ក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានបានថ្លែងកាលពីចន្ទថា ពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយប្រទេសប៉ាគីស្ថាន រួមទាំងវិធានការចាំបាច់នៅច្រកព្រំដែនរវាងប្រទេសទាំងពីរដើម្បីទប់ស្កាត់ចលនាភេរវករចូលក្នុងប្រទេសប៉ាគីស្ថាន។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកាប៊ុលថា គណៈប្រតិភូរដ្ឋាភិបាលក្រុងអ៊ីស្លាមាបាដ បានមកទស្សនកិច្ចប្រទេសអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍ដើម្បីពិភាក្សាគ្នា។ ភាគីប៉ាគីស្ថានត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ Faiz Hameed ប្រធានទីភ្នាក់ងារចារកម្មរបស់ប៉ាគីស្ថានដែលគេហៅថា អន្តរសេវាកម្មស៊ើបការណ៍។
លោក Mujahid បាននិយាយថា ភាគីប៉ាគីស្ថានបានបង្ហាញកង្វល់របស់ពួកគេចំពោះការបំបែកគុកជាច្រើនក្នុងអំឡុងពេលពួកតាលីបង់ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាននិងដោះលែងអ្នកទោសរាប់រយនាក់ដែលពាក់ព័ន្ធនឹងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធនៅប្រទេសប៉ាគីស្ថាន។ លោកបាននិយាយថា ក្រុមតាលីបង់បានធានានឹងគណៈប្រតិភូថា គ្មាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឲ្យប្រើទឹកដីអាហ្វហ្គានីស្ថានធ្វើសកម្មភាពប្រឆាំងនឹងប្រទេសប៉ាគីស្ថានឡើយ។
លោក Mujahid និយាយថា «មានកិច្ចពិភាក្សាផងដែរថា នឹងមានប្រព័ន្ធត្រួតពិនិត្យឬការត្រួតពិនិត្យនៅច្រកព្រំដែនដើម្បីស្វែងរកបុគ្គលណា ដែលមានបំណងមិនល្អមកលើប្រទេសប៉ាគីស្ថានដោយសារតែព័ត៌មានរបស់ពួកគេ ហើយយើងមិនដឹងអំពីពួកគេទេ ពីព្រោះយើងកំពុងដោះស្រាយស្ថានភាពថ្មីនេះ ព្រោះទ្វារគុកបានបើករួចទៅហើយ»។
លោក Mujahid បាននិយាយថា ភាគីរបស់លោកបានសង្កត់ធ្ងន់លើតម្រូវការមិនប្រើបញ្ហានេះដើម្បីបិទច្រកព្រំដែនដែលប៉ះពាល់អ្នកដំណើរអាហ្វហ្គានីស្ថានរួមទាំងអ្នកជំងឺគ្រួសារជនភៀសខ្លួននិងកម្មកររកប្រាក់ឈ្នួលប្រចាំថ្ងៃដែលធ្វើដំណើរឆ្លងកាត់ព្រំដែនរកការងារធ្វើ។
ប្រភពផ្លូវការនៅក្នុងទីក្រុងអ៊ីស្លាមបាដបានប្រាប់វីអូអេថា ប្រធានអន្តរសេវាកម្មស៊ើបការណ៍ បានទៅទីក្រុងកាប៊ុលដើម្បីពិភាក្សាជាមួយតំណាងក្រុមតាលីបង់ទាក់ទងនឹងការគ្រប់គ្រងព្រំដែន និង«បញ្ហាសន្តិសុខរួមដើម្បីធានាថា អ្នកបង្ករឿងនិងអង្គការភេរវករ មិនអាចឆ្លៀតកេងចំណេញពីស្ថានការណ៍នេះ»។
ប្រភពនានាបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយទេ៕