ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានសម្រេចហាមឃាត់រាល់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នរុស្ស៊ី ដែលជាវិធានការលោកថា «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោក Putin» ខណៈកងទ័ពរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន។
ជំហានថ្មីនេះ ដែលត្រូវបានបង្ហាញនៅក្នុងបទបញ្ជាប្រធានាធិបតី ជាវិធានការចុងក្រោយដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីគាបសង្កត់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោក Putin ជាបុគ្គលដ៏មានទ្រព្យស្តុកស្តម្ភបំផុតមួយរូបលើពិភពលោក ដែលត្រូវអ្នករិះគន់ថាលោកប្រមូលទ្រព្យទាំងនោះដោយទុច្ចរិតពីប្រទេសជាតិដែលនាំប្រេងចេញរបស់លោក។ នៅក្រោមបទបញ្ជាថ្មីនេះ សហរដ្ឋអាមេរិកក៏ហាមឃាត់រាល់ការនាំចូលប្រេងឆៅ ផលិតផលប្រេង ឧស្ម័នធម្មជាតិ ធ្យូងថ្មនិងផលិតផលធ្យូងធ្ម ក៏ដូចជាហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យវិនិយោគក្នុងវិស័យថាមពលរុស្ស៊ីផងដែរ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបាននាំចូលប្រេងឆៅនិងផលិតផលប្រេងចម្រាញ់រួចជិត៧០០.០០០បារ៉ែលក្នុងមួយថ្ងៃពីរុស្ស៊ី ដែលចំនួននេះតិចខ្លាំងជាងបរិមាណប្រមាណដែលអឺរ៉ុបនាំចូលពីរុស្ស៊ី ប្រមាណ ៤,៥លានបារ៉ែលក្នុងមួយថ្ងៃ។
លោក Biden ថ្លែងថា៖ «យើងសម្រេចចាប់ផ្តើមដាក់ការហាមឃាត់នេះ ដោយយល់ច្បាស់ថា សម្ពន្ធមិត្តអឺរ៉ុបរបស់យើងជាច្រើនប្រហែលជាមិនមានលទ្ធភាពចូលរួមជាមួយយើងបានទេ។ សហរដ្ឋអាមេរិកផលិតប្រេងក្នុងស្រុកច្រើនជាងប្រទេសអឺរ៉ុបទាំងអស់បញ្ចូលគ្នា។ ជាការពិត យើងជាអ្នកនាំចេញថាមពល។ ដូច្នេះយើងអាចចាត់វិធានការនេះ ខណៈអ្នកដទៃមិនអាចធ្វើបាន»។
ព្រមពេលជាមួយគ្នានេះដែរ ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារនិយាយថាខ្លួននឹងកាត់បន្ថយបន្តិចម្តងៗរហូតអស់នូវការនាំចូលប្រេងនិងផលិតផលប្រេងពីរុស្ស៊ីត្រឹមដំណាច់ឆ្នាំនេះ។
លោក Biden ក៏បានប្រកាសកាលពីថ្ងៃអង្គារថា សមាជិកអង្គការទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) បានយល់ស្របគ្នាថានឹងបញ្ចេញរួមគ្នានូវប្រេងឆៅប្រមាណ៦០លានបារ៉ែលពីកន្លែងស្តុកប្រេងបម្រុង ដោយអាមេរិកសន្យាថានឹងបញ្ចេញពាក់កណ្តាលនៃបរិមាណនេះ។
លោក Biden ថ្លែងថា លោកបានទទួលការគាំទ្រពីទាំងអ្នកនយោបាយដែលជាសម្ពន្ធមិត្ត និងទាំងពីអ្នកប្រឆាំងនឹងលោក។ សមាជិកព្រឹទ្ធសភាលោក Kevin Cramer នៃរដ្ឋ North Dakota ថ្លែងថា៖ «វិធានការនេះជាជំហានចាំបាច់សម្រាប់ពិភពលោក។ កូនអុកសង្គ្រាមរបស់លោក Vladimir Putin ពឹងអាស្រ័យលើចំណូលដែលបានមកពីការលក់ថាមពល ដោយថាមពលខ្លះលក់ឱ្យពលរដ្ឋអាមេរិក ខណៈដែលយើងមានប្រេងនិងឧស្ម័នគ្រប់គ្រាន់សម្រាប់ខ្លួនយើងរួចទៅហើយ និងគ្រប់គ្រាន់សម្រាប់ពិភពលោកទៀតផង៕»
ព័ត៌មានខ្លះមានប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយលោក សឹង សុផាត