ក្នុងពេលអ្វីដែលទីក្រុងមូស្គូបរិយាយថា ជា«ប្រតិបត្តិការយោធាពិសេស»ចូលឈ្លានពានលុកលុយប្រទេសអ៊ុយក្រែន ចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទទួលជួបសមភាគីម៉ាឡេស៊ីដែលមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ។
ចេញក្រៅជំនួបលោក ហ៊ុន សែន មិនបានធ្វើសេចក្ដីថ្លែងការណ៍នាំមុខអ្វីទេ ទាក់ទិននឹងការលើកទ័ពរបស់រុស្ស៊ីចូលប្រទេសអ៊ុយក្រែន រហូតទាល់តែមានសំណួររបស់អ្នកកាសែតសួរនាំអំពីស្ថានការណ៍ខាងលើ ទើបអ្នកដឹកនាំកម្ពុជា ដែលជាប្រធានអាស៊ានរូបនេះ បន្លឺវាចាដោយប្រុងប្រយ័ត្ន៖
«ប៉ុន្តែព្រឹត្តិការណ៍នៅអ៊ុយក្រែនជាអ្វីដែលយកមកពិភាក្សាក្នុងភាពស្ងាត់ស្ងៀម។ ឯកឧត្ដមនាយករដ្ឋមន្ត្រី Ismail និងខ្ញុំ គឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី»។
យ៉ាងណាក៏ដោយ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនរំលងបានពេលហួសមួយសប្ដាហ៍មកនេះ ប្រតិកម្ម និងជំហររបស់កម្ពុជា និងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញនូវសញ្ញាណ និងកម្រិតមិនធ្លាប់មានមួយ ក្នុងតំបន់យុទ្ធសាស្ត្រដ៏សំខាន់របស់សាកលលោកមួយនេះ។
ក្នុងការបោះឆ្នោតលើសេចក្ដីសម្រេចមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រទេសចំនួន៩ក្នុងចំណោមរដ្ឋសរុប១១នៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផង បានបោះឆ្នោតគាំទ្រការទទូចឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពឈ្លានពានយោធាលើប្រទេសអ៊ុយក្រែន។ ក្នុងតំបន់ដដែលនេះ មានតែឡាវ និងវៀតណាមប៉ុណ្ណោះ ដែលបានបោះឆ្នោតអនុបវាទ។
មិនត្រឹមតែបានបោះឆ្នោតគាំទ្រនោះទេ ក្រោមការបញ្ចុះបញ្ចូលក្រោយឆាកពីសំណាក់ អាល្លឺម៉ង់ ជប៉ុន បារាំង និងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ក៏បានចូលឈ្មោះជាសហស្ថាបនិកផ្ដួចផ្ដើមនៃសេចក្ដីសម្រេចនេះផងដែរ រួមជាមួយប្រទេសសិង្ហបុរី។
នៅមុនការបោះឆ្នោតនៅបុរី New York លោក ហ៊ុន សែន បានផ្ញើសារជូនក្បាលម៉ាស៊ីនដឹកនាំរដ្ឋក្នុងការិយាល័យនយោបាយមជ្ឈឹមបក្សកាន់អំណាច ដែលខ្លឹមសារដើមត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលយកមកផ្សព្វផ្សាយក្នុងអត្ថន័យសម្រង់ដើមយ៉ាងដូច្នេះថា៖
«វាមានការចាំបាច់ យើងសម្រេចធ្វើ Co-Sponsor (សហស្ថាបនិកផ្ដួចផ្ដើម)ជាមួយនឹងប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ដែលនេះ គឺជាជំហរដោយឡែករបស់កម្ពុជា។ សង្ឃឹមថាមិត្តរុស្ស៊ីរបស់យើងនឹងយល់ ព្រោះអ្វីដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជាយើងផ្ទុយនឹងគោលការណ៍របស់កម្ពុជាយើងលើនយោបាយការបរទេស»។
លោក Bilahari Kausikan អ្នកការទូតចូលនិវត្តន៍របស់សិង្ហបុរី បានប្រាប់វីអូអេថា លោកមិនមានការភ្ញាក់ផ្អើលឡើយចំពោះការចេញមុខខ្លាំងក្លារបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នៅ អ.ស.ប. លើសេចក្ដីសម្រេចជំទាស់នឹងសកម្មភាពរបស់រុស្ស៊ី។
«បណ្ដារដ្ឋជាសមាជិកអាស៊ាននានាដែលបានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចនោះ បានធ្វើដូច្នោះដ្បិតចង់បង្ហាញការគាំទ្រដល់ច្បាប់អន្តរជាតិ និងធម្មនុញ្ញ អ.ស.ប. មិនមែនចង់ទៅប្រឆាំងរុស្ស៊ីនោះទេ។ នេះ ជាសង្គ្រាមរបស់ Putin មិនមែនជាសង្គ្រាមរបស់រុស្ស៊ីនោះទេ»។
លោក Kausikan អតីតឧត្តមមន្ត្រីជាលេខាអចិន្រ្តៃយ៍នៅក្រសួងការបរទេសសិង្ហបុរី បានបន្ថែមថា លោកមិនមានជំនឿថា រុស្ស៊ីនឹងធ្វើការតបតអ្វីទៅនឹងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលបោះឆ្នោតគាំទ្រសេចក្ដីសម្រេច អ.ស.ប. ប្រឆាំងនឹងទង្វើខ្លួនឡើយ។
«យ៉ាងណាក៏ដោយរុស្ស៊ីមិនមែនជាដៃគូសេដ្ឋកិច្ច ឬយុទ្ធសាស្ត្រអ្វីសំខាន់សម្រាប់បណ្ដាសមាជិកអាស៊ានឡើយ វៀរលែងតែសម្រាប់វៀតណាម និងមីយ៉ាន់ម៉ា ដែលរុស្ស៊ីជាអ្នកផ្គត់ផ្គង់អាវុធសំខាន់ដល់ពួកគេ។ ដូច្នេះការតបតមកវិញពីសំណាក់រុស្ស៊ី នឹងមានកម្រិត បើសិនវាពិតជាមានការតបតមែននោះ។ ទំនាក់ទំនងរុស្ស៊ី-អាស៊ានកំពុងស្ថិតក្នុងដំណាក់កាលបឋមក្នុងកសាងមូលដ្ឋាននៅឡើយ។ ទីក្រុងមូស្គូប្រហែលជាត្រូវថ្លឹងថ្លែងហើយរវាងការរំខានរយៈពេលខ្លីដែលខ្លួនកំពុងបង្ក ហើយនឹងប្រយោជន៍រយៈពេលវែងរបស់ខ្លួន»។
នៅប្រទេសភូមា របបសឹកនិងរដ្ឋាភិបាលនិរទេសខ្លួនបានបង្ហាញជំហរផ្ទុយគ្នា ដោយរបបសឹកបានសម្ដែងការគាំទ្រដល់រុស្ស៊ី។ រីឯរដ្ឋាភិបាលនិរទេសខ្លួនដែលមានឯកអគ្គរដ្ឋទូតនៅអ.ស.ប. បានសម្ដែងការគាំទ្រដល់អ៊ុយក្រែន និងបានបោះឆ្នោតតំណាងភូមាគាំទ្រសេចក្ដីសម្រេចខាងលើ។
ប្រទេសឡាវ និងប្រទេសវៀតណាម ដែលដូចគ្នានឹងប្រទេសកម្ពុជាមុនឆ្នាំ១៩៩១ដែរ ជារដ្ឋកុម្មុយនិស្ដដែលធ្លាប់រស់នៅក្នុងប្លុកខាងកើតដែលមានសហភាពសូវៀតជារៀមច្បង។
សិង្ហបុរីជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលក្នុងសប្ដាហ៍កន្លងមកបានចូលរួមជាមួយសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង អូស្ត្រាលី និងជប៉ុន ក្នុងការកៀបសង្កត់ទីក្រុងមូស្គូដោយប្រើមធ្យោបាយទណ្ឌកម្មហ៊ុមព័ទ្ធដ៏សម្បើម តបនឹងការឈ្លានពាននេះ។
ប្រទេសហ្វីលីពីន ដែលមានប្រធានាធិបតី Rodrigo Duterte ធ្លាប់សម្ដែងការស្និទ្ធស្នាលនិយមចូលចិត្តលោក Putin នោះ ក៏បានចេញមុខថ្កោលទោសរុស្ស៊ីដែរ។
រុស្ស៊ីបានលើកឡើងថា ខ្លួនលើកទ័ពចូលអ៊ុយក្រែនដើម្បីរំលាយអង្គការចាត់តាំងយោធានិងនយោបាយ និងអ្វីដែលមូស្គូហៅថា ជា«អំពើណាស៊ី»របស់ទីក្រុងគៀវប្រព្រឹត្តលើពលរដ្ឋដែលមានពូជពង្សរុស្ស៊ីលើទឹកដីអ៊ុយក្រែន តែអ៊ុយក្រែនបានបដិសេធការចោទប្រកាន់ទាំងនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ពីរដាច់ដោយឡែករបស់អាស៊ាននៅសប្ដាហ៍កន្លងមកនេះ មិនបាននិយាយពាក្យថា «រុស្ស៊ី»សូម្បីតែមួយម៉ាត់ តែបានស្នើឱ្យមានការដាក់ចេញនូវបទឈប់បាញ់ ការងាកមករកតុចរចា និងការគោរពអធិបតេយ្យ បូរណភាពទឹកដី និងឯករាជភាពរបស់រដ្ឋនីមួយៗដែលមានតម្លៃស្មើៗគ្នា។
លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលីបានលើកឡើងថា ការឆ្លើយតបនៃតំបន់អាស៊ីអាគ្នេយ៍ទៅនឹងវិបត្តិនៅអ៊ុយក្រែនបង្ហាញពីមតិទស្សនៈយល់ឃើញរបស់រដ្ឋនីមួយៗនៅទីនេះលើបញ្ហាសន្តិភាព និងសន្ដិសុខជាតិរបស់គេនីមួយៗ។
អ្នកវិភាគកិច្ចការអន្តរជាតិរូបនេះ បានប្រាប់វីអូអេតាមសារអ៊ីមែលថា៖
«លទ្ធផលបោះឆ្នោត[នៅ អ.ស.ប.] បង្ហាញថា រុស្ស៊ីបានបាត់បង់ឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងយោធារបស់ខ្លួននៅអាស៊ីអាគ្នេយ៍ទៅហើយ។ ... រុស្ស៊ីមិនមានកម្លាំងស្មារតីនិងធនធានសេដ្ឋកិច្ចនិងនយោបាយដើម្បីពង្រាយឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ឡើយ»។
លោក ប៉ូ សុវីនដា ប្រាប់វីអូអេបន្ថែមក្នុងអត្ថន័យដើមថា៖ «ផលប៉ះពាល់នៃសង្គ្រាមនេះមកលើសន្ដិសុខតំបន់អាស៊ីអាគ្នេយ៍មានតិចតួចណាស់។ ក្ដីបារម្ភផ្នែកសន្តិសុខដែលបណ្ដារដ្ឋអាស៊ីអាគ្នេយ៍មាននោះ គឺការបំពានរំលងច្បាប់ទម្លាប់អន្តរជាតិដែលបានការពារបណ្ដារដ្ឋតូចៗតាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក»។
បណ្ឌិត Evan Laksmana អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី NUS លើកឡើងថា អ្នកគន់គូរផ្នែកយុទ្ធសាស្ត្រតាមបណ្ដារដ្ឋនៅអាស៊ីអាគ្នេយ៍ទំនងកំពុងមើលវិបត្តិនេះដោយក្ដីបារម្ភអំពីភាពកម្រោលរបស់មហាអំណាច។
«ការឈ្លានពាននេះ បានប្រាប់ឱ្យយើងដឹងថា កលយុទ្ធតំបន់ប្រផេះដែលមហាអំណាចធំៗ បានកំពុងប្រើប្រាស់ មិនថា នៅអ៊ុយក្រែន ឬសមុទ្រចិនខាងត្បូងទេ ប្រហែលជាប្រផ្នូលផ្ដើមនៃសង្គ្រាមពេញទី ជាជាងជម្រើសផ្សេងទៀត»។
អ្នកស្រាវជ្រាវរូបនេះ ថ្លែងបន្តប្រាប់វីអូអេថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនលើកនេះ មានផលជះលើការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងចិន និងលើការគណនានិងសម្រេចរបស់អ្នកយុទ្ធសាស្ត្រសម្រេចចិត្តសំខាន់ៗនៅទីក្រុងប៉េកាំង ដែលកំពុងតាមដានដកស្រង់មេរៀនពីទង្វើរបស់រុស្ស៊ីថានឹងចំណេញឬខាត។
«ខ្ញុំគិតថាបើតាមមើលការឆ្លើយតបដោយឯកភាពគ្នានៃបណ្ដាសម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិក និងការពង្រឹងការប្ដេជ្ញាចិត្តរបស់អាល្លឺម៉ង់ និងមហាអំណាចអឺរ៉ុបផ្សេងទៀតក្នុងការរុញតបតនឹងរុស្ស៊ីនាខណៈនេះ សង្គ្រាមនេះប្រហែលជាជាក់ស្ដែងជួយដល់ទីក្រុងវ៉ាស៊ីងតោនក្នុងការប្រជែងជាមួយចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កាលមុនពេលអឺរ៉ុបមិនស្រុះស្រួលគ្នា វាជាការចំណេញសម្រាប់ចិន និងជារឿងខាតសម្រាប់អាមេរិក។ ឥឡូវនេះសមីការបានប្រែប្រួលហើយ»។
ចំពោះអ្វីទៅដែលរដ្ឋនៅអាស៊ីអាគ្នេយ៍អាចរៀបចំខ្លួន នៅចំពោះមុខបរិបទនៃឋានានុក្រមសកលលោកថ្មីបង្កើតដោយសង្គ្រាមនៅអ៊ុយក្រែនលើកនេះនោះ លោក Bilahari Kausikan អតីតអ្នកការទូតសិង្ហបុរី បានបន្ថែមថា៖
«យើងគួរឃ្លាំមើលពិនិត្យពិច័យលើប្រយោជន៍របស់យើងខ្លួនឯង និងមិនត្រូវតោងភ្លេចនោះទេថា ករណីយកិច្ចរបស់យើង គឺមិនមែនធ្វើតម្រូវចិត្តអាមេរិក តម្រូវចិត្តចិន ឬតម្រូវចិត្តរុស្ស៊ីនោះទេ យើងឈរជើងនៅទីនេះដើម្បីតម្រូវចិត្តប្រជាជនរបស់យើងផ្ទាល់»៕