កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន បានបញ្ចប់ទៅកាលពីថ្ងៃសុក្រ ដោយមេដឹកនាំប្រទេសសមាជិកអាស៊ាន និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការប្រយុទ្ធប្រឆាំងនឹងការឆ្លង រាតត្បាតជំងឺសាកលកូវីដ១៩ និងការរួមគ្នាដោះស្រាយវិបត្តិមួយចំនួនដែលកំពុងកើតឡើងនៅប្រទេសភូមា និងអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមរបស់មេដឹកនាំសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។
បើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២២ ក្រុមមេដឹកនាំប្រទេសក្នុងសមាគមអាស៊ាន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការបង្កើនសកម្មភាព និងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការក្នុងដែនសមុទ្រ ការរក្សាសន្តិភាព និងបង្កើនទំនុកចិត្ត បង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងការជំរុញការច្នៃប្រតិដ្ឋ ក៏ដូចជាការគំាទ្រសកម្មភាពអភិវិឌ្ឍន៍អនុតំបន់ និងការដោះស្រាយបញ្ហាអាកាសធាតុ។
អ្នកជំនាញកិច្ចការអន្តរជាតិ ចាត់ទុកលទ្ធផលដែលបានមកពីកិច្ចប្រជុំពិសេសអាមេរិក-អាស៊ាន ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនោះ ថាជាជោគជ័យមួយរបស់សហរដ្ឋអាមេរិក និងអាស៊ាន ដោយថា ការប្រជុំនោះ ត្រូវបានចាត់ទុកថា ជាការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំប្រទេសសមាជិកអាស៊ាន។
ប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិលោក ឈាង វណ្ណារិទ្ធ ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា កិច្ចប្រជុំកំពូលនៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានចាត់ទុកថា ជាជោគជ័យមួយរបស់អាមេរិក និងអាស៊ានក្នុងការរក្សា និងពង្រីកចំណងទាក់ទងរវាងគ្នានិងគ្នាលើគ្រប់វិស័យ។
លោកថ្លែងថា៖ «កិច្ចប្រជុំកំពូលពិសេស អាស៊ានអាមេរិកនេះ យើងអាចវាយតម្លៃបានថាជាកិច្ចប្រជុំមួយដែលមានជោគជ័យខ្ពស់ធំធេង ទីមួយវាជាកិច្ចប្រជុំលើកទីមួយផ្ទាល់រវាងថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក ហើយបានពិភាក្សា ត្រង់ទៅត្រង់ទៅមកទៅលើបញ្ហាជាច្រើន ដែលជាកង្វល់រួមរបស់ អាស៊ាន និងអាមេរិក»។
លោកបន្ថែមថា៖ «ទីពីរ គឺវាឆ្លុះបញ្ចាំងនូវ commitment [ការប្តេជ្ញាចិត្ត] របស់សហរដ្ឋអាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី អាមេរិក អាស៊ាន ទៅលើគ្រប់វិស័យគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ ហើយនិងប្រជាជន និងប្រជាជន ហេដ្ឋារចនាសម្ព័ន្ធហ្នឹងដើម»។
អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ កត់សម្គាល់ទៀតថា សហរដ្ឋអាមេរិកបានបង្ហាញជំហរច្បាស់លាស់មួយ ទាក់ទិនការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពរួមនៅក្នុងតំបន់ ជាពិសេសគឺការស្តារឡើងវិញ វិបត្តិសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិសុខភាពសាធារណៈ ដែលបណ្តាលមកពីជំងឺកូវីដ១៩។
លោក ឈាង វណ្ណារិទ្ធ បន្ថែមថា៖ «អ៊ីចឹង ការធ្វើការរួមគ្នា រវាងសហរដ្ឋអាមេរិក ហើយនិងអាស៊ាន ទាក់ទងបញ្ហាការស្តាឡើងវិញសេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់ ហើយបញ្ហាសន្តិសុខមួយចំនួនទៀត ក៏បានពិភាក្សាដែរ រួមទាំងបញ្ហាសមុទ្រចិនខាងត្បូង ហើយនិងការជំរុញនូវ ទំនាក់ទំនងប្រជាជន និងប្រជាជននៃរវាងអាស៊ាន និងសហរដ្ឋអាមេរិកហ្នឹង»។
បើតាមលោក ឈាង វណ្ណារិទ្ធ ការប្រកួតប្រជែងអំណាចរវាង សហរដ្ឋអាមេរិក និងប្រទេសចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ នឹងកាន់តែកើនឡើងកម្តៅ ដែលការណ៍នេះនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក បោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្ថិតក្នុងភាពជាអ្នកដឹកនាំក្នុងតំបន់នេះទេ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ជឿថា ភាគីសហរដ្ឋអាមេរិក និងអាស៊ានសាទរនឹងលទ្ធផលនៃកិច្ចប្រជុំកំពូលដែលមានរយៈពេល២ថ្ងៃនោះ ក្រោមហេតុផលថា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ជាច្រើន ដែលបំពេញប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីឈានដល់ការជំរុញឱ្យទំនាក់ទំនងភាគីទាំងពីរពីកម្រិតដៃគូយុទ្ធសាស្ត្រដល់កម្រិតគ្រប់ជ្រុងជ្រោយ។
លោកប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា៖ «ចំណុចពិសេសសំខាន់បំផុតនោះ គឺពាក់ព័ន្ធជាមួយនឹងការប្តេជ្ញាចិត្តនៃភាគីទាំងពីរក្នុងការលើកកម្ពស់កម្រិត ទំនាក់ទំនងនឹងភាពជាដៃគូ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ទៅកម្រិតថ្មីមួយទៀតគឺ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយគេរំពឹងថានឹងត្រូវបាន ហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ»។
កិច្ចប្រជុំកំពូលពិសេស-អាមេរិក អាស៊ានដែលទើបបញ្ចប់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ជាលទ្ធផលមួយបានមកពីការដាក់ចេញគោលនយោបាយការបរទេសរបស់រដ្ឋបាលប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិក គឺលោកប្រធានាធិបតី Barack Obama ដែលបានផ្តោតការយកចិត្តទុកដាក់របស់លោកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងខិតខំបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន យល់ថា កិច្ចប្រជុំកំពូលពិសេសអាមេរិក អាស៊ាន ២០២២ បានបើកផ្លូវឱ្យភាគីទាំងពីរកសាងទំនុកចិត្តគ្នាទៅវិញ ទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរខណៈសហរដ្ឋអាមេរិក គឺជាដៃគូពិភាក្សាជាមួយអាស៊ាន។
លោកថ្លែងថា៖ «បើយើងវាយតម្លៃទូទៅ បង្កើននូវការទុកចិត្តគ្នា បង្កើនកិច្ចសហប្រតិបត្តិការ បង្កើននូវសេចក្តីប្តេជ្ញាថា អាមេរិកទោះបីជា ដៃគូពិភាក្សាយ៉ាងណាក៏ដោយ ក៏អាមេរិកគាត់បង្ហាញអំពីគោលជំហរ ធ្វើការជាមួយនឹងអាស៊ានផងដែរ»។
បើតាមលោក ផៃ ស៊ីផាន សហរដ្ឋអាមេរិកបានខិតខំពង្រឹងចំណងទាក់ទងជាមួយអាស៊ាន ដោយសារការសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ច ដែលអាចទាញបានទីផ្សារអាស៊ាន ដែលមានប្រជាជនជាង៦៥០លាននាក់ និងការចង់ជួយជ្រោមជ្រែងឱ្យមានសន្តិសុខលម្ហសមុទ្រដើម្បីបម្រើដល់ប្រយោជន៍ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសជាសមាជិកអាស៊ាន ពោលគឺបញ្ចៀសការបង្កការលំបាកពីមហាអំណាចណាមួយផ្សេងទៀត ទាក់ទងនឹងនាវាចរណ៍ក្នុងដែនសមុទ្រ។
អ្នកនាំពាក្យរូបនេះបន្ថែមថា អាមេរិកក៏បានព្យាយាមបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងបំណងកាត់បន្ថយការរើសអើងជាតិសាសន៍ បង្កើនកិច្ចសហការក្នុងវិស័យអប់រំ និងធ្វើឱ្យប្រសើរឡើងនូវការការពារសុខភាពសាធារណៈ។
លោកផ្តល់សេចក្តីពន្យល់យ៉ាងដូច្នេះ៖ «កាលណានិយាយពីចំណុចតភ្ជាប់ រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ បានសេចក្តីថា នេះជាជ្រុងកាត់បន្ថយនូវភាពរើសអើងក្នុងការថែរក្សាទំនាក់ទំនងល្អ។ និយាយអំពីបន្ថែមទៅទៀត គឺការពង្រឹងបន្ថែមអំពីវិស័យអប់រំ ក៏ដូចជាការរួមគ្នាប្រឆាំងនឹងជំងឺកូវីដ ឬជំងឺដទៃទៀត»។
គួររលឹកឡើងវិញផងដែរថា កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន បានប្រព្រឹត្តទៅ រយៈពេល ២ ថ្ងៃក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២ ដល់១៣ ខែឧសភានេះ ដោយមានការចូលរួមពីមេដឹកនាំមកពីបណ្តាប្រទេសសមាជិកអាស៊ានចំនួន៨ប្រទេស ខណៈប្រទេសហ្វីលីពីនកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរប្រធានាធិបតី។ ចំណែកមេដឹកនាំរបបយោធាលោក Min Aung Hlaing ដែលបានទម្លាក់មេដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាមេដឹកនាំស៊ីវិលជាប់ឆ្នោតគឺលោកស្រី Aung San Suu Kyi តាមរយៈរដ្ឋប្រហារនៅឆ្នាំ២០២១នោះ មិនត្រូវបានអញ្ជើញឱ្យចូលរួមជំនួបកំពូលពិសេសនេះទេ។
យោងតាមសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមដែលចេញផ្សាយជាសាធារណៈលើគេហទំព័ររបស់សេតវិមាន កាលពីថ្ងៃសុក្រទី១៣ ខែ ឧសភា ឆ្នាំ២០២២ បញ្ហានៃការគោរពសិទ្ធិមនុស្សដែលជាចំណុចស្នូលមួយនៃការជំរុញឱ្យមានប្រព័ន្ធប្រជាធិបតេយ្យត្រូវបានរំលេចឡើងត្រួសៗ ដោយសំដៅដល់វិបត្តិផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍បានសរសេរដោយសំដៅដល់វិបត្តិនៅមីយ៉ាន់ម៉ាឬភូមាក្នុងន័យដើមថា៖ «យើងនៅមានក្តីបារម្ភយ៉ាងខ្លាំងអំពីវិបត្តិនៅភូមា។ យើងបន្តគាំទ្រដល់កិច្ចខិតខំរបស់អាស៊ាន ដើម្បីសម្របសម្រួលឱ្យបានដំណោះស្រាយដោយសន្តិវិធីមួយជាប្រយោជន៍នៃប្រជាជនមីយ៉ាន់ម៉ា ក្នុងនោះកិច្ចការនេះក៏នឹងធ្វើឡើងតាមរយៈប្រេសិតរបស់ប្រធានអាស៊ាន នៅក្នុងការកសាងការជឿជាក់ និងទំនុកចិត្តជាមួយលទ្ធភាពដែលអាចបានទៅដល់គ្រប់ភាគីពាក់ព័ន្ធ និងដើម្បីធ្វើការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពទៅឱ្យប្រជាជនមីយ៉ាន់ម៉ា»។
ទាក់ទិនវិបត្តិនៅប្រទេសអ៊ុយក្រែន សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «ក្នុងនាមជាប្រជាជាតិទាំងអស់ យើងបញ្ជាក់ជាថ្មីជំហរនៃការគោរពរបស់ពួកយើងចំពោះ អធិបតេយ្យភាព ឯករាជ្យភាពខាងនយោបាយ និងបូរណភាពទឹកដី...យើងបានបញ្ជាក់ពីសារៈសំខាន់នៃការបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងបង្កើតឱ្យមានបរិយាកាសដែលឈានដល់ដំណោះស្រាយដោយសន្តិវិធី»។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២នេះ បានឆ្លៀតឱកាសក្នុងពេលទទួលទានអាហារជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំប្រទេសសមាជិកអាស៊ានផ្សេងទៀតក្នុងរដ្ឋធានីវ៉ាស៊ីនតោន អញ្ជើញលោក Biden មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលនឹងរៀបចំឡើងជាលើកទី១០នៅប្រទេសកម្ពុជា នាខែវិច្ឆិកា ខាងមុខ។ នេះបើតាមសេចក្តីសង្ខេបព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ។
លោក ហ៊ុន សែន ក៏បានអរគុណ លោកប្រធានាធិបតីនិងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ៕