លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន ត្រូវបានប្រព័ន្ធឃោសនាគាំទ្ររដ្ឋាភិបាលកម្ពុជា Fresh News ដកស្រង់សម្ដីដោយបាននិយាយថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកត្រូវបានលើកពេលហើយ។
កិច្ចប្រជុំកំពូលពិសេសដែលត្រូវធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី២៨និងទី២៩ខែមីនាខាងមុខនេះត្រូវលើកពេលដោយសារតែមេដឹកនាំអាស៊ានមួយចំនួនមានធុរៈមិនអាចចូលរួមបាន។ នេះបើយោងតាមលោក ប្រាក់ សុខុន ប្រាប់សារព័ត៌មាន Fresh News។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃចន្ទកន្លងទៅថា ពេលសហរដ្ឋអាមេរិកប្រកាសកំណត់ថ្ងៃប្រជុំដំបូង បណ្ដារដ្ឋជាសមាជិកអាស៊ាននៅមិនទាន់បានឯកភាពជាមួយសេតវិមាននៅឡើយលើកាលបរិច្ឆេទនេះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញបដិសេធធ្វើអត្ថាធិប្បាយលើដំណឹងអំពីការលើកពេលប្រជុំនេះខណៈលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនទាន់បានឆ្លើយតបនឹងសំណួរសុំបញ្ជាក់របស់វីអូអេនៅឡើយទេគិតត្រឹមរសៀលថ្ងៃពុធនេះ៕