វ៉ាស៊ីនតោន - វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាបានគ្របដណ្តប់លើសមាគមអាស៊ានក្នុងរយៈពេលជាង១ឆ្នាំនេះហើយវាបានលេចចេញនូវភាពចម្រូងចម្រាសកាន់តែខ្លាំងនៅពេលកម្ពុជាចាប់ផ្តើមតួនាទីដឹកនាំសមាគមថ្នាក់តំបន់នេះនិងលូកដៃជួយដោះស្រាយ។
អ្នកស្រាវជ្រាវបស្ចិមប្រទេសមើលឃើញថារបៀបដោះស្រាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ដាក់ក្រុមយោធាដោយធ្វើដំណើរទៅជួបមេដឹកនាំយោធាហើយមិនអើពើនឹងក្រុមប្រឆាំងនឹងឈានទៅបរាជ័យក្នុងកម្រិតមួយមិនអាចស្មានបាន។ ទន្ទឹមនឹងនេះវានឹងធ្វើឲ្យសាមគ្គីភាពប្រទេសក្នុងតំបន់កាន់តែចុះខ្សោយហើយប៉ះពាល់ដល់កេរ្តិ៍ដំណែលផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា«តម្លៃនៃគោលនយោបាយបរាជ័យរបស់លោកហ៊ុន សែនចំពោះមីយ៉ាន់ម៉ា»ដែលមជ្ឈមណ្ឌលសិក្សាកិច្ចការអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS)បានចេញផ្សាយកាលពីដើមខែកុម្ភៈ លោកCharles Dunst អ្នកស្រាវជ្រាវមួយរូបនៃមជ្ឈមណ្ឌលនេះលើកឡើងថាសំណួរដែលគេត្រូវសួរគឺមិនមែនថាតើគោលនយោបាយមីយ៉ាន់ម៉ារបស់លោក ហ៊ុន សែន នឹងជោគជ័យឬទេប៉ុន្តែតើវានឹងបរាជ័យយ៉ាងធ្ងន់ធ្ងរដល់កម្រិតណា?
លោក Charles Dunst បានបន្ថែមថា៖
«ខណៈពេលដែលប្រទេសអាស៊ានដូចជា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី (រួមជាមួយបស្ចិមប្រទេស) ជំរុញឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទទួលបានសន្តិភាពនោះ លោក ហ៊ុន សែន បានចាត់វិធានការផ្ទុយពីនេះ។ លោកជឿថា លោកអាចដោះស្រាយស្ថានការណ៍ដោយផ្ទាល់ដោយការពង្រឹងការកាន់អំណាចរបស់របបយោធា»។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមតាំងពីដើមខែកុម្ភៈឆ្នាំមុនបន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យស្របច្បាប់ហើយចាប់មេដឹកនាំដាក់ពន្ធនាគារដោយប្រើប្រាស់បទចោទដែលមានលក្ខណៈនយោបាយនិងមិនសមទំនងជាច្រើនក្នុងនោះមានការធ្វើយុទ្ធនាការល្មើសនឹងបំរាមកូវីដនិងនាំចូលនិងកាន់កាប់វិទ្យុទាក់ទងចំនួន៦គ្រឿងដោយខុសច្បាប់។ វិបត្តិនេះបានឈានមកដល់ជម្លោះប្រដាប់អាវុធនិងវិបត្តិមនុស្សធម៌ដោយមានពលរដ្ឋជាង៤៤ម៉ឺននាក់បានភៀសខ្លួនចេញពីលំនៅដ្ឋានដើម្បីគេចចេញពីការប្រយុទ្ធគ្នាប្រដាប់អាវុធ។
អាស៊ានសម្រេចបានកិច្ចព្រមព្រៀងចំនួន៥ចំណុចដែលស្នើឲ្យបញ្ឈប់ហិង្សា និងបើកការចរចាគ្រប់ភាគីក៏ដូចជាសម្រួលដល់សកម្មភាពមនុស្សធម៌ប៉ុន្តែក្រុមយោធាមិនអនុវត្តបានតាមចំណុចណាមួយឡើយ។ នេះបើតាមការវាយតម្លៃរបស់អ្នកវិភាគ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើដំណើរដោយផ្ទាល់កាលពីដើមខែមករាដើម្បីទំលុះភាពទាល់ច្រកដោយបានជួបមេដឹកនាំរដ្ឋប្រហារ។ ប៉ុន្តែដំណើររបស់លោករងការរិះគន់ជាច្រើនពីអ្នកជំនាញអន្តរជាតិនិងសមាជិកអាស៊ានខ្លះដូចជាម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។
លោកCharles Dunst យល់ថាកត្តាមួយនៃការចូលលូកដៃរបស់លោកហ៊ុន សែនក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាត្រូវបានជំរុញដោយការបញ្ចើចបញ្ចើខ្លួនឯងដែលមេដឹកនាំកម្ពុជាទទួលបានក្នុងប្រទេសថាជា«ស្ថាបនិកសន្តិភាព»។ កត្តាមួយទៀតគឺ ការមិនផ្តល់តម្លៃលើប្រជាធិបតេយ្យ ដោយយល់ថាការមានស្ថិរភាពប្រសើរជាងមានលទ្ធិប្រជាធិបតេយ្យហើយវាគឺជាអ្វីដែលលោកហ៊ុន សែនកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះគឺលោកហ៊ុន សែនមានប្រវត្តិចាត់ទុក«ប្រជាធិបតេយ្យជាប្រភពនៃភាពចលាចលគឺមិនមែនជាវិធីគេចពីភាពចលាចលទេ»ហើយទស្សនៈនេះត្រូវបានក្រុងប៉េកាំងដែលជាមិត្តដែកថែបរបស់កម្ពុជាយល់ដូចគ្នា។
លោកCharles Dunst បានបញ្ជាក់ថា៖
«វិធីសាស្រ្តរបស់លោកចំពោះប្រទេសមីយ៉ាន់ម៉ានឹងមិននាំមកនូវសន្តិភាពដល់ប្រទេសនោះទេ។ ផ្ទុយទៅវិញ វានឹងធ្វើឱ្យស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើង បង្កើនភាពតានតឹងក្នុងអាស៊ាន និងធ្វើឱ្យខូចទំនាក់ទំនងជាក្រុមជាមួយសហរដ្ឋអាមេរិក ដែលទីបំផុតធ្វើឱ្យការអះអាងរបស់អាស៊ានចំពោះមជ្ឈភាពក្នុងតំបន់ចុះខ្សោយ»។
មេដឹកនាំកម្ពុជាបានការពារវិធីសាស្ត្ររបស់លោកក្នុងវេទិការសាធារណៈជាច្រើនហើយបានស្តីបន្ទោសអ្នករិះគន់លោក។ ក្នុងវេទិការមួយកាលពីថ្ងៃទី១៥ ខែកុម្ភៈ លោកហ៊ុន សែនបានថ្លែងថាលោកត្រូវធ្វើក្នុងនាមជាប្រធានអាស៊ានដើម្បីកុំឲ្យរងការរិះគន់ថាជាប្រធានមិនបានធ្វើអ្វីដោយលោកអះអាងថាការធ្វើតាមរបៀបកន្លងមកគឺមិនចេញទេ។
លោកហ៊ុន សែនបានថ្លែងថា៖
«ដំណើរស្វែងរកសន្តិភាពមិនមែនទៅព្រឹកមកវិញបានផលល្ងាចទេ។ អត់ទេ។ ចាំមើលទៅខ្ញុំវាយក្រឡាទុកឲ្យប្រាំឆ្នាំទៀត។ បើសិនតែធ្វើតែរបៀបហ្នឹង៥ឆ្នាំទៅ១០ឆ្នាំឡើងលើ»។
មេដឹកនាំកម្ពុជាយល់ថាដំណោះស្រាយណាមួយក៏ដោយគឺមិនអាចទាត់ចោលក្រុមយោធាដែលកំពុងកាន់អំណាចនៅពេលបច្ចុប្បន្ននេះទេ។ លោកហ៊ុន សែនបានលើកឡើងពីពេលដែលលោករងទណ្ឌកម្មនិងដាក់ឲ្យនៅឯកាក្នុងពេលកន្លងមកជាពិសេសក្រោយពីប្រទេសវៀតណាមបានដាក់ឲ្យកាន់អំណាចដែលនៅពេលនោះមិនសូវមានអ្នកដឹកនាំប្រទេសណានិយាយរកលោកទេប៉ុន្តែពួកគេត្រូវតែបង្ខំចិត្តធ្វើការជាមួយនឹងលោកដោយសារតែក្រុមរបស់លោកនៅកាន់អំណាចជាច្រើនក្នុងប្រទេស។
លោកហ៊ុន សែនបានរំលឹកដល់អ្នករិះគន់មិនចង់ឲ្យមានវត្តមានក្រុមយោធាថាជាការបំបាត់ចោលភាគីដ៏មានអំណាចមួយដែលមិនអាចធ្វើបាន។
លោក ហ៊ុន សែនបានបន្ថែមថា៖
«អ៊ីចឹងតើនេះជាចំណុចបង្រួបបង្រួមជាតិឬជាចំណុចបំផ្លាញចោលនូវរចនាសម្ព័ន្ធកងទ័ពមីយ៉ាន់ម៉ាទាំងស្រុង។ តើគេសុខចិត្តទេ? គេព្រមទេ? គេមានកាំភ្លើងណា»។
លោក ហ៊ុន សែន បានបញ្ជាក់ពីគោលបំណងរួមរបស់លោកថាលោកទៅដាំដើមឈើ មិនមែនកាប់ឈើទេ។ ចំណែកឯប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសដទៃទៀតស្វែងរកការដកចេញ ឬ “កាត់បន្ថយ”។ ប៉ុន្តែលោកCharles Dunst វាយតម្លៃថាការស្រោចស្រពរបស់មេដឹកនាំកម្ពុជាគឺមានទំនោរទៅរកឫសគល់របស់កងទ័ព ដោយជឿថាសភាពការណ៍គឺដូចជានៅកម្ពុជាដែរ ដែលរបបផ្តាច់ការគឺជាឱកាសដ៏ល្អបំផុតដើម្បីស្ថិរភាពនិងសន្តិភាពជាតិ។
លោក Charles Dunst យល់ថាករណីមីយ៉ាន់ម៉ាគឺមិនមែនជាប្រទេសកម្ពុជាទេ ហើយឆ្នាំ២០២០ មិនមែនជាឆ្នាំ១៩៩០ ទេពីព្រោះពលរដ្ឋមីយ៉ាន់ម៉ាបានភ្ជាប់នឹងពិភពលោកតាមបណ្តាញអ៊ីនធឺណិតជាងអ្វីដែលក្រុមយោធាដឹងបន្ទាប់ពីការបើកចំហរក្នុងរយៈពេលជិត១ទសវត្សរ៍មកនេះហើយពួកគេមិនព្រមរស់នៅក្រោមការដឹកនាំនៃរបបយោធាផ្តាច់ការជាថ្មីទេ។ ក្រុមប្រឆាំងក៏មិនសុខចិត្តធ្វើសម្បទានដល់អ្នកឆក់ប្លន់អំណាចដែរ។
កម្ពុជាបានខិតខំជួយសម្របសម្រួលឲ្យរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ាបានចូលរួមកិច្ចប្រជុំចង្អៀតដែលរៀបចំនៅចុងខែមករាប៉ុន្តែត្រូវបានរដ្ឋមន្ត្រីអាស៊ានមួយចំនួនបដិសេធមិនចូលរួមជាមួយ។ ទៅទីបំផុតកិច្ចប្រជុំនោះអាចរៀបចំបាននៅក្នុងរយៈពេល១ខែក្រោយបន្ទាប់ពីកម្ពុជាយល់ព្រមមិនអញ្ជើញតំណាងនយោបាយរបស់មីយ៉ាន់ម៉ាចូលរួម។
ការប្រឈមមួយទៀតគឺការពង្រឹងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកនៅពេលដែលក្រុមមេដឹកនាំត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិកនិងអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី២៨ដល់២៩ខែមីនាដោយនឹងមិនមានវត្តមានមេដឹកនាំនៃរបបយោធា។ លោកCharles Dunst បានថ្លែងថាលោកJoe Biden នឹងមិនផ្លាស់ប្តូរគំនិតរបស់លោកនៅពេលខាងមុខនោះទេ ដោយយោងតាមគំរូដែលបានកំណត់ដោយប្រធានាធិបតី George W. Bush ដែលបានប្រឆាំងនឹងរបបយោធាមុនដោយបដិសេធមិនអង្គុយនៅតុតែមួយជាមួយមេដឹកនាំនៃរបបនោះនិងបញ្ជូនមន្ត្រីថ្នាក់ក្រោមទៅចូលរួមកិច្ចប្រជុំអាស៊ាន។
មន្ត្រីសហរដ្ឋអាមេរិកថ្លែងថាអាមេរិកគាំទ្រសេចក្តីសម្រេចខែតុលាឆ្នាំ២០២១ របស់អាស៊ានក្នុងការរឹតបន្តឹងការចូលរួមរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់ដោយអនុញ្ញាតតែតំណាងដែលមិននយោបាយប៉ុណ្ណោះ។
មន្ត្រីសេតវិមានមួយរូបបានថ្លែងបន្ថែមប្រាប់វីអូអេនៅថ្ងៃចន្ទទី២៨ខែកុម្ភៈក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថារបបយោធាមីយ៉ាន់ម៉ាបានបរាជ័យក្នុងការធ្វើឱ្យមានការវិវឌ្ឍន៍ដ៏មានអត្ថន័យលើកិច្ច ព្រមព្រៀងប្រាំចំណុចរបស់អាស៊ាន ហើយអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការធ្វើឱ្យរបបនេះទទួលខុសត្រូវ។
មន្ត្រីសេតវិមានរូបនោះបានបន្ថែមថា៖
«សម្រាប់យើង សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីបង្កើនសម្ពាធលើរបបយោធា រហូតដល់ផ្លាស់ប្តូរទិស និងអនុញ្ញាតឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ»។
លោកCharles Dunst យល់ថាវិធីដោះស្រាយល្អគឺកម្ពុជាត្រូវធ្វើការជាមួយនឹងបណ្តាសមាជិកអាស៊ានដទៃទៀតនិងសហរដ្ឋអាមេរិកដើម្បីជំរុញឲ្យមានការជួបពិភាក្សាគ្នានិងជំរុញក្រុមយោធាឲ្យគោរពតាមកិច្ចព្រមព្រៀងទាំង៥ចំណុចឲ្យបានជាអតិបរិមា។
លោកCharles Dunst បានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដែលយើងអាចដោះស្រាយស្ថានការណ៍មីយ៉ាន់ម៉ាដោយសន្តិវិធី។ ខ្ញុំមិនគិតថាការចរចាទាំងនោះនឹងកើតឡើងក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែខ្ញុំនៅតែគិតថាអ្នកត្រូវរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការចរចាទាំងនោះ ដោយជំរុញឱ្យកងទ័ពអនុវត្តការព្រមព្រៀងប្រាំចំណុចឲ្យបានកម្រិតអប្បបរមា»។
លោកCharles Dunst ក៏ស្នើឲ្យទទួលស្គាល់ក្រុមប្រឆាំងជាជាងពួកយោធានិងថាត្រូវតែបង្ខំពួកយោធាលើផ្នែកសេដ្ឋកិច្ចដើម្បីឲ្យពួកគេធ្វើសម្បទាន៖
«នៅពេលដែលពួកយោធាមានអារម្មណ៍ថាពួកគេ អស់ធនធាន នោះជាពេលដែលពួកគេអាចចាប់ផ្តើមធ្វើការផ្លាស់ប្តូរ។ អ៊ីចឹងទាល់តែ លោកហ៊ុន សែន ចង់ប្តូរអាកប្បកិរិយាពីមិត្តភាពទៅជាគឃ្លើនជាងនេះបើមិនអ៊ីចឹងទេខ្ញុំមិនគិតថា កម្ពុជានឹងទទួលបានជោគជ័យច្រើនជាងព្រុយណេពីមុនទេ»។
អ្នកស្រី ហ៊ីម សុធារ័ត្ន សាស្រ្តាចារ្យដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ថាអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើកន្លងមកគឺបានល្អជាងប្រធានអាស៊ានមុន។ អ្នកស្រីយល់ថាដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែនទៅមីយ៉ាន់ម៉ាគឺជាការស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការរបស់មេដឹកនាំរដ្ឋប្រហារនិងផ្តល់យោបល់ដែលអាចទទួលយកបានលើគ្រប់ភាគី។
អ្នកស្រីហ៊ីម សុធារ័ត្នបានបន្ថែមថា៖
«បើប្រៀបនឹងប្រទេសដទៃគឺកម្ពុជាអាចផ្តល់លក្ខខណ្ឌល្អចំពោះមីយ៉ាន់ម៉ាផងដែរពីព្រោះថាកម្ពុជាបានយល់និងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជាបទពិសោធនិងមេរៀនរបស់ខ្លួនដែលធ្លាប់ឆ្លងកាត់កាលពីប៉ុន្មានទសវត្សរ៍មុនពាក់ព័ន្ធជាមួយនឹងវិធីសាស្រ្តនៃការដោះស្រាយជម្លោះផ្ទៃក្នុងនិងការផ្សះផ្សារជាតិ»។
លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងជាបេសកជនពិសេសរបស់ប្រធានអាស៊ានបានថ្លែងថាលោកនឹងធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានៅខែមីនានេះប៉ុន្តែមកដល់ត្រឹមថ្ងៃចន្ទទី៧ខែមីនានេះ នៅមិនទាន់មានការប្រកាសពីដំណើរនេះជាសាធារណៈនៅឡើយទេ៕