល អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយថា ការតែងតាំងទាំងអស់ជាតួនាទីស្តីទី ហើយរដ្ឋមន្ត្រីក្រសួងនានានឹងត្រូវតែងតាំងឆាប់ៗនេះ។
លោក Akhund ដែលគេជឿថាមានអាយុខ្ទង់៦០ឆ្នាំអបអរសាទរមកពីខេត្ត Kandahar នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានដែលជាកន្លែងកំណើតរបស់ក្រុមតាលីបង់។ លោកបានដឹកនាំក្រុមប្រឹក្សាមេដឹកនាំ ដែលដឹកនាំការវាយប្រហារកងកម្លាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមជិត២០ឆ្នាំមកនេះ។
លោក Mujahid បន្ថែមថា លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់ក្រុមតាលីបង់នឹងធ្វើជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអន្តរកាល។ លោក Sirajuddin Haqqani នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក Amir Khan Muttaqi នឹងក្លាយជារដ្ឋមន្ត្រីការបរទេស ហើយលោក Mohammad Yaqoob កូនប្រុសរបស់លោក Omar នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិស្តីទី។
លោក Haqqani គឺជាមេដឹកនាំបណ្តាញ Haqqani ដែលសហរដ្ឋអាមេរិកកំណត់ថាជាអង្គការភេរវករពិភពលោក។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្តល់រង្វាន់១០លានដុល្លារសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនលោក Haqqani តាមការចោទប្រកាន់ពីបទដឹកនាំការវាយប្រហារដ៏ប្រល័យទៅលើកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តនៅប្រទេសអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកថ្កោលទោសបណ្តាញ Haqqani ថា ជា«ក្រុមបះបោរដ៏សាហាវនិងទំនើបបំផុត»។
មនុស្សយ៉ាងតិច១០នាក់នៅក្នុងគណៈរដ្ឋមន្រ្តីតាលីបង់ដែលមានសមាជិក៣៣នាក់ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ គឺជាផ្នែកមួយនៃក្រុមដែលបានចរចាកិច្ចព្រមព្រៀងសន្តិភាពខែកុម្ភៈឆ្នាំ២០២០ ជាមួយសហរដ្ឋអាមេរិក ដោយបើកផ្លូវឲ្យកងកម្លាំងបរទេសទាំងអស់ដកខ្លួនចេញពីសង្គ្រាមជិត២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន។ ការដកទ័ពចេញបានបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ស្របតាមការណែនាំរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden៕
(Margaret Besheer និង Patsy Widakuswara រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ)