រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austinបានជួបពិភាក្សាជាមួយសមភាគីកាតាកាលពីថ្ងៃអង្គារនៅទីក្រុងដូហាប្រទេសកាតាដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជម្លៀសជនជាតិអាមេរិកនិងអាហ្វហ្គានីស្ថានចេញពីប្រទេសអាហ្វហ្គានីស្ថាននិងបញ្ហាផ្សេងៗទៀតក្នុងតំបន់។
បន្ទាប់ពីកិច្ចប្រជុំដំបូងជាមួយរដ្ឋមន្រ្តីការបរទេសកាតាគឺលោក Mohammad bin Abdulrahman Al Thani លោក Blinken បានសរសេរធ្វីតនៅល្ងាចថ្ងៃច័ន្ទថា«មានកិត្តិយសណាស់ដែលបានជួបជាមួយលោក Amir Al Thani នៅទីក្រុងដូហាហើយនឹងលោករដ្ឋមន្ត្រីការពារជាតិAustinនៅថ្ងៃនេះ។ខ្ញុំបានសម្តែងការដឹងគុណចំពោះការគាំទ្រដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកាតាដោយអនុញ្ញាតឱ្យពលរដ្ឋអាមេរិករាប់រយនាក់និងជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់និងជនភៀសខ្លួនផ្សេងទៀតធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពចេញពីប្រទេសអាហ្វហ្គានីស្ថាន»។
បន្ថែមពីលើកិច្ចប្រជុំនៅថ្ងៃអង្គារជាមួយលោក Al Thani និងលោក Khalid bin Mohammed al-Attiyah រដ្ឋមន្ត្រីការពារជាតិកាតា លោក Blinken និងលោក Austin ក៏ទស្សនាមជ្ឈមណ្ឌលកែច្នៃនៅទីក្រុងដូហានិងជួបជាមួយបុគ្គលិកយោធានិងការទូតអាមេរិក។
មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថាជនជាតិអាមេរិកចំនួន៤នាក់ទៀតបានចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាពតាមផ្លូវគោកដោយមានការយល់ព្រមពីក្រុមតាលីបង់។
ទោះបីជាក្រុមបះបោរតាលីបង់ដែលឥឡូវនេះគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានរារាំងជើងយន្តហោះដឹកជនជាតិអាមេរិកនិងអាហ្វហ្គានីស្ថានបន្ថែមទៀតដែលចង់ចាកចេញពីប្រទេសក៏ដោយក៏មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយថាពួកតាលីបង់មិនបានរារាំងការធ្វើដំណើររបស់បុគ្គលទាំងបួននាក់និងបានដឹងអំពីការចាកចេញរបស់ពួកគេ។
មន្រ្តីរូបនេះបានប្រកាសរឿងនេះភ្លាមៗមុនពេលលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកទៅដល់ទីក្រុងដូហាដើម្បីអរគុណមន្រ្តីប្រទេសកាតាសម្រាប់ការជួយផ្តល់កន្លែងសំចតដំបូងសម្រាប់ជនជាតិអាមេរិកនិងជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលត្រូវបានបញ្ជូនពីទីក្រុងកាប៊ុលទៅកាន់ទីសុវត្ថិភាពកាលពីចុងខែសីហា។
មន្រ្តីរូបនេះបាននិយាយថា៖ «យើងបានជួយសម្រួលការចាកចេញដោយសុវត្ថិភាពរបស់ជនជាតិអាមេរិក៤នាក់នោះតាមផ្លូវគោក»ហើយបុគ្គលិកស្ថានទូតបានទទួលស្វាគមន៍ពួកគេក្រោយពីបានឆ្លងផុតព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
ប៉ុន្តែមន្រ្តីរូបនេះមិនបាននិយាយថាដំបូងពួកគេឆ្លងទៅប្រទេសណាទេក្នុងការជម្លៀសសម្របសម្រួលដោយក្រសួងការបរទេសនោះ។ ប្រទេសអាហ្វហ្គានីស្ថានមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ង់តួកមេនីស្ថាន អ៊ូសបេគីស្ថានតាហ្ស៊ីគីស្ថាននិងប៉ាគីស្ថាន៕
(Cindy Saine និងKen Bredemeierរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ)