ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់ បាញ់​បំបែក​ការប្រឆាំង​តវ៉ា​នៅក្នុង​រដ្ឋធានី​កាប៊ុល


បាតុករ​អាហ្វហ្គានីស្ថាន​ស្រែក​ពាក្យស្លោក​ក្នុងពេល​តវ៉ា​ប្រឆាំង​នឹង​ប៉ាគីស្ថាន​នៅ​ជិត​ស្ថានទូត​ប៉ាគីស្ថាន​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២១។
បាតុករ​អាហ្វហ្គានីស្ថាន​ស្រែក​ពាក្យស្លោក​ក្នុងពេល​តវ៉ា​ប្រឆាំង​នឹង​ប៉ាគីស្ថាន​នៅ​ជិត​ស្ថានទូត​ប៉ាគីស្ថាន​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២១។

ក្រុម​តាលីបង់​កាលពី​ថ្ងៃ​អង្គារ ​បានបំបែក​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ដោយ​បាញ់គ្រាប់កាំភ្លើង​ទៅ​លើ​អាកាស​ ដែល​ជា​សញ្ញា​ថ្មី​ៗ​បំផុត​នៃ​ការ​មិន​ព្រម​ស្តាប់​តាម​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ​ប្រឆាំង​នឹង​ចលនា​អ៊ីស្លាម​ជ្រុល​និយមតាលីបង់​ ដែល​បាន​ក្តោបក្តាប់​អំណាច​កាលពី​ខែ​មុន។ នេះ ​បើតាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ពួក​អ្នក​កាន់អំណាច​ថ្មី​របស់​អាហ្វហ្គានីស្ថាន នៅ​មិន​ទាន់​បាន​បង្កើត​រដ្ឋាភិបាល​ថ្មីនៅ​ឡើយ​ទេ ក៏ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល មាន​ការភ័យខ្លាច​ពី​ការគ្រប់គ្រង​បែប​ព្រៃផ្សៃ​និង​ការ​ជិះជាន់​សង្កត់​សង្កិន​ដូច​អ្វី​ដែល​ក្រុម​តាលីបង់​បាន​ធ្វើកាល​ពីពួក​គេកាន់អំណាច​នៅ​ចន្លោះ​ឆ្នាំ១៩៩៦ ​និង​២០០១​នោះ។

មាន​ការតវ៉ាប្រឆាំង​យ៉ាង​ហោចណាស់​ក៏​៣ដែរ បាន​ត្រូវ​ធ្វើឡើង​នៅ​ទូទាំង​រដ្ឋធានី​កាប៊ុល​នៅ​ក្នុង​ការបង្ហាញ​ការតស៊ូ​ដែល​មិន​អាច​នឹកស្មាន​ដល់ ​ក្នុង​អំឡុង​ពេលនៃ​ការកាន់​អំណាច​កាល ពី​ពេល​មុន​របស់​ក្រុម​តាលីបង់​ នៅ​ពេល​ដែល​មនុស្ស​ត្រូវ​បាន​គេ​ប្រហារ​ជីវិតជា​សាធារណៈ​ ហើយ​ចោរលួច​បាន​ត្រូវ​គេ​កាត់​ដៃចោល​នោះ។

អ្នក​តវ៉ា​ម្នាក់​ឈ្មោះ Sarah Fahim បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅពេល​ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ខាង​ក្រៅ​ស្ថានទូត​ប៉ាគីស្ថាន ​ដែល​នៅ​ទីនោះ​មនុស្ស​ជាង៧០នាក់ ភាគ​ច្រើន​ជា​ស្ត្រី បាន​ប្រមូល​ផ្តុំ​គ្នា។ គាត់និយាយ​ថា «ស្ត្រី​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ ចង់​ឲ្យ​ប្រទេស​ជាតិរបស់​គេ​មាន​សេរីភាព​។​ ពួក​គេ​ចង់ឲ្យប្រទេស​របស់​គេ​មាន​ការកសាង​ឡើង​វិញ។ យើង​មាន​ការ​ធុញ​ទ្រាន់​ណាស់​»។

អ្នក​តវ៉ា​ម្នាក់​ទៀត​អាយុ២៥ឆ្នាំ​ បាន​និយាយ​ថា «យើងចង់​ឲ្យ​ពលរដ្ឋ​ទាំង​អស់​របស់​យើង មាន​ការរស់​នៅ​ជាធម្មតា។ តើ​យើង​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​បាន​យូរ​ប៉ុន្មាន?»។

ហ្វូង​មនុស្ស បាន​កាន់​បដា​និង​ស្រែក​អំពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ពួកគេ​ជុំវិញ​បញ្ហាសន្តិ សុខ ការចាកចេញ​ដោយ​សេរី​ទៅ​ក្រៅ​ប្រទេស​និង​បាន​ចោទប្រកាន់​ពី​ការជ្រៀតជ្រែក​ដោយ​ប្រទេស​ប៉ាគីស្ថាន ដែល​តាម​ប្រវត្តិសាស្ត្រ​មាន​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួក​មេដឹកនាំ​តាលីបង់។

ប៉ាគីស្ថាន​ជា​ប្រទេស​មួយ​នៃ​ប្រទេស​៣​ដែល​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​កាលពី​ពេល​មុន បាន​រងការចោទប្រកាន់​ពី​ការផ្តល់​ទីជម្រក​សុខសាន្ត​ដល់​មេដឹកនាំ​តាលីបង់​បន្ទាប់ ពី​ពួកគេ ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​ដោយ​ការលុកលុយ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​កាល​ពីឆ្នាំ២០០១៕

XS
SM
MD
LG