ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទូចឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រកាន់ជំហររឹងមាំជាងមុន ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែនក្តី ក៏កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានបានបញ្ចប់ទៅនៅថ្ងៃសុក្រ ដោយមិនមានការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះជាសញ្ញាបង្ហាញពីភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលរដ្ឋបាលលោក Biden ព្យាយាមពង្រីកសម្ពន្ធភាពប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ឱ្យលើសពីសម្ពន្ធមិត្តនៅទ្វីបអឺរ៉ុបទៀត។
សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលនេះបាននិយាយថា៖ «ចំពោះបញ្ហាអ៊ុយក្រែន ដូចចំពោះប្រជាជាតិទាំងឡាយដែរ យើងបន្តបញ្ជាក់ជាថ្មីនូវការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដី»។ សេចក្តីថ្លែងការណ៍នេះបានបន្តដោយអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាពនានា និងគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានជៀសវាងធ្វើការរិះគន់ជាសាធារណៈចំពោះការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅលើប្រទេសអ៊ុយក្រែន។ សមាគមអាស៊ានធ្វើសេចក្តីសម្រេចផ្អែកលើគោលការណ៍ឯកច្ឆ័ន ឬកុងសង់ស៊ីស ហើយរដ្ឋសមាជិកមានទស្សនៈខុសៗគ្នា រវាងប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចនិងយោធាស៊ីជម្រៅជាមួយរុស្ស៊ីដូចជាប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ ហើយនិងប្រទេសដូចជាសិង្ហបុរី ដែលជាប្រទេសអាស៊ានតែមួយគត់ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី។ ប្រទេសផ្សេងទៀតដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ព្យាយាមនៅអព្យាក្រឹត។
នៅក្នុងសុន្ទរកថារបស់លោកក្នុងកិច្ចប្រជុំកំពូលនេះ លោក Biden មិនបាននិយាយពីការឈ្លានពានលើអ៊ុយក្រែនទាល់តែសោះ។ លោកបានថ្លែងថា «តំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិកមួយដែលសេរីនិងបើកចំហ មានស្ថិរភាពនិងវិបុលភាព និងភាពរឹងប៉ឹងនិងសុវត្ថិភាព ជាអ្វីដែលយើងទាំងអស់គ្នាប៉ងប្រាថ្នា» ដោយលោកបានយោងទៅរកយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ដែលមានគោលដៅសំខាន់ឆ្លើយតបទៅនឹងការប្រឈមទាំងឡាយដែលបង្កដោយឥទ្ធិពលសេដ្ឋកិច្ចនិងយោធាកើនឡើងរបស់ចិននៅអាស៊ីអាគ្នេយ៍។
អ្នកស្រី Stacie Goddard សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Wellesley College ថ្លែងថា រដ្ឋបាលលោក Biden ដឹងច្បាស់ថា បណ្តាប្រទេសអាស៊ានជាដៃគូចាំបាច់នៅក្នុងការប្រកួតប្រជែងរបស់ខ្លួនជាមួយនឹងចិន។ អ្នកស្រីបញ្ជាក់ប្រាប់វីអូអេថា៖ «អាមេរិកមិនចង់ឱ្យមានរឿងល្អក់កករក្នុងទំនាក់ទំនងដោយសារតែ[ចង់ឱ្យមាន]សេចក្តីថ្លែងការណ៍ចំពោះភាពគគ្លើនរបស់រុស្ស៊ីនោះទេ»។
ហើយសូម្បីតែប្រទេសដែលមានទំនាក់ទំនងមិនសូវជិតស្និទ្ធជាមួយរុស្ស៊ីក្តី ក៏ចាត់ទុករុស្ស៊ីជាមហាអំណាចមួយដែលជួយឱ្យមានតុល្យភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។ ដូចជាមួយបញ្ហាការប្រកួតប្រជែងរវាងអាមេរិកនិងចិនដែរ ប្រទេសអាស៊ានទាំងនេះ ព្យាយាមបញ្ចៀសយ៉ាងណាមិនឱ្យផលប្រយោជន៍របស់ពួកគេត្រូវខូចខាតដោយសារការប្រកួតប្រជែងរវាងមហាអំណាច។
លោក Brian Harding អ្នកជំនាញខាងអាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិក (USIP) បានថ្លែងប្រាប់វីអូអេថា៖ «និយាយឱ្យចំទៅគឺ ប្រទេសអាស៊ានភាគច្រើនមើលឃើញថាការឈ្លានពានលើអ៊ុយក្រែនជារឿងដែលកើតឡើងនៅឯនាយសមុទ្រឆ្ងាយពីខ្លួន ហើយមិនមានប្រយោជន៍អ្វីដែលគួរកាន់ជើងខាងណាទេ»។
សម្ពាធឯកជន
ពួកមន្ត្រីសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថាបញ្ហាអ៊ុយក្រែនស្ថិតខ្ពស់ក្នុងរបៀបវារៈនៃសន្និសីទកំពូលនេះ។ តែការសន្ទនាគ្នាទាំងនោះមិនបានផ្សាយជាសាធារណៈទេ។
លោក Gregory Poling ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ខាងអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិបាននិយាយថា៖ «លោកអ្នកមិនអញ្ជើញភ្ញៀវ៨នាក់ឱ្យធ្វើដំណើរតាមយន្តហោះចម្ងាយពាក់កណ្តាលពិភពលោកដើម្បីធ្វើឱ្យពួកគេមិនស្រួលចិត្តនៅខាងមុខកាម៉េរ៉ាច្រើននោះទេ»។
លោក Poling បាននិយាយប្រាប់វីអូអេថា សេចក្តីថ្លែងការណ៍នេះខ្លាំងជាងសេចក្តីថ្លែងការណ៍មុនៗរបស់ពួករដ្ឋមន្ត្រីការបរទេសអាស៊ានអំពីបញ្ហាប្រទេសអ៊ុយក្រែន ពីព្រោះក្នុងសេចក្តីថ្លែងការណ៍ទាំងនេះគ្មានរួមបញ្ចូលពាក្យពេចន៍អំពី«ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនយោបាយនិងបូរណភាពដែនដីទេ»ដែលលោកបានថ្លែងថាជាការថ្កោលទោសទាំងស្រុងដល់ការលុកលុយរបស់រុស្ស៊ី។
លោក Sarang Shidore ជានាយកផ្នែកការសិក្សានៅវិទ្យាស្ថាន Quincy Institute for Responsible Statecraft។ លោកបាននិយាយបង្ហាញហេតុផលថាសម្បទានរបស់លោក Biden អំពីរុស្ស៊ីជាមួយអាស៊ានបង្ហាញថា ទស្សនៈរបស់លោកអំពីការប្រយុទ្ធជាសាកលរវាង«ពួកប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនិងពួកប្រទេសផ្តាច់ការ»មានអ្នកយល់ដូចលោកតែបន្តិចបន្តួចប៉ុណ្ណោះក្នុងតំបន់នោះ។ លោក Shidore បានថ្លែងប្រាប់វីអូអេថា សហរដ្ឋអាមេរិកគួរពង្រីកឥទ្ធិពលរបស់ខ្លួន«តាមរយៈយុទ្ធសាស្ត្រភូមិសាស្ត្រ-សេដ្ឋកិច្ចដ៏មានទំនុកចិត្តមួយ ជាជាងព្យាយាមផាត់ចោលអ្នកមានមុខនាទីឯទៀតៗខាងភូមិសាស្ត្រនយោបាយ»។
សហរដ្ឋអាមេរិកមិនបានបើកទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាអ្វីដែលប្រទេសជាច្រើនក្នុងតំបន់នោះចង់ឱ្យមានទេ។
ឥណ្ឌូណេស៊ីមានការប្រុងប្រយ័ត្នមុនសន្និសីទកំពូល G-20
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានថ្លែងកាលពីថ្ងៃសុក្រដោយមិនបាននិយាយយោងដល់រុស្ស៊ីថា៖ «សេចក្តីសង្ឃឹមរបស់យើងគឺឃើញសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនចប់ឆាប់រហ័ស ហើយថាយើងបើកឱកាសឱ្យដំណោះស្រាយសង្គ្រាមដោយសន្តិវិធីទទួលបានជោគជ័យ»។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដែលជាប្រធានប្តូរវេននៃក្រុមប្រទេស G-20 មានសេដ្ឋកិច្ចធំៗក្នុងពិភពលោក បានទប់ទល់នឹងសម្ពាធឱ្យផាត់ លោក Putin ចេញពីសន្និសីទកំពូលដែលលោកគ្រោងនឹងរៀបចំនៅកោះ Bali ក្នុងខែវិច្ឆិកា បើទោះជាមានការគំរាមកំហែងធ្វើពហិការដោយលោក Biden និងពួកមេដឹកនាំលោកខាងលិចឯទៀតៗក៏ដោយ។
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានជិតចេញពីតំណែង មិនបានឆ្លើយតបនឹងសំណួររបស់វីអូអេអំពីថាតើលោក Biden នឹងជំរុញលោក Widodo មិនឱ្យអញ្ជើញលោក Putin ចូលរួមក្នុងសន្និសីទកំពូលនោះឬយ៉ាងណាទេ ដោយលោកស្រីបាននិយាយជាថ្មីទៀតថា លោក Biden នៅតែរក្សាគោលជំហរលោកថាក្រុមប្រទេស G-20 «មិនគួរមានដំណើរការដូចធម្មតាទៀតទេ»៕
ប្រែសម្រួលដោយលោក សឹង សុផាត និងលោក ឈឹម សុមេធ